កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ កីឡាករ Jakub Jankto ខ្សែបម្រើរបស់ក្លិប Getafe និងក្រុមជម្រើសជាតិសាធារណរដ្ឋឆេក បានចេញមុខប្រកាសជាសាធារណៈតាមរយ: Sky Sports ថាខ្លួនស្រលាញ់ប្រុសដូចគ្នា ទោះបីរូបគេធ្លាប់មានសង្សាជាមនុស្សស្រី និងមានកូនប្រុសម្នាក់ក៏ដោយ។

កីឡាករ Jakub Jankto បានប្រកាសដូច្នេះថា៖«​ដូច​អ្នក​ដទៃ​ដែរ ខ្ញុំ​មាន​ចំណុច​ខ្លាំង ខ្ញុំ​មាន​ចំណុចខ្សោយ ខ្ញុំមាន​គ្រួសារ ខ្ញុំ​មាន​មិត្តភក្តិ​របស់ខ្ញុំ​។ ខ្ញុំ​មាន​ការងារ​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយ​ភាព​ស្មោះ​ត្រង់ វិជ្ជាជីវៈ និង​ចំណង់​ចំណូល​ចិត្ត។ ដូចមនុស្សគ្រប់រូបដែរ ខ្ញុំក៏ចង់រស់នៅក្នុងជីវិតរបស់ខ្ញុំដោយសេរីភាព ដោយគ្មានការភ័យខ្លាច គ្មានការរើសអើង គ្មានអំពើហិង្សា ប៉ុន្តែដោយក្តីស្រឡាញ់។ ខ្ញុំ​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ខ្ញុំ​លែង​ចង់​លាក់បាំង​ទៀតឡើយ»។

នេះមិនមែនជាលើកទី១នោះទេ ដោយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខ្សែបម្រើ Josh Cavallo របស់ក្រុម Adelaide United នៃក្របខណ្ឌ​លីគ​កំពូល A-League ប្រទេសអូស្ត្រាលី បានចេញមុខសារភាពប្រកាស​​ជា​សាធារណៈ​ថាខ្លួនជាភេទទី៣ស្រលាញ់ភេទបុរសដូចគ្នាលើបណ្តាញសង្គម Twitter

គួរដឹងថាកីឡាករ Josh Cavallo គឺជាកីឡាករបាល់ទាត់ផ្នែកបុរសដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តដែលហ៊ានចេញមុខប្រកាសជាសាធារណៈថាគាត់គឺជាមនុស្សភេទទី៣ ដែលស្រលាញ់ភេទដូចគ្នា។

យ៉ាងណាមិញ Cavallo បានទទួលសារគាំទ្រជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ពីក្លិបបាល់ទាត់លំដាប់កំពូលផ្សេងទៀតរួមទាំង FC Barcelona, Man United និង Juventus ជាដើម៕

Share.