កំពុងបង្ហាត់សិស្សគុនក្នុងទ្វីបអឺរ៉ុបជាច្រើននាក់លោក ធីម សៀងហៃ គ្រូបង្ហាត់គុនខ្មែរ កំពុងរស់នៅ ក្នុងប្រទេសបារាំងបានបង្ហាញការសាទរចំពោះការដាក់កីឡា«គុនខ្មែរ»ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបាន​ប្រាប់​សាព័ត៌មាន ត្រយង តាម​រយ:សារ​ហ្វេស​បុក​ថា៖ «ក្នុង​នាម​ខ្ញុំជា​អ្នក​ស្រលាញ់​គុនខ្មែរ និង​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ខ្ញុំពិត​ជា​មាន​អារម្មណ៍​សប្បាចិត្ត​នៅ​ពេល​ដឹង​ថា គុនខ្មែរ បាន​ក្លាយ​ជា​កីឡា​មួយ​ដាក់​បញ្ជូល​ក្នុង​ស៊ីហ្គេម។ ខ្ញុំគិត​ថា​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​បង្ហាញ​ពី​គុនខ្មែរ ទៅ​កាន់​បណ្ដាល​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ស្គាល់​កាន់​តែ​ជាក់​លាក់​បន្ថែម​ទៀត​»។

លោក​បន្ថែម​ថា៖ «វា​គឺជា​ជោគ​ជ័យ​ថ្មី​មួយ​សម្រាប់​កូន​ខ្មែរ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន ហើយ​បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេមរួច នឹង​មាន​បរទេស​កាន់​តែ​ច្រើន​បាន​ស្គាល់ គុនខ្មែរ ថែម​មួយ​កម្រិត​ទៀត។ លោក បង្ហាញ​ការ​ជឿ​ជាក់​លើកីឡាករ​គុន​ខ្មែរ ក្នុង​ការ​ចូល​រួម​ប្រកួត​នៅ​ស៊ី​ហ្គេម ដោយ​ឃើញ​ពី​ការ​ខិតខំប្រឹង​ហ្វឹក​ហាត់​របស់​ពួក​គាត់​ដើម្បី​ចាប់​ដៃ​គ្នា​រក​ភាព​ជោគជ័យ​ជូន​ជាតិ​នៅ​ស៊ីហ្គេម ឆ្នាំ២០២៣​នេះ»។

ជាអ្នកមាន​ស្រុក​កំណើត​នៅខេត្តកោះកុង លោក ធីម សៀងហៃ គឺ​ជាកូន​ខ្មែរ​សុទ្ធសាធ​ដែល​ស្រលាញ់​​ការ​​ហាត់​ប្រដាល គុនខ្មែរ តាំង​ពី​តូចៗមក ដោយ​មាន​ឈាម​ឪពុក និង​ពូជា​អ្នក​ប្រដាល់ ស្រាប់​ក៏​បាន​ជម្រុញ​ឲ្យ​លោក​កាន់​តែ​មាន​ដុង​ក្នុង​វិស័យប្រដាល់​គុន​ខ្មែរ​។ កាល​នៅ​តូច​លោក​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ជា​ច្រើន​ទាំង​នៅ​តាម​វត្ត រហូត​ដល់​ថ្នាក់​ជាតិ និ​ងអន្តរជាតិ។

លោក សៀងហៃ ធ្លាប់​ចូល​រួម​ប្រកួត​ជ្រើសរើសជើងឯក​នៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ និង​ធ្លាប់​ទទួលបានចំណាត់ថ្នាក់ជើងឯកអរន្តជាតិនៅចិន ចំណាត់ថ្នាក់លេខ៣ នៅដើមឆ្នាំ២០២២ លោក​ទទួលបាននៅចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្ដើមខ្សែរក្រវ៉ាត់របស់ស្ថាប័ន AFMT ដែលជ្រើសជើងឯកប្រចាំប្រទេសបារាំង។​

ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​ក្បាច់​គុនប្រដាល់ លោក​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០១៦ ដោយ​បង្ហាត់តិចតួច​ជា​ម៉ោង​ឯក​ជន​ដោយ​ធ្វើ​ការ​ទាតក់​ទង់​ជាមួយជនបរទេស ដោយ​ខ្លួន​ឯង​នៅ​ភ្នំពេញ បន្ទាប់​មក​ក្នុង​ឆ្នាំ២០១៩ លោក​ក៏​មាន​ឱកាសបានឈានជើងមកធ្វើជាគ្រូបង្វឹកនៅប្រទេសបារាំងផ្ទាល់ តាម​រយ:ម្ចាស់​ក្លិបសមាគមគុនខ្មែរ នៅប្រទេសបារាំង។

បច្ចុប្បន្ន​លោក​កំពុង​បម្រើស​ការ​នៅ​ក្នុង​ក្លិបសមាគមគុនខ្មែរ នៅក្នុងទីក្រុង បុកដូ ដែល​ជា​កម្មសិទ្ធ​របស់​កូនខ្មែរកាត់​បារាំង​មួយ​រូបដែល​ជា​អ្នក​ស្រលាញ់​ និងចង់ផ្សព្វផ្សាយគុនខ្មែរ​នៅ​បរទេស និង​កំពុង​មាន​ការ​គាំទ្រយ៉ាង​ខ្លាំង​សម្រាប់​បរទេស​ដែលមកហ្វឹកហាត់ជាមួយលោកផ្ទាល់ ដោយ​ជា​គ្រូ​គុនខ្មែរ៕

រូបភាព៖ ផ្ដល់ឲ្យ

Share.