គម្រោងនៃការ​រត់ភ្លើងគប់​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទិ៣២ នៅកម្ពុជា នឹង​ត្រូវចេញ​ដំណើរ​ពី​ភ្នំពេញ តាម​ផ្លូវជាតិលេខ​៥ ដោយ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប បាត់ដំបង និងខេត្ត​​បន្ទាយ​មានជ័យ រួច​ឆ្លង​ចូល​ទៅ​​ខេត្តកំពង់ធំ និងបន្ត​ទៅ​ខេត្ត​កំពង់ចាម ឆ្លងមក​ខេត្តកណ្តាល​វិញ និង​ចុង​ក្រោយ​ចូល​ទៅក្នុងពហុកីឡដ្ឋានជាតិ​តែម្តង។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្នុងកិច្ចប្រជុំ​ត្រួត​ពិនិត្យ​​ការងារ​ដំណើរការរៀបចំពិធីរត់​ភ្លើងគប់កីឡាជុំវិញ​បឹងទន្លេសាប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា៖ «ខេត្ត គាត់ត្រូវរៀបចំធនធានមនុស្ស ដែល​ត្រូវ​ធ្វើការ​រៀប​ចំ​ដង្ហែ និង​រត់​ភ្លើង​គប់។ ការដង្ហែ និងរត់ភ្លើងគប់ នៅខេត្តនីមួយៗ ដែល​ត្រូវ​ឆ្លង​កាត់​ជុំវិញ​បឹង​ទន្លេសាប ​ត្រូវ​មាន​ការ​ចូលរួមរត់ ទាំងថ្នាក់ដឹកនាំខេត្ត និងកីឡាករ កីឡាការិនីឆ្នើម ទាំងពិការ និង​មិន​​ពិការ​ជាដើម ព្រោះការចូលរួមរត់ភ្លើងគប់នេះ គឺជានិមិត្តរូប នៃការចូលរួមព្រឹត្តិការណ៍ និង​ជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រមួយរបស់ពួកគាត់»។

ក្រៅពីនេះ ពួកគាត់ក៏ត្រូវរៀបចំ និង​បំផុស​មហាជន​មក​អបអរសាទរ ក៏ដូចជារៀបចំវេទិកា ដើម្បីទទួលបដិសណ្ឋារកិច្ច ក្នុងការទទួល និង​បន្ដ​រត់ ក៏​ដូច​ជា​ការ​រៀបចំ​កន្លែង​រក្សា​ភ្លើងគប់​ឱ្យ​បានត្រឹមត្រូវផងដែរ។

ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មាន​ប្រសាសន៍ពីកិច្ចប្រជុំ​នេះ បាន​ផ្ដោតសំខាន់លើការងារត្រៀមប្រតិបត្តិ បន្ទាប់ពី​ផែនការ វិធីសាស្ដ្ររៀបចំ និង​គោល​ការណ៍​ផ្សេងៗ ត្រូវបានរៀបចំរួចរាល់។ ដូច្នេះ​ការ​ជួប​ជុំ​ខាង​លើ គឺដើម្បីបែងចែកតួនាទីភារកិច្ចឱ្យបាន​ច្បាស់លាស់ រវាងគណៈកម្មការជំនាញ និង CAMSOC ថា​ធ្វើអ្វីខ្លះ? ហើយខេត្ដពាក់ព័ន្ធត្រូវធ្វើអ្វីខ្លះ?

គួរបញ្ជាក់ថា ការរត់ភ្លើងគប់នេះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ ដើម្បីបំភ្លឺ និង​បង្ហាញ​ពី​សាមគ្គីភាព សន្ដិភាព ទាំង​ក្នុង​ប្រទេស និងតំបន់ ជាពិសេសការរត់ជុំវិញបឹងទន្លេសាប ដែល​ជា​បេះដូង នៃ​ព្រះរាជា​ណាចក្រ​កម្ពុជានេះតែម្ដង៕

Share.