សិល្បៈ​ជាតិ​៖​ ថ្មីៗ​នេះ​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​ និង​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើននាក់​​បាន​រិះគន់​ខ្លាំង​ចំពោះ​ការ​សម្ដែង​របស់​ នាយ​គ្រឿន​ ដោយ​បាន​យួរ​ក​សត្វ​ឆ្មា​ហើប​ផុត​ពី​ដី​។ ​ទង្វើ​នេះ​ពួក​គេ​ចាត់​ទុក​ថា​ ជា​ទង្វើ​មិន​សមរម្យ​ និង​ជា​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​សត្វ​ឆ្មា​។​

អ្នក​រិះ​គន់​បាន​លើក​ឡើង​ថា​៖«​ រិះគន់​ដើម្បី​ស្ថាបនា​: ត្រង់​ចំនុច​បង​គ្រឿន​លើក​ឆ្មា​ កាន់​តែ​ខ្សែ​ រឹត​តឹង​ក​ឆ្មា​ សម្រាប់​​អ្នក​ស្រលាញ់​សត្វ​មិន​ល្អ​មើល​ទេ ​ខ្ញុំ​ក៏​ជា​អ្នក​ចូល​ចិត្ត​មើល​កម្មវិធី​បង​ៗ​ដែរ​ »​។​

ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​រិះគន់​ថា​ ៖ « ត្រង់​នាទី​នេះ​ សកម្មភាព​អ្នក​ធ្វើ​ យក​ខ្សែ​ទាញ​ក​ឆ្មារ​ឡើង​លើ​ មាន​គិត​អត់​ទេ​ គិត​ថា​ធម្មតា​ៗ​មែន​ លើក​ក្រោយ​ៗ​សម្ដែង​ សូម​ប្រុងប្រយ័ត្ន​ផង​ចំពោះ​អ្នក​ស្រឡាញ់​សត្វ​ ទង្វើ​នេះ​មិន​ធម្មតា​ទេ ​..»។

បន្ទាប់​ពី​មាន​ការ​លើក​ឡើង​នូវ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ គេ​បាន​ឃើញ​ នាយ​គឿន​ បាន​បង្ហោះ​សារ​សុំទោស​ទៅ​កាន់​មហាជន​អ្នក​គាំទ្រ​ ដោយ​លោក​រៀបរាប់​ថា ​៖ «​សូម​អភ័យ​​ទោស​បងប្អូន​ខ្ញុំ​ដឹង​ខុស​ហើយ​នូវ​ការ​សម្ដែង​លេង​យួរ​ឆ្មា​ភ្លេច​ខ្លួន​ នឹក​ឃើញ​ថា​ក្រឡៅ​ករ​ឆ្មា​ធំ​ដែរ​ យួរ​មួយ​ភ្លែត​វា​មិន​អី​ សត្វ​ឆ្មា​ខ្ញុំ​មិន​ស្រលាញ់​ក៏​ខ្ញុំ​មិន​ស្អប់​ដែរ​ បើ​ម្ចាស់​ឆ្មា​មិន​សប្បាយ​ចិត្ត​ប្ដឹង​ឬ​ឱ្យ​ខ្ញុំ​សូម​ទោស​ឆ្មា​ក៏​ខ្ញុំ​ព្រម​ តែ​ខ្ញុំ​អន់​ចិត្ត​មាន​បងប្អូន​ ប្រមាថ​ជីវិត​ខ្ញុំ​ តែ​មិន​អី​ទេ​ខ្ញុំ​ធ្វើ​បុណ្យ​បាន​ខ្លះ​ដែរ​ បើ​មាន​ជាតិ​ក្រោយ​សូម​កើត​ជា​សត្វ​ទៅ​នៅ​ភព​ផ្សេង​»​។​

ជាមួយ​គ្នា​នេះ​ដែរ​ ខាង​ក្រុម​ការងារ​របស់​ផលិតកម្ម​ 9​ Colors​ Production​ ក៏​បាន​បង្ហោះ​លិខិត​សូម​អភ័យ​ទោសមួយ​សន្លឹក​ ​ទៅ​កាន់​សាធារណជនអ្នក​គាំទ្រ​​ដែល​មាន​ខ្លឹម​សារ​ទាំងស្រុង​ថា​ ៖​«​ក្រុម​ការងារ​ផលិតកម្ម​ 9​Colors​ Production​ សូម​អធ្យាស្រ័យ​ពី​ទស្សនិកជន​ ទាំង​អស់​ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​របស់​តារា​កំប្លែង​យើង​គឺ​នាយគ្រឿន​ ដែល​បាន​កើត​ឡើង​អំឡុង​ពេល​សម្ដែង​ជាមួយ​សត្វ​ឆ្មា​នៅ​ក្នុង​កម្មវិធី​ 168​យប់។​ តាមរយៈ​សំណេរ​របស់​នាយ​គ្រឿន​ គាត់​គ្មាន​ចេតនា​ធ្វើ​បាប​សត្វ​នោះ​ទេ​ ​សង្ឃឹម​ថា​ទស្សនិកជន​ទាំងអស់​នឹង​យោគយល់​អធ្យាស្រ័យ​ចំពោះ​កំហុស​ឆ្គង​ដោយ​ អចេតនា​នេះ​។​ ក្រុម​ការងារ​ របស់​ផលិតកម្ម​ 9Colors​ Production​ សូម​ថ្លែង​អំណរ​គុណ​ ចំពោះ​មតិ​កែ​លម្អ​ពី​ទស្សនិកជន​និង​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ផលិតកម្ម​យើង ​នា​ពេល​កន្លង​មក​។​

សូមជម្រាប បើតាម​ការ​កត់​សម្គាល់​ រហូត​មក​ទល់​ពេល​នេះ ​មហាជន​ហាក់​បើក​ចិត្ត​ទទួល​យក​ការ​កែ​លម្អ​ឡើង​វិញ​របស់​ផលិតកម្ម​ និង​តារា​កំប្លែង​នាយ​គឿន​ ​ក្រោយ​ពី​បាន​ទទួល​យក​គំនិត​រិះ​គន់​បែប​ស្ថាបនា។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.