សិល្បៈ​ជាតិ​៖​ កូន​ប្រុស​ច្បង​ឧកញ៉ា​ ព្រាប​ សុវត្ថិ​ គឺ​កំឡោះ​សង្ហា​ សុវត្ថិ​ មុនីវណ្ណ​ បាន​លេច​មុខ​ជា​តារា​រះ​ថ្មី​ក្នុង​ផលិតកម្ម​ Galaxy​ Navatra​ តាមរយៈ​ការ​បង្ហាញ​មុខ​ដំបូង​នៅ​លើ​ Poster ​ផ្សព្វផ្សាយ​ការ​ប្រគំតន្ត្រី​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៣-​១៤​ កុម្ភៈ​ ២០២៣​ នេះ​ ចំ​ថ្ងៃ​នេះ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ ។​

ជុំ​វិញ​ករណី​នេះ​ដែរ​ មាន​ការ​សង្ស័យ​ពី​មហាជន​អ្នក​គាំទ្រ​ដែល​ឆ្ងល់​ថា​ តើ​កូន​ប្រុស​ច្បង​សង្ហា​ជាង​គេ​ត្រកូល​​គ្រួសារ​កំពូល​តារា​ចម្រៀង​ ឧកញ៉ា​ ព្រាប​ សុវត្ថិ​ លែង​ច្រៀង​នៅ​ហង្ស​មាស​ហើយ​មែន​ទេ​ បាន​ជា​មក​តាម​ឪពុក​នៅ​ក្នុង​ទ្រនំ​កាឡាក់ស៊ី​បែប​នេះ​?​

រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ តារា​ចម្រៀង​ សុវត្ថិ​ មុនីវណ្ណ​ គឺ​ជា​សមាជិក​ពេញ​សិទ្ធ​ដែល​មាន​កុង​ត្រា​ឱ្យ​ផលិតកម្ម​ Galaxy​ Navatra​ ឬ​ ក៏​ជា​តារា​ឯករាជ្យ​ ប៉ុន្តែ​ដោយ​សារ​ សុវត្ថិ​ មុនីវណ្ណ​ ធ្លាប់​បាន​​ប្រកាស​ថា​​រូប​លោក​បាន​ផុត​កិច្ច​សន្យា​ការងារ​ជាមួយ​ហង្សមាស​តាំង​ពី​ចុង​ឆ្នាំ​ ២០២២ ​ម្លេះ​ ហើយ​លោក​នឹង​ត្រៀម​បញ្ចេញ​អ្វី​​ដែល​ថ្មី​បំផុត​នៅ​ដើម​ឆ្នាំ​២០២៣​ ដែល​សុំ​ឱ្យ​ហ្វេន​រង​ចាំ​តាម​ដាន​បន្ត​ពី​សកម្មភាព​សិល្បៈ​របស់​លោក​។​

គេ​នៅ​ចាំ​បាន​ថា​ តារា​ចម្រៀង​បងប្អូន​ប្រុស​ទាំង​ ៣​នាក់​ជា​កូន​ប្រុស​របស់​លោក​ ព្រាប​ សុវត្ថិ​ បាន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​ កាល​ពី​ដើម​​ខែ​មករា ​ឆ្នាំ​២០១៨​ ដែល​កាល​នោះ​ សុវត្ថិ​ មុន្នី​វណ្ណ​ មាន​​អាយុ​២០​ឆ្នាំ ​សុវត្ថិ​ មុន្នី​នាគ​ វ័យ​​១៨​ឆ្នាំ​ និង​សុវត្ថិ​ សេរី​វុ​ឌ្ឍ​ អាយុ​​១៥​​ឆ្នាំ ​ហើយ​ពួក​គេ​សុទ្ធតែ​នៅ​សិក្សា​ទាំង​អស់​ ។ បើ​គិត​មក​ទល់​ពេល​នេះ​ គ្រប់​រយៈ​ពេល​ ៥ ​ឆ្នាំ​ល្មម​ដែល​ពួក​គេ​បាន​ផុត​កុងត្រា​ជាមួយ​ផលិតកម្ម​ហង្ស​មាស​ ដែល​ជា​ធម្មតា​តារា​នីមួយ​ៗ​ធ្លាប់​មាន​កុង​ត្រា​មិន​ពី ​៥​ឆ្នាំ​ដូច​គ្នា​។

យ៉ាង​ណា​មិញ​ក៏​មាន​ការ​សង្ស័យ​ដូច​គ្នា​ដែរ​ថា​ ក្រៅ​ពី​ សុវត្ថិ​ មុនីវណ្ណ កូន​ប្រុស​ពីរ​រូប​ទៀត​របស់​លោក​ ព្រាប​ សុវត្ថិ ​អាច​នឹង​ត្រៀម​ចេញ​មុខ​ក្នុង​ផលិតកម្ម​ Galaxy​ Navatra​ នា​ពេល​ឆាប់​ៗ​នេះ​មិន​ខុស​ពី​កូន​ប្រុស​ច្បង​ដែរ​។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ​ ​កូន​ប្រុស​ពៅ​លោក ព្រាប សុវត្ថិ ក៏​ធ្លាប់​បាន​បញ្ចេញ​ស្នា​ដៃ​ដំបូង ​គឺ​ការ​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ឱ្យ​ឪពុក​ខ្លួន​ច្រៀង​នៅ​ផលិតកម្ម​ Galaxy Navatra ជាមួយ​បទ​ថ្មី​មាន​ចំណង​ជើង​ថា «Gang Gang» ដែល​ជា​បទ​រ៉េប​បែប Hip Hop ដំបូង​របស់​លោក​ ព្រាប​ សុវត្ថិ​ នៅ​ផលិតកម្ម​ថ្មី​នោះ និង​ជា​ការ​សម្រួល​បទ​ភ្លេង​ដោយ​ Grimes។​

តើ​អាច​ទេ​តារា​ចម្រៀង​រលក​ក្រោយ​នៃ​​សែស្រឡាយ​អ្នក​សិល្បៈ​មាន​ឪពុក​ជា​កំពូល​តារា​ចម្រៀង​ នឹង​ជ្រក​កោន​នៅ​ទ្រនំ​តែ​មួយ​ជាមួយ​ឪពុក​នៅកាឡាក់ស៊ីទាំងអស់គ្នា ដោយ​មាន​ការ​ជ្រោមជ្រែង​ផ្ទាល់​ពី​ឪពុក​ជា​បង្គោល​ ហើយ​នឹង​ត្រៀម​បញ្ចេញ​មុខ​ម្ដងម្នាក់​ៗ​ទៅ​តាម​ពេល​កំណត់​? សារព័ត៌មាន​ត្រយង​កំពុង​ព្យាយាម​សុំ​សម្ភាស​បញ្ជាក់​បន្ថែម​ពី​ អ្នក​គ្របគ្រង​ផលិតកម្ម​ Galaxy​ Navatra ​ដើម្បី​លម្អិត​ពី​រឿង​នេះ​នា​ពេល​ខាង​មុខ​បន្តទៀត​។ ​

Share.