សិល្បៈ​ជាតិ​៖ យោង​តាម​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ បាន​ផ្ដល់​គោរមងារ​ថ្នាក់​ជាតិ​ជូន​ដល់​ព្រឹទ្ធាចារ្យ​ចំនួន​៩​រូប​។

ព្រឹទ្ធាចារ្យ​ទាំង​៩​រូប​ ដែល​ទទួល​បាន​គោរមងារ​ «មត៌ក​មនុស្ស​រស់​» មាន​ដូច​ខាង​ក្រោម

១.ព្រឹទ្ធាចារ្យ​សិល្បៈ​ គិន យិន ជំនាញ​ល្ខោន​បុរាណ​វត្ត​កៀន​ស្វាយ​ក្រៅ​ ទទួល​បាន​គោរម​ងារ​ គរុនាដកា គិន យិន ។ ព្រឹទ្ធាចារ្យ​កើត​នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៣២​ នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​។ ព្រឹទ្ធាចារ្យ​ជា​គ្រូ​តួអង្គ​យក្ស​ក្នុង​ក្រុម​ល្ខោន​បុរាណ​វត្ត​កៀន​ស្វាយ​ក្រៅ​ ​ក្នុង​ភូមិ​ទួល​ក្របៅ​ ឃុំ​គគីរ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​

២.ព្រឹទ្ធាចារ្យ​ ជា យុទ្ធា ជំនាញ​ចម្លាក់​ប្រាក់​ ទទួល​បាន​គោរម​ងារ​ ទេពហត្ថកោស្យ​ ជា​ យុទ្ធា។ ព្រឹទ្ធាចារ្យ​កើត​នៅ​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​១៩៥៤ នៅ​ភូមិ​សាលាកាត់​សក់​ ឃុំវិហារ​ហ្លួង​ ស្រុក​ពញា​ឮ​ ខេត្ត​កណ្ដាល​។ ព្រឹទ្ធាចារ្យ​ជា​គ្រូ​និង​ជាង​ចម្លាក់​ប្រាក់​និង​ស្ពាន់​នៅ​ ភូមិ​សាលា​កាត់​សក់​ ឃុំវិហារ​ហ្លួង​ ស្រុក​ពញា​ឮ​ ខេត្ត​កណ្ដាល​។

៣. ព្រឹទ្ធាចារ្យ​សិល្បៈ​ ជៀន សុផាន ជំនាញ​ល្ខោន​ស្រមោល​ស្បែក​ធំ ទទួល​បាន​គោរម​ងារ​ ធម្មការ​ភិរក្ស​ ជៀន សុផាន​។ ព្រឹទ្ធាចារ្យ​កើត​នៅ​ថ្ងៃ​ទី​១០​ សី​ហា​ ឆ្នាំ​១៩៧៨ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។ ព្រឹទ្ធាចារ្យ​គឺជា​គ្រូ​ពំនោល​ ជើត​ស្បែក​ ឆ្លាក់​ស្បែក​ និង​ជា​ប្រធានក្រុម​ល្ខោន​ស្បែក​ធំ​ លោក​តា​ ទី ជៀន ​ក្នុង​ភូមិ​​សាលា កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

៤.ព្រឹទ្ធាចារ្យ​សិល្បៈ​ ញុច ហឿន ជំនាញ​តន្ត្រី​ជនជាតិ​ដើម​ភាគតិច​ ទទួល​បាន​គោរម​ងារ​ ពិភត្តិ​តន្តី​ ញុច ហឿន​។ ព្រឹទ្ធចារ្យ​កើត​នៅ​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​១៩៥៥​ នៅភូមិ​តងប្លេង​ ឃុំ​អូរ​ជ្រៅ​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​រតនគិរី​។​ ព្រឹទ្ធាចារ្យ​គឺជា​ព្រឹទ្ធចារ្យ​សិល្បៈ​ថ្នាក់​ឧបករណ៍ម៉ឺម​ប្រចាំ​ខេត្ត​រតនគិរី​ និង​ជា​គ្រូ​បង្ហាត់​ភ្លេង​ជនជាតិ​ដើមភាគ​តិច​ ជា​អ្នក​ធ្វើ​ឧបករណ៍​និង​ជា​ប្រធាន​ក្រុម​សិល្បៈ​ប្រចាំ​ភូមិ​ណង​ឡិៈ ឃុំ​អូរជ្រៅ​ ស្រុក​អូរជ្រៅ​ ខេត្ត​រតនគិរី​។

៥. ព្រឹទ្ធាចារ្យ​សិល្បៈ​ ណាន​ សាម័យ​ ជំនាញ​របាំ​ជនជាតិ​ដើម​ភាគ​តិច​ ទទួល​បាន​គោរម​ងារ​ នាដកី​និម្មិត​។ ព្រឹទ្ធាចារ្យ​​កើត​នៅ​ថ្ងៃ​ទី​៥ ឧសភា​ ឆ្នាំ​១៩៦៣ នៅ​ភូមិ​ពូតាំង​ ឃុំ​រមនា​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​។ ព្រឹទ្ធចារ្យ​គឺជា​គ្រូ​បង្ហាត់​របាំ​ជនជាតិ​ អ្នក​ចម្រៀង​ អ្នក​បង្កើត​ទំនុក​ច្រៀង​ និង​របាំ​ អ្នក​លេង​ឧបករណ៍​ឃ្មោះ​៦​ និង​ជា​ប្រធាន​សហគមន៍​សិល្បៈ​ នៅ​ភូមិ​ពូតាំង​ ឃុំ​រមនា​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​។

៦.ព្រឹទ្ធចារ្យ​ ប៊ិន វិន ជំនាញ​អាចារ្យ​ពិធី​ចូល​ម្លប់​ ទទួល​បាន​គោរម​ងារ​ បោរាណាចារ្យ​។ ព្រឹទ្ធចារ្យ​កើត​នៅ​ថ្ងៃ​ទី​​១០​ សីហា ឆ្នាំ​១៩៣៦​ នៅ​ភូមិ​ចាន់​ ឃុំ​តាំង​ក្រសាំង​ ស្រុក​បាធាយ ខេត្ត​កំពង់​ចាម​។ ព្រឹទ្ធចារ្យ​គឺជា​គ្រូ​កិច្ច​ពិធី​ចូល​ម្លប់​និង​ចេញ​ម្លប់​ អ្នក​ផ្លូវ​ចៅ​មហា​ អាចារ្យ​ពេលា​ ភ្លេង​អារក្ស​ ភ្លេង​ការ​ នៅ​ភូមិ​ចាន់​ ឃុំ​តាំង​ក្រសាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​។

៧. ព្រឹទ្ធាចារ្យ​ ម៉ក់​ ជាង​ ជំនាញ​តម្បាញ​ហូល​ពិដាន​ ទទួល​បាន​គោរម​ងារ​​ ទេព​សោភ័ណ​ ម៉ក់​ ជាង​។ ព្រឹទ្ធចារ្យ​​​កើត​នៅ​ថ្ងៃ​ទី​១០ មេសា​ ​​ឆ្នាំ​១៩៥១ នៅ​ភូមិ​ក្ប៉ម ឃុំ​ក្ដាញ់​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​។ ព្រឹទ្ធចារ្យ​គឺ​ជា​គ្រូ​តម្បាញ​ហូល​ពិដាន​ និង​សំពត់​សូត្រ​ នៅ​ភូមិ​ក្ប៉ម ឃុំ​ក្ដាញ់​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​។

៨. ព្រឹទ្ធចារ្យ​សិល្បៈ​ ឯល​ ពេជ ជំនាញ​ចាប៉ី​ដងវែង​ ទទួល​បាន​គោរម​ងារ​ ទេពវោហារ​ ឯល ពេជ​។ ព្រឹទ្ធចារ្យ​កើត​នៅ​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​១៩៣៩​ នៅ​ភូមិ​ព្រៃ​សំណាង​ ឃុំ​ខ្ជាយ​ ស្រុក​ទូក​មាស​ ខេត្ត​កំពត​។ ព្រឹទ្ធាចារ្យ​​គឺជា​គ្រូ​បង្ហាត់​និង​សិល្បករ​ចាប៉ី​ដងវែង​ នៅ​ភូមិ​រហាល​ទិល​ ឃុំ​ត្រឡូង ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​។

៩.ព្រឹទ្ធចារ្យ​ អ៊ឹម ស្រួន​ ជំនាញ​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ទទួល​បាន​គោរម​ងារ​ មហានាដក​គរុវិជ្ជា។ ព្រឹទ្ធាចារ្យ​កើត​នៅ​ថ្ងៃ​ទី​២ មីនា ១៩៤៣ នៅ​ភូមិ​តា​ស្គរ​ ឃុំ​សារិកាកែវ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល។ ព្រឹទ្ធាចារ្យ​គឺ​ជា​គ្រូ​យក្ស​ ដឹកនាំ​រឿង​ និង​ជា​អនុប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ក្រុម​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ ក្នុង​ភូមិ​តាស្ដរ​ ឃុំ​សារិកាកែវ និង​ភូមិ​ពាម​តាឯក​ ឃុំ​ពាម​ឧកញ៉ា​អុង​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល​។

Share.