ក្រុម One Last Time បាន​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ ​​AK2​​ ​និង​ជា​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ស៊ីហ្គេម ២០២៣ ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម JET II កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ​ ឆ្នាំ២០២៣​ កន្លង​ទៅ​នេះ។


​​ក្នុង​ការ​ប្រកួត​ស្វែង​រក​អ្នក​ខ្លាំង​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នេះ​ដែរ ​លើ​វិញ្ញាសា AK2 ​មាន​ក្រុម​ចូល​រួម​សរុប​១៦​ក្រុម។ ​ក្រុម​ទាំង​១៦​នោះ ​មាន​១២​ក្រុម​បាន​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពី​ AK​ Clan Challenge​​ និង​៤​ ក្រុម​ទៀត​បាន​ពី​ការ​ហៅ​ផ្ទាល់​តែ​ម្ដង​ពី​រដូវ​កាល​ទី​១ ​ដល់​ទី ​៤​​ ដោយទាំង ​៤ ​ក្រុម​នេះ​​គឺ​ជា​ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​ទាំង​ ៤ ​រដូវ​កាល។​​​

លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា


លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា៖ ការ​រៀប​ចំ​ប្រកួត AK2 Online League ដោយបានសហការ​ជាមួយ​ក្រុមហ៊ុន Sabay Digital Corporation​ ធ្វើ​ឡើង​ចាប់តាំងពី​ខែមករា ឆ្នាំ២០២២ មក ហើយ​​ត្រូវបាន​បែងចែក​ការ​ប្រកួត​ជា​បន្តបន្ទាប់ចំនួន ៤រដូវ​កាល និង​ចុងក្រោយ​គឺ​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ ដំណើរ​ឆ្ពោះទៅកាន់​ស៊ីហ្គេម​២០២៣។


លោក​បាន​ឱ្យ​ដឹង​ថា៖ «រាប់​ចាប់តាំងពី​រដូវ​កាល​ទី ១ រហូតដល់​រដូវ​កាល​ទី៤ និង​គិត​មកដល់​ថ្ងៃ​ប្រកួត​វគ្គ​ជម្រុះ ស៊ីហ្គេម​២០២៣ នេះ គឺ​រយ:ពេល​សរុប ១ឆ្នាំ ក្នុង​ប្រភេទ​វិញ្ញាសា ជា​លក្ខណៈ​ក្រុម (AK2 team match) និង លក្ខណៈ​ឯកត្តជន (Personal mode) ផ្តល់ឱកាស​ឲ្យ​កីឡាករ​អេ​ឡិច​ត្រូ​និ​ច​ហ្វឹកហាត់​បាន​យ៉ាង​ពេញលេញ និង​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ ក្នុងន័យ​ពង្រឹងសមត្ថភាព​កីឡាករ ក៏ដូចជា​ស្វែងរក​កីឡាករ​ដែលមាន​គុណ​ផល​ខ្ពស់​សម្រាប់​​តំណាង​ជាតិ​ចូលរួម​ប្រកួត ស៊ីហ្គេម​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ»។


អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​គូស​បញ្ជាក់​ផង​ដែរថា​៖ «ក្រុម​កីឡាករ​ដែល​ជាប់​ជា​ក្រុម​ជម្រើស ជាតិ​សម្រាប់​​ការប្រកួត​ស៊ីហ្គេម​២០២៣ ក្នុងកំឡុងពេល​ហ្វឹក​ហ្វា​ត់ មិន​អនុញ្ញាត​ឲ្យ​ប៉ះពាល់​សារធាតុ Dopin ជាដាច់ខាត ហើយ​គ្រូបង្វឹក​មាន​សិទ្ធិ​ប្តូរ​កីឡាករ​មកជួយ​ក្រុម​បាន​ក្នុងករណី​ចាំបាច់ តែ​ត្រូវមាន​ការអនុញ្ញាត​ពី​សហព័ន្ធ​ជាមុនសិន»។


ការប្រកួតវគ្គជម្រុះ​​ថ្នាក់​ជាតិ​លើ​កីឡា​អេឡិចត្រូនិក​ AK2 ដំណើរ​ឆ្ពោះទៅកាន់​ស៊ីហ្គេម​២០២៣ បាន​ចាប់ប្រកួតថ្ងៃទី១០-១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្លិប D-Roar Cybercafe ដោយ​វិញ្ញាសា​​ប្រកួត​ជា​ក្រុម ​​ក្រុម​ឈ្នះក្លាយ​ជា​​ជើង​ឯក​បាន​ទៅ​លើ One Last Time ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម JET II ​ខណៈ​ដែល​ការ​ប្រកួត​ជា​បុគ្គល ​ឬ​ឯកត្តជន​បាន​ទៅ​កីឡាករ MAX-12hr3e។

​លោក ជី សិលា ​នាយកប្រតិបត្តិ​​ក្រុមហ៊ុន Sabay​ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិច​កម្ពុជា


​លោក ជី សិលា ​នាយកប្រតិបត្តិ​​ក្រុមហ៊ុន Sabay​ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិច​កម្ពុជា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ «​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​ទៅ​លើ​វិញ្ញាសា​ E-sport។ នៅការប្រកួត​​ស៊ីហ្គេម​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​កម្ពុជា​បាន​រៀប​ចំ​ខ្លួន​យ៉ាង​ល្អ​គ្រប់​ប្រភេទ​កីឡា ដើម្បី​ធ្វើ​យ៉ាង​​ណា​​ស្វែង​រក​មេដាយ​ជូន​ជាតិ​ឱ្យ​បាន។ ​ក្នុង​នោះ​កីឡា​អេឡិចត្រូនិក ក៏​បាន​ដាក់​បញ្ចូល​វិញ្ញាសា AK2 ​មួយ​ផង​ដែរ ​ដែល​ជា​កីឡា E-sport ​ពេញ​និយម​មួយ​នៅ​កម្ពុជា»។ ​


លោក​មានប្រសាសន៍បន្ថែមថា៖ «ជាធម្មតា​ ​រាល់ឆ្នាំមានការ​កកើត​បន្ថែមនូវប្រភេទកីឡា ​វិញ្ញាសាថ្មីៗ ហើយ E-Sport ​វា​ជាប្រភេទ​កីឡាមួយ​ដែល​​ប្រើកម្លាំងញាណ ​ប្រាជ្ញា និង​កម្លាំង​កាយខ្លះដែរ។ យើង​ប្រើ​ភាព​ឆ្លាត​វៃ​របស់យើង​ទៅ​លេង​ ក្នុង​ហ្នឹងហើយ​ដែល​គេទទួលស្គាល់ថា​វា​ក៏ជា​ប្រភេទ​កីឡា​មួយ​ដ៏​រីក​ចម្រើ​​ន​ដល់​ប្រាជ្ញា​ ដល់​មនុស្ស​​ទូទៅ ទើបគេ​សម្រេច​​​ដាក់ E-Sport ​ហ្នឹង​នៅ​ក្នុង​ប្រភេទ​កីឡា​ស៊ីហ្គេម»។


លោក​បាន​លើក​​ថា​៖ «ដូច្នេះ​យើង​ក៏​ត្រូវការ​ចូលរួម​ជាមួយកីឡាហ្នឹង​ ហើយ​ត្រូវ​​តែ​មាន​កីឡាករ​យើង។ ដើម្បី​ឱ្យ​កីឡា​ករ​យើង​មានបទពិសោធន៍​គឺ​យើង​ត្រូវការហ្វឹកហាត់ដូចគ្នា ដូច​​កីឡា​ផ្សេងៗ​អ៊ីចឹង។ យើង​ត្រូវ​មានកន្លែង​សមរម្យ​​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ឱ្យ​​មាន​ធនធាន​​កាន់តែច្រើនសម្រាប់ការ​​ប្រកួត​ក្នុង​ស្រុក និងចម្រាញ់​​កីឡាករ​ល្អៗ​​​តំណាង​ឱ្យ​ស្រុក​ខ្មែរ​យើង​ទៅ​ប្រកួត​នៅ​ប្រទេស​ផ្សេងដែរ»។


លោក ជី សិលា ក៏​បាន​បញ្ជាក់​ដែរ​ថា សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​​ក៏អាច​បើកវគ្គបំពាក់បំប៉ន​ ឬ​សិក្ខាសាលា​​ផ្សព្វផ្សាយ​ដល់​​ផ្នែក​ឯកជន អជ្ញាធរ​ដែនដី​ និង​អាណាព្យាបាល​ ឱ្យ​ភាគីពាក់ព័ន្ធ​បានដឹង​ថា E-Sport ជាកីឡា​​មួយ​ដែល​មានការគ្រប់គ្រង បទដ្ឋាន និង​ច្បាប់ទម្លាប់​ច្បាស់លាស់​ ហើយ​​ត្រូវបាន​ទទួលស្គាល់ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ក៏ដូចជា​សមាគម​​ សហព័ន្ធ ទាំង​នៅ​អាស៊ី​រហូត​ដល់​ពិភពលោក។ ក្នុង​នាម​ជា​សហព័ន្ធ ​លោក​រំពឹង​ថា ​កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ ​យក​មេដាយ​ជូន​ជាតិ​ឱ្យ​បាន បើ​ទោះ​​ជា AK2 ​នេះ​ទើប​តែ​បាន​ដាក់​ចូល​ស៊ីហ្គេម​ជា​លើក​ដំបូង​ក៏​ដោយ។

សម្រាប់​ប្រាក់​រង្វាន់​នៃ​ការ​ប្រកួត AK2 ​ជើង​ឯក​ថ្នាក់​ជាតិ​នេះ​ដែរ ក្រុមជើង​ឯក​លេខ​១ ONE Last Time ​ទទួល​បាន​រង្វាន់ ជាទឹក​ប្រាក់ ២៤​លានរៀន​ លេខ​២ ក្រុម JET II បាន​ ១០លានរៀន លេខ៣ ក្រុម End Game ​ បាន ៤​លាន​រៀន។ ខណ:រី​ឯ​វិញ្ញាសា ឯកត្តជន ជើង​ឯក​លេខ​១ ​MAX-12hr3eទទួល​បាន​រង្វាន់ជាទឹក​ប្រាក់ ២​លានរៀន​ លេខ​២ Ah Mab-[NC] បាន​ ១លានរៀន និង​លេខ ៣ Spector-[NC]បាន ៤​0ម៉ឺន​​រៀន ៕

Share.