ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សមាជិករបស់ក្លិបបាល់ទាត់បឹងកេត បានវិលត្រលប់ចូលទីលានវិញបានហើយ នៅថ្ងៃទី៥ ខែមីនា ជំនួបទល់នឹង Tiffy Army នៃពានរង្វាន់ Cambodian League Cup ២០២៣ នៅកីឡដ្ឋាន Cambodia Airway បន្ទាប់ពីរបួសដាច់សសៃជង្គង់ ACL ខាងស្ដាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ប្រើពេលសរុប៤០៣ថ្ងៃ ដើម្បីព្យាបាលរបួសទីបំផុត ចាន់ វឌ្ឍនាកា ម្ចាស់អាវលេខ១១ ត្រូវបានលោក Teo Clement គ្រូបង្គោលបឹងកេត ដាក់ឲ្យចូលលេងនៅនាទី៦២’ ជំនួសកីឡាករលេខ១៨ អឿន និតសត្យា ជួយឲ្យបឹងកេត វាយបកយកឈ្នះ Tiffy Army FC ក្នុងលទ្ធផល ៤-៣ ទទួលបាន៣ពិន្ទុជាលើកដំបូងនៅ League Cup។

ក្រោយចប់ការប្រកួត ចាន់ វឌ្ឍនាកា បានថ្លែងថា៖«ខ្ញុំមិនរំពឹងថាថ្ងៃនេះខ្ញុំអាចចូលលេងនោះទេ ប៉ុន្តែខ្ញុំបានពិភាក្សាជាមួយក្រុមគ្រូកាយសម្បទាមុនការប្រកួតរួចរាល់ ដើម្បីធានាថាអាចចូលលេងវិញបាន។ អំឡុងពេលប្រកួតពុំការឈឺចាប់នោះទេ ខណ:ការត្រៀមខ្លួនក៏បានល្អ គ្រប់គឺមិនមានបញ្ហាអ្វីឡើយ។ ខ្ញុំត្រូវការពេលខ្លីបន្តិចទៀត ដើម្បីបានដូចដើម១០០ភាគរយឡើងវិញ»

Share.