ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​​អាមេរិក បាន​គ្រង​តំណែង​ជើង​ឯក​៣សម័យកាល​ជាប់ៗគ្នា ក្នុង​​ពានរង្វាន់​ទះ​អន្តរជាតិ 2021 FIVB Volleyball Women’s Nations League ក្រោយ​យក​ឈ្នះ​​លើ​ក្រុម​ប្រេស៊ីល នៅ​យប់​ថ្ងៃ​សុក្រ លើ​កីឡដ្ឋាន Rimini Fiera ក្នុង​ទីក្រុង Rimini ប្រទេស​អ៊ីតាលី។

សរុប​លទ្ធផល​ចុងក្រោយ៖
-វគ្គ​ផ្ដាច់ព្រ័ត្រ ប្រេស៊ីល ១-៣ អាមេរិក (២៨-២៦,២៣-២៥,២៣-២៥,២១-២៥)
-វគ្គ​ចំណាត់​ថ្នាក់​លេខ៣ ជប៉ុន ០-៣ ទួរគី (១៩-២៥,១៦-២៥,១៧-២៥)

ដូច្នេះ​បញ្ជី​ជ័យលាភី​មាន៖
-ជើង​ឯក៖​អាមេរិក
-ជើង​ឯករង៖ប្រេស៊ីល
-លេខ៣៖ ទួរគី
-លេខ៤៖ ជប៉ុន
-MVP៖ Michelle Bartsch-Hackley (អាមេរិក)
-Best Setter៖ Jordyn Poulter (អាមេរិក)
-Best OH៖ Michelle Bartsch-Hackley (អាមេរិក) និង Gabriela Guimarães (ប្រេស៊ីល)
-Best MB៖ Eda Erdem Dündar (ទួរគី) និង Carol Gattaz (ប្រេស៊ីល)
-Best OPP៖ Tandara Caixeta (ប្រេស៊ីល)
-Best Libero៖Justine Wong-Orantes (អាមេរិក)

ចំណែក​ចំណាត់​ថ្នាក់​ក្រុម​ដែល​ចូលរួម​មាន លេខ​៥ ចិន, លេខ៦ សាធារណរដ្ឋ​ដូមីនីក, លេខ៧​ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និង​លេខ​១៦ ថៃ។

ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueមាន​ក្រុម​ចូលរួម​ចំនួន​១៦​ក្រុម ដោយ​តម្រូវ​ឱ្យ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក។ ការ​ប្រកួត​ដែល​មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១។

ពានរង្វាន់ FIVB Volleyball Women’s Nations League ទើប​បង្កើត​ឡើង​​បាន​៣លើក​ប៉ុណ្ណោះ ដោយ​​ដំបូង​នៅ​ឆ្នាំ​២០១៨ ក្នុង​ទីក្រុង Nanjing ប្រទេស​ចិន ហើយ​អាមេរិក​ជាប់​លេ១ ក្រោយ​ឈ្នះ​ទួរគី ៣សិត​ទល់២ សិត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​នៅ​ឆ្នាំ​២០១៩ បន្ត​ធ្វើ​នៅ​ទីតាំង​ដដែល​ក្នុង​ប្រទេស​ចិន ខណៈ​អាមេរិក បាន​យក​ឈ្នះ​ប្រេស៊ីល ៣សិត​ទល់២សិត ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ នៅ​ឆ្នាំ​២០២០ ព្រឹត្តិការណ៍​នេះ​​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​ទៀត តែ​ត្រូវ​រំសាយ​វិញ ដោយ​សារ​​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕

Telegram-Troryorng
Share.