សិល្បៈជាតិ៖ នៅរាត្រីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ យុវតី គង់​ ចន្ទ័ណារីយ៉ា ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា បានដណ្ដើមមកុដពីកម្មវិធី Miss​ Teen​ Global​ International​ 2023​ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

យុវតីរូបនេះ គឺជាយុវតីកម្ពុជាដំបូងគេបង្អស់ដែលឈ្នះមកុដដ៏អស្ចារ្យមួយនេះ ខណៈដែល 1st Runner Up បានលើប្រទេសថៃ 2nd Runner Up បានលើប្រទេសហ្វីលីពីន 3rd Runner Up បានលើប្រទេសម៉ាឡេស៊ី និង 4th Runner Up បានលើប្រទេសឥណ្ឌូនេស៊ី។

គេអាចនិយាយបានថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំមាសសម្រាប់បវរកញ្ញាកម្ពុជាយើង ខណៈដែលយុវតីកម្ពុជាពោរពេញដោយសមត្ថភាព ភាពក្លាហ៊ាន ប្រាជ្ញា អាចដណ្ដើមមកុដពីកម្មវិធីប្រកួតសម្រស់កម្រិតពិភពលោកបាន រហូតធ្វើមជ្ឍដ្ឋានអ្នកគាំទ្រវិស័យបវរកញ្ញាស្ញើចសរសើរពីកម្ពុជាយើងខ្លាំង។

សម្រាប់យុវតី គង់​ ចន្ទ័ណារីយ៉ា គឺជាបវរកញ្ញាលំដាប់រងទី៣ Miss Preteen International Cambodia 2022 ហើយបានគ្រងតំណែង Miss Teen Global Cambodia ចេញទៅប្រកួតលើឆាកអន្ដរជាតិកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ នេះហើយ។ នៅអំឡុងពេលប្រកួត យុវតីតំណាងកម្ពុជារូបនេះបាននាំឈុតតំណាងជាតិ «កុលស្ត្រីនៃសន្តិភាព» នឹងបានឈ្នះពានរង្វាន់ Best National Costume ផងដែរ។

សូមជម្រាបថា យុវតី គង់​ ចន្ទ័ណារីយ៉ា ឆ្នាំនេះមានវ័យ ១៤ ឆ្នាំ និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ មកុដដែលបវរយុវតីរូបនេះនឹងនាំមកកម្ពុជាវិញ គឺពិតជាធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជំនួស និងរង់ចាំស្វាគមន៍ប្អូនស្រីនាថ្ងៃត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ។

Share.