សំណុំរឿងលោក ផែង វណ្ណៈ ដែលត្រូវក្រុមអង្គការសង្គមស៊ីវិលបបួលគ្នាតស៊ូមតិឱ្យទទួលខុសត្រូវចំពោះការប្រើសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្រ្តីអ្នកយកព័ត៌មានវិទ្យុVOD បានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន ដែលបង្ហើយការងារនៅម៉ោងជិត២យប់ទៅហើយនោះ នៅតែមិនអាចចូលស្រាកដោយស្ងប់ចិត្ត។ មិនស្ងប់ចិត្ត ដ្បិតសម្ដេចមិនអស់ចិត្តនឹងរឿងស្តង់ដាពីរ រវាងករណីលោក ផែង វណ្ណៈ និងករណីប្អូនថ្លៃស្រីសម្ដេចដែលទើបអនិច្ចកម្មទៅ។

លោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានអ្នកនយោបាយប្រឆាំងតពូជ ឯកឧត្តម សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស ធ្វើយុទ្ធនាការនិយាយបរិហារយ៉ាងចាស់ដៃ ទាំងតាមរយៈទំព័រហ្វេសប៊ុក និងតាមរយៈវិទ្យុអាស៊ីសេរី ក្នុងគ្រាដែលគ្រួសារកំពុងធ្វើពិធីបុណ្យសព។ សម្ដេចតេជោ មិនអស់ចិត្ត ក៏ព្រោះតែករណីនេះមិនត្រូវបានដឹងលឺ ឬទទួលការជួយឈឺឆ្អាលទាល់តែសោះពីសំណាក់ក្រុមសង្គមស៊ីវិលដែលហាក់ឆ្ពោះតែលើករណីលោក ផែន វណ្ណៈ និងអ្នកកាសែតVOD។

សូមរម្លឹកថា ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ បានប្រួតគ្នាតស៊ូមតិ ដោយសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យចាត់វិធានការតឹងរឹងតបទៅនឹងទង្វើលោក ផែង វណ្ណៈ ដោយអះអាងថាបានប្រើមាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន ដើម្បីអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងទប់ស្កាត់រាល់មាតិកាដែលបង្កប់នូវខ្លឹមសារប្រមាថមាក់ងា ដល់ស្រ្តី។

ជុំវិញករណីនេះ សម្ដេចតេជោ បានសរសេរសារផ្ញើជូនជនរួមជាតិក្នុងន័យដើមថា «យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយ តែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនសុីលុយបរទេសទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណៈ ទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់មុឺនដង ប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី»។

ក្នុងសំណេរដែលត្រូបានបញ្ជាក់ថាធ្វើឡើងនៅម៉ោង១និង៤៩នាទី យប់ថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោបានបន្ថែមថា«ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»។

ជុំវិញការឈឺឆ្អាលរបស់ក្រុមសង្គមស៊ីវិលលើករណីលោក ផែង វណ្ណៈ នេះដែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មានសម្ដែងការសោកស្តាយ និងមិនគាំទ្រចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ និងបានអំពាវនាវដល់បុគ្គលដែលមានវិវាទនឹងគ្នា (លោក ផែង វណ្ណៈ និងអ្នកសារព័ត៌មានVOD) ប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ព្រមទាំងអរគុណសាធារណជនសម្ដែងការមិនពេញចិត្តចំពោះបាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ពលរដ្ឋខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរ។ 

កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងព័ត៌មាន បានកោះហៅលោក ផែង វណ្ណៈ មកជួបពិភាក្សាគ្នា។ ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថាជំនួបនោះ គឺដើម្បីពិភាក្សាអំពីរឿងដែលលោក ផែង វណ្ណៈ ប្រើបណ្តាញសង្គមបញ្ចេញមតិលើហ្វេសប៊ុកខ្លួន។ ក្រោយជំនួបនោះដែរ លោក ផែង វណ្ណៈ ក៏បានសរសេរលិខិតចំហរមួយ លើបណ្ដាញសង្គមហ្វេសប៊ុក បាញ់ឆ្ពោះទៅកាន់ក្រុមអង្គការសង្គមស៊ីវិលទាំង៤០វិញ។

ក្នុងលិខិតចំរនោះ លោក ផែង វណ្ណៈ ទួលស្គាល់ថាការលើកឡើងរបស់ខ្លួនពិតជាមានពាក្យពេចន៍មិនសូវសមរម្យពិតមែន ប៉ុន្តែបានអះអាងថាករណីនេះជាករណ៍បុគ្គលរវាងខ្លួនក្នុងនាមជាពលរដ្ឋម្នាក់ជាមួយអ្នកធ្វើអត្ថាធិប្បាយ វិទ្យុ VOD តែប៉ុណ្ណោះ។ លោកបន្ថែមថា«ខ្ញុំសូមបញ្ជាក់ថាបើគ្មានភ្លើងក៏គ្មានផ្សែងដែរហើយការសរសេរអត្ថបទនោះគឺសរសេរ ក្នុងនាមពលរដ្ឋម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនខ្ញុំដោយខ្ញុំបាទមិនបានប្រើវេបសាយឬទំព័រ ហ្វេសប៊ុកផ្លូវការដែលចុះបញ្ជីនៅក្រសួងព័ត៌មាននោះទេ។ បើបុគ្គលដែលរងការរិះគន់ពីខ្ញុំយល់ថាពាក្យ ពេចន៍របស់ខ្ញុំខុសច្បាប់អាចដាក់ពាក្យប្ដឹងខ្ញុំតាមផ្លូវច្បាប់ទៅតុលាការបាន»៕

Share.