សិល្បៈជាតិ៖ គិតរហូតមកទល់ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ កម្ពុជាយើងមានយុវតី ៣ រូបហើយ ដែលបានដណ្ដើមមកុដឈ្នះពីកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ ៣ កម្មវិធីផ្សេងៗគ្នា។ ថ្ងៃនេះសារព័ត៌មានត្រយងនឹងនាំអារម្មណ៍ប្របិយមិត្តទាំងគ្នាស្គាល់ពីបវរកញ្ញាយុវតីតំណាងឱ្យកម្ពុជាយើងទាំង ៣ រូបនេះ។ តោះ! មកតាមដានទាំងអស់គ្នា៖

1-យុវតី ឃឿន ប៉ូលីកា

សម្រាប់ប្អូនស្រី ឃឿន ប៉ូលីកា ទើបតែមានវ័យ ១៤ ឆ្នាំ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញនៅក្នុងប្រទេសថៃ​ ក្នុងការ​ដណ្ដើម​យក​ជ័យជម្នះ​ពីកម្មវិធី Miss Pre Teen International 2023។ ប្អូនស្រីគឺជាបវរកញ្ញាកម្ពុជាដំបូងគេបង្អស់ដែលអាចបំបែកប្រវត្តិសាស្ត្រថ្មីនេះមកជូនមាតុភូមិប្រទេសយ៉ាងមានមោទនភាព។

2-យុវតី គង់​ ចន្ទ័ណារីយ៉ា​

ប្អូនស្រី គង់​ ចន្ទ័ណារីយ៉ា​ ក៏ជាយុវតីកម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះមកុដពីកម្មវិធី Miss​ Teen​ Global​ International​ 2023 ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ក្នុងនោះដែរ ជយលាភីលំដាប់រងទី ១ (1st Runner Up) បានលើប្រទេសថៃ លំដាប់រងទី ២ (2nd Runner Up) បានលើប្រទេសហ្វីលីពីន លំដាប់រងទី ៣( 3rd Runner Up )បានលើប្រទេសម៉ាឡេស៊ី និងលំដាប់រងទី ៤ ( 4th Runner Up ) បានលើប្រទេសឥណ្ឌូនេស៊ី។ សូមជម្រាបថា គង់​ ចន្ទ័ណារីយ៉ា គឺជាបវរកញ្ញាលំដាប់រងទី៣ Miss Preteen International Cambodia 2022 ហើយបានគ្រងតំណែង Miss Teen Global Cambodia 2023។

3-យុវតី ឆដា មុនីនាថ

ចំពោះយុវតី ឆដា មុនីនាថ ក៏ជាយុវតីតំណាងឱ្យកម្ពុជាមានវ័យ ១២ ឆ្នាំ ឈ្នះបានមកុដ Little Miss Global 2023 បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ីដូចគ្នា ខណៈដែល 1st Runner Up បានទៅប្រទេសថៃ 2nd Runner Up ប្រទេសម៉ាឡេស៊ី 3rd Runner Up ប្រទេសបូតស្វាណា និង 4th Runner Up ប្រទេសឥណ្ឌូនេស៊ី។ ឆដា មុនីនាថ បានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ជាពិសេសប្អូនស្រីមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួនឯងខ្លាំងតែម្ដង។

សូមបញ្ជាក់បន្ថែមថា យុវត្តីទាំងបីរូបខាងលើនេះ គឺជាម្ចាស់ជ័យលាភី នឹងមកពីកម្មវិធី Miss Preteen International Cambodia 2022។

Share.