កាល​ពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នៃ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការ​ធ្វើបទបង្ហាញអំពីវិធាន និងបទបញ្ញត្តិស្តីពី បច្ចេកទេស និងគ្រប់គ្រងការប្រកួត សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) នៅ បន្ទប់សាលប្រជុំ មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡា។

ការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូ​កាល​២០២៣-២០២៤ គ្រោងប្រព្រឹត្តិទៅនៅខែមីនានេះ ដល់ខែកញ្ញា ឆ្នាំ២០២៣ ចំណែកឯថ្នាក់ជាតិ គ្រោងនឹងចាប់ផ្តើមនៅចុងខែឆ្នូ ឆ្នាំ២០២៣ ឬខែកមរា ដល់ឆ្នាំ២០២៤ ហើយបញ្ចាប់ពាក់កណ្តាលឆ្នាំ២០២៤ ខណៈមានក្រុមចំនួន ២០ចូល​រួមប្រកួត ។

គួររំលឹកថា ចាប់តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុងឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២កន្លងទៅ មានក្រុមចំនួន៥ ផ្សេង​គ្នាបានគ្រងតំណែងជើងឯក ដែល​ក្នុងនោះ មានយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ, ខេត្តត្បូងឃ្មុំ, ព្រៃវែង​អេហ្វស៊ី, កោះកុងអេហ្វស៊ី និងភ្នំពេញហ្គាឡាក់ស៊ី។

គួរបញ្ជាក់ថា សម្រាប់ម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុង​លទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្ត​ព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្ត​ត្បូង​ឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩៕

Share.