វៀតណាម កំណត់គោលដៅដណ្ដើមមេដាយមាស នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យ៉ាងហោចណាស់ចំនួនបាន​ចំនួន ១០០គ្រឿង និងបញ្ចប់ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣។

លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំកីឡាជំរុញការរៀបចំ និងកម្មវិធីហ្វឹកហាត់ ដើម្បី​បង្កើត លក្ខខណ្ឌ​ល្អបំ​ផុត​សម្រាប់​អត្ត​ពលិក​ក្នុងព្រឹត្តិការណ៍កីឡា។ ខណៈពេលដែលគោលដៅនេះ វាគ្រាន់តែជាចំនួនពាក់កណ្តាល នៅ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយ​សារ​តែចំនួនប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង, ជិះ​ទូក​កាណូ, គូ​រ៉ាស (Kurash) និងកីឡាកាយវប្បកម្ម​ពុំត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​កម្ពុជា​ឡើយ។

លោក Dang Ha Viet នាយករដ្ឋបាលកីឡាវៀតណាម បានថ្លែងថា៖​«យើងស្ថិតនៅ​ក្រោម​សម្ពាធ​ខ្ពស់​នៅ​មុនស៊ីហ្គេម លើកទី៣២ ពីព្រោះយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយទទួលបានមេដាយមាស ចំនួន ២០៥គ្រឿង និងតំណែងកំពូលតារាង»។

លោកបញ្ជាក់ថា៖ «យើងបានរៀបចំយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅ​លើ​ទឹកដីខ្លួនឯង ហើយរីករាយនឹងគុណសម្បត្តិនេះ រួម​ជាមួយ​នឹង​លក្ខ​ខណ្ឌដ៏​ងាយ​ស្រួល​ផ្សេង​ទៀត ដែលល្អជាងការប្រកួតនាពេលខាងមុខ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានបញ្ចេញច្បាប់ ដែល​កាត់បន្ថយប្រភេទកីឡាខ្លាំងៗរបស់យើង និងកាត់បន្ថយវិញ្ញាសាជាច្រើន។ វានាំ​ទៅ​រក​គម្លាត​សមិទ្ធិផល​ដ៏ធំមួយរវាងហ្គេមទាំង២ សម្រាប់ក្រុមវៀតណាម»។

លោក Tran Duc Phan នាយករងរដ្ឋបាលកីឡាវៀតណាម បានឱ្យដឹងថា៖ «បច្ចុប្បន្ន អត្ត​ពលិក​ទាំង​អស់​ត្រូវ​បានកោះហៅសម្រាប់កម្មវិធីហ្វឹកហាត់យ៉ាងខ្លាំងក្នុងស្រុក។ មួយ​ចំនួន​បាន​នឹង​កំពុង​មាន​ការ​ហ្វឹក​ហាត់​ក្រៅប្រទេស នៅមុនការប្រកួតកីឡានេះ។ លោកបានបន្តថា យើង​ជា​ក្រុម​ខ្លាំង​នៅ​ក្នុង​តំបន់ ហើយជាមួយនឹងកម្លាំងពិតប្រាកដរបស់យើង គឺ​យើងពិតជាអាចរក្សាតំណែងកំពូលទាំង៣ របស់យើងបាន»។

ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើ​នៅ​កម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.