សិល្បៈ​ជាតិ​៖​ លោក​ សោម​ ដូរ៉េ​ ដែល​មហាជន​អ្នកគាំទ្រ​ស្គាល់​លោក​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ល្បី​ៗ​នោះ​ ស្រាប់​តែ​ថ្មី​ៗ​នេះ​ លោក​ចេញ​មក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​លាត​ត្រដាង​ពី​រឿងរ៉ាវ​កន្លងមកប្រាប់​ថា ​លោក​អស់​ផ្លូវ​ដើរ​នៅ​ក្នុង​អាជីព​​សិល្បៈ​ចម្រៀង​ ដោយ​សារ​តែ​មាន​អ្នក​ចាំ​បង្ខូច​ឈ្មោះ​លោក​ រហូត​ដល់​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​នាំ​គ្នា​ស្អប់​រូប​លោក​ទាំង​គ្មាន​មូលហេតុ​។​

សារព័ត៌មាន​ត្រយង​ សូម​ដក​ស្រង់​ការ​បង្ហោះ​របស់​លោក​ សោម​ ដូរ៉េ​ ទាំង​ស្រុង​ដែល​លោក​បាន​រៀបរាប់​ដូច្នោះ​៖​

«​កាល​ពី​៩​ឆ្នាំ​មុន​ ខ្ញុំ​នៅ​តែ​ចង​ចាំ​មិន​ភ្លេច​ គឺ​ក្មេង​ប្រុស​ម្នាក់​ដែល​គឺ​ជា​អ្នកគាំទ្រ​គ្រប់​តារាចម្រៀង​ប្រចាំ​ HM​ ហើយ​ក៏​ជា​អតីត​អ្នក​កាសែត​ម្នាក់​ គាត់​ធ្លាប់​បាន​បង្ក​បញ្ហា​ជា​ច្រើន​មក​លើ​ខ្ញុំ​! យ៉ាង​អយុត្តិធម៌​ជា​ទី​បំផុត​ ទាំង​ខ្ញុំ​មិន​យល់​សោះ​ ថា​គាត់​ស្អប់​ខ្ញុំ​រឿង​អ្វី​ និយាយ​បំផ្លើស​ប្រាប់​ មិត្ត​រួម​អាជីព​ឲ្យ​គេ​ស្អប់​ខ្ញុំ​ ! ធ្វើ​ឲ្យ​អ្នក​ចម្រៀង​ជា​ច្រើន​នាក់​ ខឹង​ខ្ញុំ​ដោយ​ឥត​ហេតុ​ផល​! ទី​បំផុត​មួយ​រយៈ​ក្រោយ​ ខ្ញុំ​ក៏​បាន​ស្វែង​រក​ការ​ពិត​ឃើញ​! តែ​ក្នុង​នោះ​ក៏​មាន​95​%​ ខ្ញុំ​បាន​ជួប​ផ្ទាល់​ហើយ​ជជីក​សួរ​រក​ខុស​ត្រូវ​ទើប​ដឹង​ការ​ពិត​! ចំនែក​5%​ទៀត​គឺ​គាត់​ Unfriend​ ខ្ញុំ​ហើយ​មិន​តប​ឆាត​ខ្ញុំ​ បែរ​ជា​ឃើញ​បង្ហោះ​ Status​ ឌឺ​ដង​ ចោទ​ប្រកាន់​ខ្ញុំ​យ៉ាង​ភ្លាវ​ខុស​ទំនង​ដោយ​មិន​មក​ជជែក​តទល់​ជាមួយ​ខ្ញុំ​ផ្ទាល់​ ដើម្បី​ដោះស្រាយ​ ! នេះ​គឺ​ជា​រឿង​អយុត្តិធម៌​មួយ​ដែល​ខ្ញុំ​ចងចាំ​មិន​ភ្លេច​ក្នុង​អាជីព​សិល្បៈ​ ។ បាត់​គាត់​ជាង​៥​ឆ្នាំ​ ចៃដន្យ​ ខ្ញុំ​បាន​អូស​តិកតុក​មក​ឃើញ​ ម្តាយ​គាត់​ស្រែក​យំ​ អំពាវនាវ​​ស្រែក​សុំ​រក​យុត្តិធម៌​ ព្រោះ​កូន​គាត់​ (​ម្នាក់​ដែល​រក​រឿង​ខ្ញុំ​)​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ស្លាប់​ប្អូន​ស្រី​គាត់​ ហើយ​គាត់​(​ម្នាក់​ដែល​រក​រឿង​ខ្ញុំ​)​ ក៏​ធ្លាក់​ខ្លួន​ពិការ​! ក្នុង​រូប​ភាព​ អ៊ំ​ស្រី​គាត់​ប្រឹង​ចាប់​បង្ខំ​កូន​ពិការ​គាត់​ឲ្យ​ថត​ទាំង​គ្នា​ស្រែក​យំ​ខឹង​មិន​ចង់​ឲ្យ​ថត​ តែ​ក្នុង​ហេតុផល​ដើម្បី​សុំ​រក​យុត្តិធម៌​ឲ្យ​គេ​ជួយ​! ពិត​ជា​គួរ​ឲ្យ​សង្វេគ​ជា​ពន់​ពេក! បណ្តាល​ឲ្យ​ខ្ញុំ​កើត​មាន​អារម្មណ៍​មិន​ល្អ​ពេញ​មួយ​អាទិត្យ​! ថ្ងៃ​នេះ​ខ្ញុំ​សូម​ធ្វើ​ការ​អហោសិកម្ម​គ្រប់​រឿងរ៉ាវ​កន្លង​មក​ដែល​គាត់​ធ្វើ​ដាក់​ខ្ញុំ​ទាំង​ប៉ុន្មាន​ សូម​កុំ​ឲ្យ​ខ្ញុំ​និង​គាត់​ជំពាក់​កម្ម​គ្នា​ត​ទៅ​ជាតិ​ក្រោយ​ទៀត​! អាយុ​កាន់​តែ​ច្រើន​ ខ្ញុំ​កាន់​តែ​ជឿ​លើ​អំពើ​បាប​បុណ្យ​ និង​កម្មផល​នៅ​លើ​លោក​នេះ​យ៉ាង​ប្រាកដ​!! គឺ​គាត់​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ បែក​បាក់​និង​បាត់​បង់​មិត្ត​ជិត​ស្និទ្ធ​ជា​ច្រើន​នាក់​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ជាមួយ​រៀម​ច្បង​ធំ​ៗ​ក្នុង​ក្រុមហ៊ុន​Town​ ជា​ច្រើន​នាក់​ ! ចាត់​ទុក​ថា​..វា​ជា​មេរៀន​មួយ​ដ៏​សែន​ងងិត​ បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ពិភព​សិល្បៈ​កាន់​តែ​ភ្លឺ ​! #សោម​ដូរ៉េ​ »។

ដោយ​ឡែក​ លោក​ សោម​ ដូរ៉េ​ បាន​លាក់​អត្តសញ្ញាណ​អ្នក​បង្ខូច​ឈ្មោះ​លោក​មិន​ឱ្យ​មហាជន​បាន​ស្គាល់​មុខ​នោះ​ទេ​។​ ប៉ុន្តែ​ក្រោយ​ការ​បង្ហោះ​ពី​រឿងរ៉ាវ​របស់​លោក​ សោម​ ដូរ៉េ​ ខាង​លើ​នេះ​ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​បញ្ចេញ​មតិ​ថា ​«​អំពើ​ល្អ​មិន​សាប​សូន្យ​ទេ​បង​ »​ «​អំពើ​ល្អ​ ធ្វើ​ឱ្យ​​មាន​ជ័យ​ជំនះ​ លើ​ អំពើ​អាក្រក់​ថ្ងៃ​ណា​មួយ​» ​«​បង​ កុំ​គិត​ច្រើន​អី​ … មនុស្ស​ល្អ​ ទេវតា​នឹង​ តាម​ថែរក្សា​បង​» «​ខ្ញុំ​នៅ​តែ​ជឿ​ជាក់​បង​។​ជូនពរ​បង​។​»​ «​កម្មពៀរ​មាន​ពិត​មិន​ចាំ​ជាតិ​មុខ​ជាតិ​ក្រោយ​ឡើយ​ ដូច​នេះ​យើង​ចូល​រួម​និង​នាំ​គ្នា​សាង​អំពើ​ល្អ​ឱ្យ​បាន​ច្រើន​ៗ​ ទាំង​អស់​គ្នា​.» «បាប​កម្ម​មាន​ពិត​មែន​ប្រូ​ ជឿ​លើ​ធម៌​ព្រះ​ ធ្វើ​ល្អ​បាន​ល្អ​ »​។​

សូម​ជម្រាប​ថា​ សព្វ​ថ្ងៃ​នេះ​គេ​មិន​សូវ​ឃើញ​មាន​ស្នាដៃ​លោក​ សោម​ ដូរ៉េ​ លើ​ការ​និពន្ធ​បទ​ចម្រៀង​ដូច​មុន​ទៀត​ទេ​ ពោល​គឺ​មាន​មួយ​ៗ ​ប៉ុន្តែ​លោក​បាន​បង្ហាញ​ស្នាដៃ​តាម​រយៈ​និពន្ធ​រឿង​ភាគ​ទូរទស្សន៍​ដូច​ជា​រឿង​ ​«​កាឡៃ​»​ «​ម៉ែ​ក្មេក​ចេញ​ពី​ក្នុង​ព្រះ​ច័ន្ទ​ »​ «ព្រហ្ម​លិខិត​ដុះ​ស្លាប​»​ «​ទឹក​ភ្នែក​ពណ៌​ភ្លើង​»​ «វិញ្ញាណ​ឃ្លាន​ស្រឡាញ់​»​ «​ល្បែង​ស្នេហ៍​ល្បិច​សិង្ហ​»​ និង​រឿង​ «​កែវ​បាប​កែវ​បុណ្យ​»​ ៕​

Share.