សិល្បៈ​ជាតិ​៖ នា​ពេល​ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ជើង​ចាស់​គឺ​លោក​ សុះ​ ម៉ាច​ បាន​ចេញ​មក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​លោក​លើក​ឡើង​ពី​ការ​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​ មេត្តា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រាក់​បៀវត្សរ៍​របស់​លោក​គ្រូ​អ្នក​គ្រូ​ផ្នែក​សិល្បៈ​បុរាណ​ ខណៈ​មាន​ការ​លេច​លឺ​ដំណឹង​មក​ថា​ ប្រទេស​ជិត​ខាង​កំពុង​ព្យាយាម​អូស​ទាញ​គ្រូ​ៗ​ជំនាញ​សិល្បៈ​បុរាណ​យក​ទៅ​បង្រៀន​នៅ​ស្រុក​គេ​។ ​

លោក​ សុះ​ ម៉ាច​ បាន​រៀបរាប់​ខ្លឹម​សារ​ប្រាប់​មហាជន​យ៉ាង​ដូច្នោះ​៖ ​«​ខ្ញុំ​បាន​ឮ​ល្ហិច​ល្ហៀង​ថា​ ថៃ​បាន​ជួល​អ្នក​គ្រូ​របាំ​បុរាណ​ ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​ថៃ ​ព្រម​ទាំង​ទាក់​ទង​លោក​គ្រូ​តុលា​ ដែល​ជា​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ ​(​ទ្រ​) ទៅ​បង្ហាត់​នៅ​សាលា​ថៃ ​ដោយ​ផ្តល់​ជូន​ប្រាក់​ខែ​ខ្ពស់​ទៀត​ផង​ តែ​លោក​គ្រូ​តុលា​មិន​ព្រម​ទទួល​យក​ការ​អញ្ជើញ​នោះ​ទេ​។ តែ​អ្នក​គ្រូ​របាំ​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​បាន​នឹង​កំពុង​តែ​បង្ហាត់​នៅ​ទី​នោះ​ផង​ដែរ ​(មិន​ដឹង​ថា​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ​)​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​គ្រូ​តុលា​និង​ប្រភព​មួយ​ទៀត​ដែល​ខ្ញុំ​មិន​ចាំ។​ពាក់​ព័ន្ធ​និង​របាំ​បុរាណ​បើ​ថៃ​គេ​រៀន​បាន​ប្រហាក់​ប្រហែល​នឹង​ខ្មែរ​មែន​នោះ​បញ្ហា​នឹង​កើត​មាន​ទៀត​មិន​ខាន​ដូច​ជា​ល្ខោន​ខោល​ គុន​ខ្មែរ​ជា​ដើម​។»​

លោក​បន្ត​សង្កត់​ធ្ងន់​ថា​​ ៖ «ចូរ​ប្រយ័ត្ន​ផង​ណា៎!​សូម​រដ្ឋា​ភិបាល​មេត្តា​យក​ចិត្ត​ទុកដាក់​ដល់​អ្នក​គ្រូ​លោក​គ្រូ​សិល្ប:​បុរាណ​ខ្មែរ​ឱ្យ​បាន​ជីវភាព​សមរម្យ​ល្អ​ដើម្បី​បន្ត​មនសិការ​ជាតិ​របស់​ពួក​គាត់​ផង​ ។ នេះ​ជា​ការ​បញ្ចេញ​មតិយោបល់​របស់​ខ្ញុំ​ក្នុង​នាម​សិល្បករ​ខ្មែរ​មួយ​រូប​ដែល​ស្រឡាញ់​និង​អភិរក្ស​សិល្ប:​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ផូរផង់​។គួរ​ពុំ​គួរ​សូម​អធ្យាស្រ័យ​ដល់​ខ្ញុំ​បាទ​ផង​ សូម​អរគុណ។​»​​

ចំពោះ​ករណី​ខាង​លើ​នេះ​ ត្រយង​កំពុង​ព្យាយាម​សុំ​សម្ភាស​លោក​គ្រូ​អ្នក​គ្រូ​ សាស្ត្រារ្យ​ផ្នែក​សិល្បៈ​បុរាណ​ ដើម្បី​បំភ្លឺ​បន្ថែម​ថា​ តើ​ពិត​ជា​មាន​ករណី​អូសទាញ​ទឹក​ចិត្ត​គ្រូ​ៗ​មែន​ដូច​ការ​លើក​ឡើង​ឬ​យ៉ាង​ណា​?​សារព័ត៌មាន​ត្រយង​នឹង​ផ្សាយ​ជូន​ព័ត៌មាន​លម្អិត​នា​ពេល​ខាង​មុខ​បន្ត​ទៀត​។

ក្រោយ​ការ​បង្ហោះ​របស់​លោក​ សុះ​ ម៉ាច​ គេ​មើល​ឃើញ​ថា​ មហាជន​ជា​ច្រើនគាំទ្រ​ចំពោះ​មតិ​របស់​លោក​ ហើយ​ខ្លះ​ទៀត​មាន​សំណូមពរ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​ចំពោះបញ្ហានេះផងដែរ​៕

Share.