សិល្បៈជាតិ៖ ពិធីករទូរទស្សន៍ម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកខឿនថ្មឡើងស្ពាន អាកាសក្បាលថ្នល់បណ្តាលខ្ទេចមុខរថយន្តកាលពីយប់មិញនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមទម្លាយអត្តសញ្ញាណថាជា VJ Dada ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ខាងជើង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានឱ្យដឹងថា ខ្លួនបានជិះរថយន្ត ម៉ាក ព្រូស ពណ៌ស ដែលមាន ពាក់ស្លាកលេខ ភ្នំពេញ 2BM.1170 បេីកទិសដៅពីជេីងមកត្បូង ស្រាប់តែមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាក់ មកបុកចំខាងឆ្វេង បណ្ដាលអោយរថយន្ត ព្រូស រុលទៅខាងមុខ បុកជាមួយនឹង ខឿន ថ្មបណ្តាលអោយរថយន្តខូចខ្ទេចមុខផ្នែកខាងឆ្វេងយ៉ាងដំណំ។ ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន បានមកដល់ទីតាំងកើតហេតុធ្វើវាស់វែង រួចយករថយ្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។

ក្រោយពីការទម្លាយរបស់អ្នកលេងបណ្ដាញសង្គមដែលបានចែកចាយនៅលើហ្វេសប៊ុក ត្រយងកំពុងព្យាយាមសុំសម្ភាស VJ Dada បន្ថែមនៅរសៀលនេះ ដើម្បីបញ្ជាក់បន្ថែម៕

Share.