បាត់ដំបង÷ ពលរដ្ឋភ្ជួរដីដាំដំឡូងបានប្រទះឃើញគ្រាប់កាំភ្លើង និងគ្រាប់មីនមិនទាន់ផ្ទះចំនួន ០៣គ្រាប់កប់នៅក្នុងដីចន្លោះរងដំឡូងជាអតីតសមរភូមិប្រយុទ្ធ ស្រុករតន:មណ្ឌល។

នគរបាលបានប្រាប់ឲ្យដឹងថា÷ ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាមនេះបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលប្រទះឃើញជាម្ចាស់ចម្ការ ឈ្មោះស៊ិម ពិសិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំក្បែរទីតាំងកើតហេតុរួចរត់ទៅរាយការណ៍ជូនដល់នគរបាលប៉ុស្តិ៍ ខណ:ពេលភ្ជួរដីលើកជារងដាំដំឡូង ដោយគ្រាប់ខាងលើឋិតនៅចន្លោះរងសម្រាប់ដាំដំឡូង។ ការរកឃើញនេះដំបូងឡើយបានប្រទះឃើញតែដែកចុងគ្រាប់ប៉ុណ្ណោះ សង្ស័យក៏កាយពិនិត្យមើលទើបដឹងច្បាស់ថាជាគ្រាប់កាំភ្លើង និងគ្រាប់មីនរហូតដល់ចំនួន ៣គ្រាប់។

សមត្ថកិច្ចបានបន្តថា÷ គ្រាប់កាំភ្លើង និងគ្រាប់មីនដែលពលរដ្ឋប្រទះឃើញនេះសរុបចំនួន ០៣គ្រាប់ មានគ្រាប់មីន ៦៩ មួយគ្រាប់, គ្រាប់កាំភ្លើង ១០០មីលីម៉ែត្រមួយគ្រាប់ និងគ្រាប់ប្រភេទ ៦០មីលីម៉ែត្រមួយគ្រាប់ផងដែរ ចំពោះមុខនគរបាលមូលដ្ឋានបានហ៊ុព័ទ្ធដាក់ស្លាកសញ្ញាហាមឃាត់ រួចរាយការណ៍បន្តជូនដល់មន្ត្រីកំចាត់មីនកម្ពុជា CMAC ចុះប្រមូលទុកនៅកន្លែងមានសុវត្ថិភាពរងចាំឱកាសកម្ទេចចោលនៅពេលក្រោយ៕

អត្ថបទ៖ ដំបងក្រញូង

Share.