ចាប់ពីខែមីនា ឆ្នាំ២០២៣ តទៅនឹងចាប់ផ្តើមរៀបចំទីតាំង ការទទួលចុះឈ្មោះអ្នកសារព័ត៌មាន និង​ការ​ធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ ក្នុងកិច្ចការចុងក្រោយ ដែលយើងនៅសល់ ៨៨ថ្ងៃទៀត ដល់​ថ្ងៃពិធីបើកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បាន​មាន​ប្រសាសន៍​ថា៖ «CAMSOC នឹង​ខិតខំ​លើក​ទឹកចិត្ត​ក្នុង​គោលដៅ​ឲ្យ​អ្នក​សារព័ត៌មាន​អន្តរជាតិមានភាពកក់ក្តៅ ក្នុង​ការ​លើក​កម្ពស់​ដល់​ការផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ពីភាព​វិជ្ជមាន ការខិតខំប្រឹងប្រែងរបស់យើងនៃមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាពិសេសគឺសមិទ្ធផលដ៏អស្ចារ្យនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមសន្តិភាព និង​ការ​អភិវឌ្ឍ នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តរៀបចំស៊ីហ្គេម ដូចជាសៀមរាប ព្រះសីហនុ កែប កំពត ដែលជាខេត្តគោលដៅទេសចរណ៍ពិសេសៗរបស់កម្ពុជាផងដែរ»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ដូច្នេះ សារព័ត៌មានជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពីត​ថភាព​នូវ​អ្វី​ជា​សច្ចៈ​ភាព​របស់​កម្ពុជា នា​ពេលបច្ចុប្បន្ន​ទៅ​កាន់​ពិភពលោក ដោយ​ប្រជាជន​នៅ​លើ​ពិភព​លោក​កំពុង​តែ​ត្រៀម​ផ្តោត​ចក្ខុមកកាន់កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍​កីឡាដ៏អស្ចារ្យនេះ»។ ឯកឧត្តម បន្តថាវិស័យ​សារព័ត៌មាន​ត្រូវ​បាន​ចាត់​ទុកថា​ជា​កញ្ចក់​ឆ្លុះបញ្ចាំងពីតថភាពនូវអ្វីជាសច្ចៈភាពរបស់កម្ពុជា នា​ពេលបច្ចុប្បន្ន​ទៅ​កាន់​ពិភព​លោក​ឲ្យ​កាន់​តែ​ជ្រួតជ្រាប ដែល​ប្រជាជន​នៅ​លើ​ពិភពលោក​កំពុង​តែ​ត្រៀម​ផ្តោត​ចក្ខុមកកាន់កម្ពុជា តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ដ៏អស្ចារ្យ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ៦៤ឆ្នាំ។

ឯកឧត្តមអគ្គលេខាធិការក៏បានលើកបង្ហាញពីភាពលម្អិតលើផែនការនេះ ដោយ​ការផ្ស​ព្វផ្សាយ​ត្រូវបាន​ចែកចេញជា២៖

ទី១. គឺការផ្សព្វផ្សាយពីការថតផលិតលើ១៥ប្រភេទកីឡាដែលមានប្រជាប្រិយភាព ដោយផលិតពី ក្រុម ផលិតឯកជន ឬដោយក្រុមជំនាញអន្តរជាតិឲ្យបានក្នុងកម្រិតគុណភាពស្តង់ដាអន្តរជាតិ ហើយ​បញ្ជូន​ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយឥតគិតថ្លៃ។

ទី២. ចំណែកឯច្រើនជាង១៥ប្រភេទកីឡាទៀត គឺផ្តល់ជូនដល់ស្ថានីយទូរទស្សន៍នានា ក្នុងស្រុក ដែលមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការផ្សាយផ្ទាល់។

ក្នុងនោះ ឯកឧត្តមបានលម្អិតដល់ការរៀបចំថា តើ​ទូរទស្សន៍ណា​ទទួល​បាន​សិទ្ធិផ្សាយ​ផ្ទាល់​ប្រភេទ​កីឡា​ណា​ខ្លះ អាស្រ័យដោយការរៀបចំរបស់ឯកឧត្តម ផុស សុវណ្ណ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ក្រោមការឯកភាពពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន គណៈ​កម្មាធិការជាតិ CAMSOC រួមទាំងការឯកភាពពីថ្នាក់ដឹកនាំ CAMSOCផងដែរ៕

ប្រែសម្រួលពី៖ Cambodia 2023

Share.