គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយមានការផ្ទៀងផ្ទាត់ជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានកំណត់ថា ការប្រកួតបាល់ទាត់ វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងកំណត់កូតាកីឡាករស្ថិតនៅអាយុក្រោម ២២ឆ្នាំ។

ក្រុមទាំងអស់ត្រូវមានកីឡាករអាយុត្រឹម ២២ឆ្នាំ ឬក្រោម ២២ឆ្នាំ (កើតចំ ឬក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០០១) ទើបអាចមានសិទ្ធិចូលរួមប្រកួត។ ជាមួយគ្នា​នេះ​ផងដែរ​​នឹងមិនមានគោលការ​អនុញ្ញាតសម្រាប់កីឡាករលើសអាយុ ២២ឆ្នាំឡើយ។

សូមរំលឹកថា បទប្បញ្ញត្តិដំបូងនៃអាយុក្រោម ២៣ឆ្នាំ សម្រាប់ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស នៅស៊ីហ្គេម បានអនុវត្តនៅឆ្នាំ២០០១។ យ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៧ ភាគី​ពាក់ព័ន្ធ​បាន​យល់​ព្រម​លើការសម្រេចចិត្តកែសម្រួលមកនៅអាយុក្រោម ២២ឆ្នាំ។

នៅឆ្នាំ២០១៩ ម្ចាស់ផ្ទះហ្វីលីពីន បានកំណត់អាយុសម្រាប់វិញ្ញាសាបាល់ទាត់បុរស ទៅជា U22+2 ដែលមានន័យថា អាចបន្ថែមកីឡាករលើសអាយុ ២២ឆ្នាំ ចំនួន ២នាក់ទៅក្នុងក្រុម មុន​ពេល​ដែល​ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ត្រូវបានអនុម័តលើ​​​អាយុ​កីឡា​បាល់ទាត់ បុរស គឺ U23+3 (ពោល គឺ បន្ថែម កីឡាករ លើសអាយុ ២៣ឆ្នាំ ចំនួន៣នាក់)។
ការផ្លាស់ប្តូរនេះជាមូលដ្ឋាននៅតែគោរពតាម​បទប្បញ្ញត្តិចាស់ ប៉ុន្តែដោយសារស៊ីហ្គេម លើកទី៣១ ពន្យារ​ពេល ១ ឆ្នាំក្រោយផែនការ (ពីឆ្នាំ២០២១ លើកមកប្រកួតនៅឆ្នាំ២០២២ ដោយសារវិបត្តិជំងឺ​កូវីដ-១៩) ក្រុមអាយុ U22 ត្រូវបានប្តូរទៅជា U23។ ខណៈការបង្កើន ៣នាក់ជំនួសឱ្យ ២នាក់​គឺស្របតាមការអនុវត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមាន ៣៧ប្រភេទកីឡា (កីឡាសម្ដែង ១ប្រភេទ) ត្រូវបានដាក់ឱ្យប្រកួត។ ខណ:​ការ​ប្រកួត​វិញ្ញាសាបាល់ទាត់បុរស នឹងចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ គឺគ្រោងប្រកួតបើកឆាកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

Share.