ត្បូងឃ្មុំ៖ កសិករចំនួន១០ភូមិ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ត្រៀមខ្លួនក្នុងការប្រមូលផលស្រូវ នៅលើផ្ទៃដីជាង២០០ហិកតា ប្រកបដោយភាពសប្បាយរីករាយ ក្រោយពីពួកគាត់បានងាកមកដាំស្រូវ ពូជ៥១ ប្រភេទស្រូវស្រាលទទួលបានផលខ្ពស់ បាយទាន់ឆ្ងាញ់ ហើយស្រូវកំពុងមានតម្លៃនៅលើទីផ្សារ ស្របពេលដែរថ្លៃជី ថ្លៃសាំង ក៏ចុះថ្លៃបន្តិចផងដែរ។

តាមលោក ភិន ឈុន មេឃុំទន្លេបិទ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅក្នុងឃុំទន្លេបិទ មានចំនួន១០ភូមិរួមមានៈ ភូមិទួលគរ ភូមិទួលខ្សាច់ ភូមិព្រែកជីក ភូមិដូនម៉ៅក្រោម ភូមិដូនម៉ៅលើ ភូមិទន្លេបិទ ភូមិយាយស ភូមិអន្លង់ពោង ភូមិជ្រោយស្រឡៅ និងភូមិអំពិលជ្រុំ ។ ហើយកសិករយើងដាំស្រូវ១ឆ្នាំបាន២ដង នៅលើផ្ទៃដីទំហំជាង២០០ហិកតា ដោយសារឃុំទន្លេបិទ បានកសាងទំនប់បង្ហៀរទឹកទប់ទឹកសម្រាប់ស្រោចស្រពទឹកដល់កសិករ ក្នុងដាំដុះស្រូវប្រាំងឆ្នាំនេះ ក្នុងក្តីរំពឹងថាប្រមូលផលបានចំនួន ១៤០០តោន ។

ងាកមកលោក លន់ ជាតិ អាយុ៥២ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់បានដាំស្រូវជាង១០ឆ្នាំមកហើយ ពីដើមកសិករដាំស្រូវមានស្រូវធ្ងន់ រយៈពេល៦ខែទើបប្រមូលផល ហើយស្រូវស្រាលតែ៣ខែទេអាចប្រមូលផលបានហើយ ។ តែបច្ចុប្បន្ននេះ កសិករបោះបង់ការដាំស្រូវធ្ងន់ហើយ ដោយសារប្រើពេលយូរមិនចំណេញ ហើយពួកគាត់បាននាំគ្នាមកដាំស្រូវស្រាល ឬស្រូវ៣ខែ ប្រភេទ ពូជស្រូវ៥១ វិញម្តង ព្រោះធន់ជំងឺ ដើមរឹងមិនងាយដួលផ្តាស់ ផ្លែច្រើន អង្ករមានរសជាតិបាយឆ្ងាញ់ទន់ ផលបានច្រើន ក្នុង១ហិកតា មិនក្រោម ៧តោននោះទេ ហើយឆ្នាំនេះមានទីផ្សារស្រួលលក់ទៀត ក្នុង១គីឡូតម្លៃ១០០០រៀល មានឈ្មួញចុះប្រមូលទិញដល់ស្រែតែម្តង ។ គាត់មានដីស្រែ២ហិចតាដែរ ធ្វើ២ដងក្នុង១ឆ្នាំ ប្រមូលផលបានចំនួន២៨តោន ។

លោកបានបន្តឲ្យដឹងទៀតថា ឆ្នាំនេះស្រូវឲ្យផលល្អជាងឆ្នាំទៅ ហើយតម្លៃថ្លៃ ជាងឆ្នាំទៅដែរ ។ ខណៈឆ្នាំទៅបានតម្លៃ៨០០រៀល ហើយឆ្នាំនេះបានដល់១០០០រៀល ​ដែរធ្វើឲ្យឆ្នាំនេះកសិករធ្វើចំណេញគួរសម ព្រោះជីក៏ចុះថ្លៃ នៅត្រឹម១បេតម្លៃ១៦ម៉ឺនរៀល ខណៈ ឆ្នាំទៅ២១ម៉ឺន ។ បើផាត់សោហ៊ុយភ្ជួរដី សាប ព្រួស ច្រូត នៅចំណេញបានជិត១លានរៀលដែរ ដូចនេះកសិករសប្បាយចិត្តក្នុងការប្រមូលផលស្រូវឆ្នាំនេះ បើគ្រួសារណាមានមានដីច្រើនហិកតា បានចំណេញច្រើន អ្នកមានដីតិចចំណេញតិច៕

អត្ថបទ៖ សាន វីឡែម

Share.