ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ទទួលបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ Cambodian League Cup 2023 ក្រោយយកឈ្នះសូលទីឡូអង្គរ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Smart RSN កាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែកុម្ភ:។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានថ្លែងដូច្នេះថា៖«យើងគ្រប់គ្រងការប្រកួត និងបង្កើតឱកាសជាច្រើន ហើយយើងក៏ត្រៀមខ្លួនសម្រាប់ការវាយបករបស់គូប្រកួតផងដែរ»។

លោក​ថា៖«យើងកំពុងស្ថិតក្នុងដំណាក់ការនៃការរៀបចំក្រុម សម្រាប់កីឡាកររបស់យើងគឺមិនទាន់ត្រៀមខ្លួនរួចរាល់ពេញលេញទេ។ វាជារឿងធម្មតាទេដែលកីឡាករមកវិញលេងធ្ងន់ខ្លួន​ មិនសូវស្វាហាប់ ដូច្នេះយើងរំពឹងថានឹងមានការប្រជែងខ្លាំងពីគូប្រកួត»។

គ្រូបង្វឹក​ជនជាតិ​អ៊ុយក្រែន រូប​នេះ​បន្ត​ថា៖«យើងមានរឿងមួយចំនួនដែលត្រូវកែតម្រូវ។ យើងត្រូវកែសម្រួលតំបន់ប្រយុទ្ធរបស់យើង យើងត្រូវកែការបញ្ចប់ទីឲ្យបានល្អ។ កីឡាករនឹងត្រូវត្រៀមខ្លួនពេញលេញ រីករាយ និងរៀបចំឲ្យបានល្អជាងនេះ។ យើងកំពុងទន្ទឹងរង់ចាំការប្រកួតបន្ទាប់ជាមួយព្រះខ័នរាជស្វាយរៀង»។

គួរដឹងថានៅថ្ងៃទីសៅរ៍ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុននេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ ទទួលភ្នំពេញក្រោន ពូល B នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣៕

Share.