សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ បាន​រៀបចំ​កម្មវិធី​ម៉ារ៉ាតុងបាត់ដំបងលើកទី៥ ចម្ងាយ៥គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅ​មុខ​អគារសាលាខេត្តចាស់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានលើកឡើងថា៖ «ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ដែល​មាន​អ្នកចូល​រួម​ប្រមាណជាង ២ពាន់​នាក់​ធ្វើឡើង​ក្នុង​គោល​បំណង​អបអរសាទរ​សង្ក្រាន្តបាត់ដំបង ២០២៣នាពេលខាងមុខ ក៏ដូចជាការចូលរួមចំណែក លើក​កម្ពស់​វិស័យកីឡាឲ្យកាន់តែរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀប​ចំ​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមពាក្យស្លោក ‘‘កីឡារស់នៅក្នុងសន្តិភាព’’»។

លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា៖ ការរៀប​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នេះ​ដើម្បី​ជាការ​លើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ព្រម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សាយពីសក្ដានុពលវិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង សំដៅ​ទាក់​ទាញ​ភ្ញៀវជាតិ អន្តរជាតិ​ដែល​មក​ស្នាក់​នៅ​កម្សាន្ត​សប្បាយ​នៅ​ខេត្តបាត់ដំបង ឱ្យកាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត។

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖«កម្មវិធី​ម៉ារ៉ាតុងបាត់ដំបងធ្វើឡើងក្នុងគោលបំណងធំបំផុតក្នុងការផ្សព្វផ្សាយពីកីឡាដែលសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃកម្ពុជា​បានលើក​ឡើង​ហើយ​គឺ​ក្នុង​មនុស្សម្នាក់​ត្រូវ​ហាត់​កីឡាយ៉ាង​តិច​ឱ្យបាន​មួយ​ប្រភេទនៅក្នុងជីវិតរបស់ខ្លួន។ ឯកឧត្តម បានលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា​ដើម្បី​ពង្រឹង​សុខភាព និងបង្កើនអាយុ»។

ឯកឧត្តម ស សុខា បានថ្លែងបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​សំខាន់ និងចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនដល់កីឡាករ កីឡាការិនី​ជន​ពិការ​ដែល​ការរស់នៅ​ក្នុង​សង្គម​ត្រូវជួយថែទាំគ្នាទៅវិញទៅមកក្នុងរង្វង់ក្រុមគ្រួសារខ្មែរដូចគ្នា៕

Share.