សិល្បៈ​ជាតិ​៖​ នា​ពេល​ថ្មី​ៗ​នេះ​ សារព័ត៌មាន​ត្រយង​បាន​ទទួល​ដំណឹង​មក​ថា​ ល្ខោន​អាប៉េ​ដំឡើង​ថ្មី​រឿង​ «​បុរស​ទំពែក​បួន​នាក់​» បាន​រៀប​ចំ​ពិធី​សំពះ​គ្រូ​សុំ​សេចក្ដី​សុខ​ ដែល​គ្រោង​នឹង​សម្ដែង​ជូន​មហាជន​ទស្សនា​ ឆាប់​ៗ​នេះ។ ចុះ​ហេតុ​អ្វី​ យើង​ត្រូវ​ចូល​រួម​ទស្សនា​ល្ខោន​អាប៉េ​មួយ​នេះ​?​

តើ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ទេ​ថា​ ល្ខោន​អាប៉េ​គឺ​ជា​ល្ខោន​កម្រ​នឹង​សម្ដែង​ ដែល​​ហៀប​តែ​រលត់​បាត់​ពី​សិល្បៈ​វប្បធម៌​ប្រទេស​កម្ពុជា​យើង​ទៅ​ហើយ​ ក្រោយ​សម័យ​ខ្មែរ​ក្រហម​។​ លោក​គ្រូ​អ្នក​គ្រូ​ដែល​នៅ​សេស​សល់​ ធ្លាប់​សម្ដែង​ល្ខោន​មួយ​ប្រភេទ​នេះ​ បាន​ព្យាយាម​ថែរក្សា​ និង​គាស់​រំលើង​លើក​មក​សម្ដែង​ជូន​មហាជន​ឡើង​វិញ​ ក្នុង​គោល​បំណង​ចង់​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់​រូប​ចង​ចាំ​ពី​ល្ខោន​អាប៉េ​របស់​ខ្មែរ​។​

ជាក់​ស្ដែង​ នា​ថ្ងៃ​ទី​ ៩​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិល្បករ​ សិល្ប​ការិនី​ នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ បាន​រៀបចំ​កិច្ច​ពិធី​សំពះ​គ្រូ​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន​ក្នុង​ការ​ដំឡើង​ទស្សនីយភាព​ល្ខោន​អាប៉េ​ រឿង​«​បុរស​ទំពែក​បួន​នាក់​» នា​សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ ដើម្បី​ត្រៀម​សម្ដែង​ជូន​មហាជន​បាន​ទស្សនា​។​

ចង់​ប្រាប់​បន្ថែម​ថា​ ល្ខោន​អាប៉េ​ គឺ​ជា​ល្ខោន​បុរាណ​ខ្មែរ​ម្យ៉ាង​ដែល​មាន​ការ​សម្ដែង​ច្រៀង​ រាំ​ និយាយ​ត្លុក​ឱ្យ​សើ​ច​សប្បាយ​ រំសាយ​ទុក្ខ​កង្វល់​​ ប្រើ​ឧបករណ៍​តន្ត្រី​ស្រដៀង​វង់​យីកេ​ និង​ជា​ល្ខោន​បុរាណ​ខ្មែរ​ដែល​បែក​មែក​ធាង​ពី​របាំ​ក្បាច់​បុរាណ​ខ្មែរ​។​ ភាគ​ច្រើន​គេ​បាន​ឃើញ​ការ​សម្ដែង​ល្ខោន​អាប៉េ​ តាមរយៈ​សិល្បករ​ដែល​ជា​បុរស​សុទ្ធ ​ហើយ​ក៏​មាន​ការ​តែង​ខ្លួន​ជា​តួ​ស្រី​ផង​ដែរ​ ដើម្បី​បង្ក​ភាព​ទាក់ទាញ​ចិត្ត​មហាជន​ទស្សនា​។ ល្ខោន​អាប៉េ​ ត្រូវ​បាន​ចាស់​ៗ​ពី​ដើម​នាំ​គ្នា​ហៅ​ថា ​ល្ខោន​យីកេ​សាសន៍​ ព្រោះ​ដោយ​សារ​មាន​ការ​សម្ដែង​រឿង​បរទេស​ដូច​ជា​ ចិន​ ចាម​ ជ្វា​ ភូមា ​ឥណ្ឌា​ និង​អារ៉ាប់​ជា​ដើម​។​ ខ្លះ​ទៀត​ហៅ​ថា​ ល្ខោន​ជនបទ​ ព្រោះ​ការ​សម្ដែង​មាន​សុទ្ធ​តែ​ប្រុស​ៗ​ និង​មាន​ខ្លះ​ទៀត​ហៅ​ថា​ ល្ខោន​យីកេ​សុទ្ធ​ គ្រាន់​តែ​ថែម​ត្លុក​ច្រើន​ជាង​ច្រៀង​។​

ជា​រួម​មក​វិញ​ ហេតុ​បាន​ជា​ថ្ងៃនេះ​ត្រយង​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​ស្គាល់​ពី​ល្ខោន​អាប៉េ​? ​ព្រោះ​ល្ខោន​នេះ​កម្រ​ឃើញ​មាន​ការ​សម្ដែង​ខ្លាំង​ណាស់​ និង​ជា​មត៌ក​ដែល​ផុយ​នឹង​បាត់បង់​។​ ដូច្នោះ​ហើយ​ ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​ គប្បី​ចូល​រួម​ទស្សនា​ និង​គាំទ្រ​ការ​សម្ដែង​ល្ខោន​អាប៉េ​ឱ្យ​បាន​ផុសផុល​ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​សិល្បករ​សិល្បការិនី​ ដែល​លោក​បាន​ខិតខំ​ហាត់​សម​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ ទម្រាំ​បាន​សម្ដែង​មួយ​រឿង​ពេញ​។ ​មួយ​វិញ​ទៀត​ បើ​គ្មាន​មហាជន​គាំទ្រ​ទេ​នោះ​ ល្ខោន​អាប៉េ​អាច​នឹង​មិន​មាន​អ្នក​ស្គាល់​ និង​មិន​មាន​ជីវិត​រស់រាន​បន្ត​ទៀត​។​ មួយ​ទៀត​សោត​ ​ការ​គាំទ្រ​ល្ខោន​អាប៉េ​ខ្មែរ ​គឺ​ជា​ចំណែក​មួយ​ចូល​រួម​រក្សា​កេរ្តិ៍​មត៌ក​របស់​ដូនតា​ ជា​ពិសេស​ទំពាំងស្នងឫស្សី អ្នក​បន្ត​វេន​ឱ្យ​មាន​ស្មារតី​អភិរក្ស​ និង​ថែរក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​។​

ចុះ​ល្ខោន​នេះ​សម្ដែង​នៅ​ពេល​ណា​?​ ដោយសារ​កាល​វេលា​សម្ដែង​ល្ខោន​អាប៉េ​រឿង​ ​«​បុរស​ទំពែក​បួន​នាក់​» នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​។​ ត្រយង​សន្យា​ថា​ នឹង​ផ្សាយ​ជូន​ពី​ថ្ងៃ​សម្ដែង​ជាក់លាក់​ម្ដង​ទៀត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕​

Share.