សិល្បៈជាតិ៖ រឿងភាគបុរាណខ្មែរដែលមានចំណងជើងថា «ម្ចាស់​កី​តម្បាញ​» បានប្រកាសសម្ពោធថ្ងៃចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីរាត្រីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ដែលមានវត្តមានតារាសម្ដែងជាច្រើនដួងចូលរួមអបអរសាទរ។

ជាការស្រាយចម្ងល់ប្រាប់មហាជនអ្នកគាំទ្រ លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង និងលោក យូ សុភា ដែលជាអ្នកនិពន្ធសាច់រឿងទាំងមូល បានឡើងមកអង្គុយនៅលើវេទិកាខាងមុខផ្ទាំង LED ដើម្បីឆ្លើយនៅសំនួរជាច្រើនឱ្យមហាជនបានជ្រាបបន្ថែម។

សម្រាប់លោក កៅ សីហា បានលើកឡើងថា ចំណុចសំខាន់នៃសាច់រឿងដែលមានភាពទាក់ទាញចិត្តមហាជនអ្នកទស្សនាឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ការបង្ហាញពីកេរ្ដិ៍តំណែលនៃវប្បធម៌ត្បាញហូលសូត្រខ្មែរនាសម័យ​លង្វែក​ ដែលកាលនោះ ខ្មែរយើងមានភាពរីកចម្រើនបំផុត និងជាយុគនៃការត្បាញហូលផាមួង។ លោកបន្តថា ក្រៅពីនោះរឿងភាគនេះក៏ឆ្លុះបង្ហាញពីម៉ូដសក់ផ្កាថ្កូវ ដែលនារីខ្មែរគឺនិយមកាត់នាសម័យលង្វែក។

ជាមួយគ្នានោះដែរ លោក យូ សុភា ដែលជាអ្នកនិពន្ធរឿងនេះផ្ទាល់បានលម្អិតប្រាប់ថា កន្លងមកស្ថានីយទូរទស្សន៍ហង្សមាស បានផលិតរឿងភាគបែបសម័យបច្ចុប្បន្ន និងសម័យអណានិគមបារាំងរួចមកហើយ ប៉ុន្តែនៅតែសម័យលង្វែកទេដែលមិនទាន់បានផលិត។ រឿងនេះបានលើកយកកីត្បាញជាស្នូលនៃសាច់រឿង ដោយសាររឿងស្ថិតក្នុងយុគសម័យលង្វែកវប្បធម៌ខ្មែរមានភាពល្បីល្បាញជាច្រើនដូចជា ការចូលម្លប់ និងផ្នែកតម្បាញសូត្រ ជាដើម។ ភាពច្នៃប្រឌិតនៃរឿងនេះ បានបង្ហាញពីទំនាស់ក្នុងគ្រួសារ ប្ដីប្រពន្ធ កម្មករនិងចៅហ្វាយនាយ ដែលធ្វើឱ្យសាច់រឿងប្រទាក់ក្រឡាគ្នាខ្លាំង គួរឱ្យចង់តាមដានមិនដាច់ភាគ។

អ្នកដឹកនាំរឿង កៅ សីហា បានលើកឡើងពីផលលំបាកនៃការផលិតរឿងភាគបុរាណខ្នាតធំនេះថា រឿងភាគនេះគឺថតនៅក្នុងអំឡុងពេលកូវីដ ១៩ ជាវេលាដែលប្រទេសមានការបិទខ្ទប់តាមតំបន់។ ជាក់ស្ដែងលោក​ និងក្រុមការងារ តួសម្ដែង គឺកំពុងតែថតនៅក្នុងខេត្តសៀមរាប ដែលពិបាកបំផុតនោះគឺការចល័តទីតាំងថត។ លោកថា អំឡុងពេលនេះ កីតម្បាញ គឺជាពិបាកក្នុងការស្វែងរក និងប្រមូល ជាពិសេសកីបុរាណរបស់ខ្មែរ ដែលលោកត្រូវប្រមូលបានមកពីខេត្តតាកែវ កោះដាច់ កោះឧកញ៉ាតី និងបាគង ដើម្បីតំឡើងជារោងសប្បកម្មមួយនៅក្នុងរឿង។

លោក កៅ សីហា បានដាក់ការរំពឹងខ្ពស់ខ្លាំងមែនទែនចំពោះការគាំទ្រភាពយន្តខ្មែរមួយនេះ ព្រោះថា ក្រៅពីផ្ដល់អត្ថប្រយោជន៍នៃការទស្សនាយល់ដឹងពីតម្លៃកីតម្បាញខ្មែរហើយ រឿងភាគនេះក៏បានលើកកិត្យនុភាពនៃវប្បធម៌ខ្មែរយើងឱ្យរស់ឡើងវិញនូវការគាំទ្រលើកស្ទួយនូវកីត្បាញខ្មែរ សូត្រខ្មែរ ហូលខ្មែរ។ លោកបានអំពាវនាវឱ្យមហាជនកុំភ្លេចរង់ចាំទស្សនារឿងភាគបុរាណមួយនេះ ដែលមានខ្ទង់ចំណាយរាប់ម៉ឺនដុល្លារក្នុងការផលិត។

សូមជម្រាបថា តួអង្គសំខាន់ៗដូចជា សួន ពិសិដ្ឋ (ផាន់) អ្នកនាង សឿ សុធារ៉ា (នាងនួន) ញឹមចាន់ថន (នាងណយ) កញ្ញា ខ្លឹម ស្រីគា (នាងនឿន) លោក សំនៀង (សេដ្ឋីភោគ) កញ្ញា ម៉ាច ដាវី អ្នកនាង ម៉ានីកា និងតារាល្បីៗជាច្រើនដួងទៀតចូលរួមសម្ដែង។ រឿងភាគបុរាណ «ម្ចាស់កីតម្បាញ» មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃនេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨-៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងនៅលើហ្វេសប៊ុក៕

Share.