សិល្បៈជាតិ ៖ សារព័ត៌មាន​ត្រយង​ទទួល​បាន​ដំណឹង​នា​ពេល​មុន​នេះបន្តិច​ឱ្យ​ដឹង​ថា​​ កញ្ញា​ យ៉េយ៉េ​ មាន​ទុក្ខ​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ ខណៈ​បាន​បាត់បង់​ក្មួយ​ស្រី​ជា​ទី​ស្រឡាញ់​ ហើយ​កំពុង​រៀប​ចំ​ពិធី​បុណ្យ​​សព​នៅ​ឯ​ខេត្ត​តាកែវ​។ ក្មួយ​ស្រី​របស់​តារា​កំប្លែង​រូប​នេះ​បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី ៣​ ខែ​កុម្ភៈ​ ឆ្នាំ ​២០២៣​។

កញ្ញា​ យ៉េយ៉េ​ បាន​រៀបរាប់​ប្រាប់​មហាជន​ដែល​ Comment​ សួរ​នៅ​លើ​ហ្វេសប៊ុក​នាង​ថា​ ក្មួយ​ស្រី​របស់​នាងបានជិះម៉ូតូហើយប៉ះគ្នាជាមួយរថយន្ត​កុង​តឺណ័រ បណ្ដាលឱ្យ​រងរបួស​មួយ​ចំហៀង​ខ្លួន​យ៉ាង​ដំណំ រី​ឯ​សភាព​ម៉ូតូ​នៅ​ពី​ក្រោម​កង់​រថយន្ត​កុងតឺណ័រ​​។ ក្រោយ​កើត​ហេតុ​ ក្មួយ​ស្រី​របស់​នាង​ក៏​ត្រូវ​បញ្ចូន​ទៅ​សង្គ្រោះ​ និង​វះ​កាត់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​លោក​សង្ឃ​។​ សភាព​របស់​ក្មួយ​ស្រី​ត្រូវ​ឈាម​ ដើម្បី​សង្គ្រោះ​ក្នុង​ការ​វះកាត់​។

តាម​ការ​បង្ហោះ​របស់​កញ្ញា​ យ៉េយ៉េ​ គេ​ឃើញ​មាន​មិត្ត​អ្នក​សិល្ប​ករ​ និង​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​តូច​បាន​ចូល​រួម​បរិច្ចាគ​ឈាម​ជួយដល់​​ក្មួយ​ស្រីរបស់​កញ្ញា​ដែរ​។ តែ​ជា​អកុសល​ នៅ​រសៀល​ថ្ងៃ​នេះ​ ក៏​ស្រាប់​តែ​ឃើញ​មាន​ការ​បង្ហោះ​ដំណឹង​ថា​ ក្មួយស្រីកញ្ញា យ៉េយ៉េ ​បានលា​ចាក​លោក​នេះ​ហើយ​ និង​បាន​តម្កល់​សព​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ខេត្ត​ តាកែវ​។

ជា​មួយ​គ្នា​នោះ​ដែរ​ គេ​ឃើញ​មាន​តារា​​សិល្បៈ​​ជា​​ច្រើន​​រូប​បាន​​ប្រមូល​​គ្នា​ដូច​ជា​ អ្នកនាង​ ឆៃ​ លីដាឡែន​ អ្នកនាង​ គីម​ លីហ្សា​ លោក​ សាយ​ សៀរ៉ា​ លោក​ ម៉ា ដូណា​ លោក ​អ៊ឹម ​ជីវ៉ា​ និង​សិល្បករ​ដទៃ​ទៀត​ នាំ​គ្នា​ចូល​រួម​​ជា​ថវិកា​ជូនទៅ​ កញ្ញា​ ​យ៉េយ៉េ ​ដើម្បី​ចាត់ចែង​រៀប​ចំ​បុណ្យ​សពឱ្យ​ក្មួយ​ស្រី​ផងដែរ។ សូម​បួងសួងសូមឱ្យ​វិញ្ញាណ​ក្ខន្ធ​ក្មួយ​ស្រី​កញ្ញា យ៉េយ៉េ ​ទៅ​កាន់​សុគតិភព​៕

Share.