សិល្បៈ​ជាតិ​៖​ ចម្រៀង​យីកេ​រឿង​ «​ម៉ាក់​ថឺង​» ដែល​លើក​មក​សម្ដែង​ជា​ថ្មី​ដោយ​ស្រី​ស្អាត ល្អ​ហួស​ និង​តួ​ប្រុស​ វ៉ាន់​ ដាវីត​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ បើ​ទោះបី​ជា​មិន​ទាន់​បង្ហាញ​សមិទ្ធផល​វីដេអូ​សម្ដែង​ទាំង​ស្រុង​ តែ​អ្នកគាំទ្រ​លាន់​មាត់​សរសើរ​ថា​ អ្នក​ទាំង​សម​គ្នា​ឥត​ទាស់​ក្នុង​ការ​សម្ដែង​មួយ​រឿង​នេះ​។

រហូត​មក​ទល់​ពេល​នេះ​ គឺ​មាន​ការ​បង្ហាញ​ឱ្យ​មហាជន​បាន​ទស្សនា​បាន​ឃើញ​ត្រឹមតែ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ស្ដែង​ពី​សកម្មភាព​ពី​ក្រោយ​ឆាក​នៃ​ការ​ថត​បទ​ចម្រៀង​ក្នុង​យីកេ​រឿង​ «​ម៉ាក់ថឺង​» និង​វីដេអូ​ខ្លី​ៗ​ខ្លះ​ៗ​ទៀត​នៃ​បទ​ចម្រៀង​ «​ ម៉ាក់​ថឺង​លក់​ប្រេង​ម្សៅ​»​។ ប៉ុន្តែ​ លួ​ហួស​ បាន​ឆក់​យក​បេះដូង​មហាជន​តាម​រយៈ​ការ​តុបតែង​​ខ្លួន ​តួឯក​ស្រី​ មឺយ​ជឺយ ដែល​កំពុង​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​នៅ​មុខ​ស្ដេច​ត្រាញ់​។​

សូម​​ជម្រាប​ថា​ យីកេ​រឿង​ «ម៉ាក់ថឺង»​គឺ​តំណាល​អំពី​បុរស​ចំណាស់​វ័យ​៥០​ឆ្នាំ​ឈ្មោះ​ ម៉ាក់​ថឺង ​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ក្មេង​ខ្ចី​វ័យ​១៨​ឆ្នាំ​ឈ្មោះ​នាង មឺយជឺយ ។ អ្នក​ទាំង​ពីរ​ប្តី​ប្រពន្ធ​បាន​ប្រកប​របរ​ជា​អ្នក​លក់​ដូរ​គ្រឿង​ក្រអូប​ និង​ម្សៅ​លាប តែ​មាន​ពេល​មួយ​ប្រពន្ធ​របស់​តា ​ម៉ាក់ថឺង ត្រូវ​បាន​បុត្រា​​ស្តេច​ត្រាញ់​​ចាប់​ទៅ​ធ្វើ​ជា​មហេសី​​។ ឮ​ដំណឹង​ថា​ប្រពន្ធ​ខ្លួន​ត្រូវ​ ព្យាណយ ​ចាប់​ហើយ​នោះ ម៉ាក់ថឺង​ បាន​​ទៅ​ជួប​ស្ដេច​ត្រាញ់​ដើម្បី​ទាម​ទារ​យក​ប្រពន្ធ​មក​វិញ​ទោះ​ដឹង​ ថា ខ្លួន​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ក៏​ដោយ។ តែ​ផ្ទុយ​ទៅ​វិញ​ប្រពន្ធ​របស់​គាត់​មិន​មាន​សេចក្ដី​​ក្លាហាន​សម្ដែង​ការ​ ពិត​នៅ​ចំពោះ​​មុខ​ស្ដេច​ត្រាញ់​នោះ​ឡើយ​ ថា​នាង​គឺ​ជា​ប្រពន្ធ​របស់​គាត់ ព្រោះ​មាន​ការ​ចាក់​គំរាម​ពី ព្រះ​បុត្រា​ព្យាណយ​។ ដូច្នេះ​ហើយ ស្ដេចត្រាញ់​​មិន​ជឿ​លើ​ការ​អះ​អាង​របស់​តា​ម៉ាក់ថឺង​នោះ​ទេ ដោយ​ចោទ​ថា​គាត់​និយាយ​កុហក រហូត​ដល់​បញ្ជា​ឱ្យ​គេ​ដាក់​ទោស​ដល់​តា ​ម៉ាក់ថឺង ទៀត​ផង។ ខណៈ​ពេល​នោះ​ដែរ​ តុលាការ​ក៏​បាន​ដោះ​ស្រាយ​រឿង​វិវាទ​នេះ​ តាមរយៈ​ការ​ឱ្យ​តា​ម៉ាក់ថឺង មឺយជឺយ និង​ព្រះបុត្រា ព្យាណយ សែង​ស្គរជ័យ​។ ជាអកុសល ចុង​ក្រោយ​ការពិត​ត្រូវ​បាន​លាត​ត្រដាង​ ហើយ​យុត្តិធម៌​ពិត​ជា​មាន​ពិត​សម្រាប់​រាស្ត្រ​ស្លូត​ត្រង់​ ក៏ប៉ុន្តែ មឺយជឺយ បាន​ចាក់​ស្លាប់​ខ្លួន​ដើម្បី​បញ្ចប់​វិវាទ​នា​ពេល​នោះ​។

យ៉ាង​ណា​មិញ​ យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​ តើ​ការ​សម្ដែង​របស់​ប្អូន​ស្រី​ ល្អហួស និង​លោក​ វ៉ាន់ ដាវីត រួម​ទាំង​តារា​កិត្តិ​យស​ផ្សេង​ទៀត​ មាន​ភាព​ទាក់ទាញ​កម្រិត​ណា​នោះ​ កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​។ ​

Share.