នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំមហាសន្និបាត លើកទី១៧ នៅសណ្ឋាគារ Garden City ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ដើម្បី​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​ ២០២២ និង​បង្ហាញ​ពី​ផែន​ការ​យុទ្ធ​សាស្រ្ត​សម្រាប់​ការ​អភិវឌ្ឍ​កីឡា​បាល់​ទាត់​នៅ​ឆ្នាំ ​២០២៣ ក៏​ដូច​ជា​បោះ​ឆ្នោតបំពេញបន្ថែមសមាជិកគណ:កម្មាធិការប្រតិបត្តិចំនួន១រូប អាណត្តិឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ និងបោះឆ្នោតជ្រើសរើសសមាជិកគណ:កម្មា​ធិ​ការ​​ប្រតិ​បត្តិ​អាណត្តិ​ថ្មី​​ឆ្នាំ​ ២០២៣ ​ដល់​ឆ្នាំ ​២០២៥​ ដែល​មាន​ចំនួន​២នាក់​ផង​ដែរ។

ចំពោះសមិទ្ធផលការងារឆ្នាំ ២០២២ ដែលស្ដែងចេញពីគោលដៅអាទិភាពសកម្មភាពការងាររបស់សហព័ន្ធកីឡាបាល់ទាត់រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបាល់ទាត់ថ្នាល និងយុវជន ការរៀបចំការប្រកួតថ្នាក់ជាតិ និង ចូលរួមការប្រកួតអន្តរជាតិ ការអភិវឌ្ឍក្រុមបាល់ទាត់ក្រុមជម្រើសជាតិគ្រប់កម្រិត ការអភិវឌ្ឍធនធានមនុស្ស មានដូចជា គ្រូបង្ហាត់ អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេស រដ្ឋបាល ពេទ្យ ការអភិវឌ្ឍបាល់ទាត់ក្នុងសាល ការអភិវឌ្ឍបាល់ទាត់នារី ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិ ទាំងផ្លូវការ និងមិត្តភាព។

គោលដៅរបស់ FFC សម្រាប់សកម្មភាពការងារចាប់ពីឆ្នាំ ២០២៣ ទៅគឺការពង្រីក និងពង្រឹងមុខព្រួញទាំង១១ រួមមាន៖
១). រដ្ឋបាល និងការគ្រប់គ្រង
២). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
៣).ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ
៤). ការអភិវឌ្ឍសមាគមទាំង២៥រាជធានីខេត្ត
៥).ការអភិវឌ្ឍក្លិប
៦).ការអភិវឌ្ឍក្រុមជម្រើសជាតិ
៧). ការ អភិវឌ្ឍថ្នាល និងយុវជន
៨). ការអភិវឌ្ឍធនធានគ្រូបង្វឹក
៩).ការអភិវឌ្ឍអាជ្ញាកណ្តាល
១០).ការអភិវឌ្ឍបាល់ ទាត់ក្នុងសាល
១១).ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ។

សរុបសេចក្តីមក ដើម្បីឲ្យក្រុមបាល់ទាត់ ជម្រើសជាតិនៃប្រទេសមួយខ្លាំង លុះត្រាតែចំណុចអាទិភាពទាំង១១ ដែលបានរៀបចំខាងលើនេះ ត្រូវបានអភិវឌ្ឍន៍ឲ្យ ល្អប្រសើរទាំងបរិមាណ និងគុណភាពព្រមគ្នា ។

គួរបញ្ជាក់ថា មហាសន្និតបាត លើកទី១៧នេះ សហព័ន្ធបានរៀបចំបោះឆ្នោតប្រធាន អនុប្រធាន និងគណៈកម្មាធិការប្រតិបត្តិមួយចំនួនទៀត ខណ: ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បន្តជាប្រធានសហព័ន្ធ និងឯកឧត្តម ខៀវ សាម៉េត បន្តជាអនុប្រធានសហព័ន្ធ៕

Share.