កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម សួន ចាន់ណារ៉ូ បានសម្រេច ចិត្ត​យ៉ាង​ច្បាស់​លាស់​ជុំវិញ​អាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រម​ទាំង​ចែក​ផ្លូវ​ជាមួយ​ក្លិបបាល់ទះវិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចប់រួចរាល់។

កីឡាករកម្ពស់ ១,៩៣ម៉ែត្ររូប​នេះ បានប្រាប់ទៅកាន់ CAMBODIA 2023 យ៉ា​ដូច​ច្នេះថា៖ «លោកពិតជាសម្រេចចិត្តច្បាស់មែន បើទោះពេលនេះវ័យហាក់មិនទាន់ជាចាស់ខ្លាំងក៏ដោយ ហើយ​ដើម​ចមនៃការប្រកាសចូលនិវត្តន៍ទាំងវ័យក្មេងបែបនេះ គឺដោយសារតែខ្លួនរូបគេ ចង់​ផ្ដល់​ពេល​វេលា​ជាមួយ​គ្រួសារ​ឱ្យ​បានច្រើនបន្តិច និងមានការងារជាច្រើនទៀត គឺទាក់ទង​នឹង​ការងារ​ជា​មន្ត្រីរាជ​ការ​ដែលត្រូវបំពេញ»។

កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយបែបនេះថា៖ «ខ្ញុំសម្រេចចិត្តច្បាស់ហើយបង គឺចប់ស៊ីហ្គេម ខ្ញុំ​សុំ​ឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបវិសាខាដែរ។ ខ្ញុំឈប់​នេះ​ក៏ដោយ​សារ​ខ្ញុំចង់​ផ្ដល់ឱកាសឱ្យក្មេងៗស្រករក្រោយ គាត់បានបង្ហាញសមត្ថភាព ហើយខ្ញុំទៀតសោត ត្រូវ​ទៅ​បម្រើ​ការងា​រនៅអង្គភាព និងចង់ផ្ដល់ពេលវេលាខ្លះជាមួយគ្រួសារ ព្រោះ​ថា​ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយបាល់ទះនេះ អស់ជាង១០ឆ្នាំហើយដែរ។ ណាមួយទៀត ខ្ញុំក៏ហាក់ថមថយកម្លាំង មិន​នៅខ្លាំង និងរហ័សរហួនដូចមុនដែរបង អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយចប់ស៊ីហ្គេមនេះតែម្ដងទៅ»។

សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ នៅឆ្នាំ២០១២ ដោយ​ចូល​ដំបូង​លេង​ឱ្យក្លិប​បាល់​ទះកង​ពលធំអន្តរាគមន៍លេខ៣ តែ​ក្រោយ​មក​ក៏បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​សសយក​ខេត្ត​ព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខា ដល់បច្ចុប្បន្ន។ អ្នក​លើក​បាល់​របស់​កម្ពុជា​រូប​នេះ បាន​ជាប់ជម្រើសជាតិ នៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេម នៅ​ក្រៅ​ប្រទេស​សរុប​បាន​ចំនួន ៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។

នៅក្នុងចំណោមការចូលរួមប្រកួតស៊ីហ្គេម ទាំង៣លើកនេះ សួន ចាន់ណារ៉ូ បាន​ក្លាយ​ជា​បេក្ខភាព​មួយ​យ៉ាង​សំខាន់ ដែលបានឱ្យជួយក្រុមជម្រើសជាតិ ដណ្តើមបានមេដាយសំរឹទ្ធ ជា​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលេពីខែឧសភា ឆ្នាំ២០២២។ ចំណែក​សមិទ្ធផលលេងឱ្យក្លិបវិញ ចាន់ណារ៉ូ បានជួយឱ្យក្រុមវិសាខា ឈ្នះ​ជើង​ឯក​ជា​ច្រើន​មាន​ដូច​ជា ឆ្នាំ២០១៦ ឈ្នះមេដាយមាស កីឡាជាតិ លើកទី១ ឆ្នាំ២០១៧ បានមេដាយមាស លីគ​ស្រាបៀរ​កម្ពុជា ហើយនៅឆ្នាំ២០១៧ ដដែលនោះ ក៏ឈ្នះបានមេដាយមាសម្ដងទៀត ក្នុងពានរង្វាន់ស្រាបៀរ LEO។ នៅឆ្នាំ២០១៧នោះដែរ វិសាខា បានទៅលេងពានរង្វាន់កម្រិត ( ខ ) នៅថៃ ហើយ​ទទួល​បាន​មេដាយ​មាសទៀត។

កីឡាករ ដែលគេបានដាក់រហស្សនាមថា ជាដៃប៉ះសេលេខ១នៅកម្ពុជា សួន ចាន់ណារ៉ូ បាន​រួម​ដំណើរ​ជា​មួយក្រុមវិសាខា ដើម្បីចូលរួមការប្រកួតពានរង្វាន់កម្រិត «ក» នៅ​ប្រទេស​ថៃ​ម្តង​ទៀត ក្នុងឆ្នាំ២០១៨ និងទទួលបានចំណាត់ថ្នាក់លេខ៣ ហើយនៅឆ្នាំ២០១៨ ដដែលនោះ ក្រុ​មវិសាខា បានឈ្នះមេដាយមាសកីឡាជាតិលើកទី២ ម្ដងទៀត។ ចំណែកឆ្នាំ២០២២ ចាន់ណារ៉ូ ក៏​បាន​ជួយ​វិសាខា​ឱ្យឈ្នះជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ហើយឆ្នាំ២០២៣ បានត្រឹមលេខ២ ក្នុង​រង្វាន់​នេះ​ដដែល ដោយចាញ់ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់៕

ប្រភព៖ Cambodia 2023

Share.