សិល្បៈជាតិ៖ គិត​មកទល់ពេលនេះ គេ​សង្កេតឃើញ​មាន​តារា​សម្ដែង​អាស៊ី​ចំនួន ៥ រូប​មកហើយ ដែលមាន​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្តែង។ តើ​មាន​តារា​ណាខ្លះ តោះ​មក​តាមដាន​ទាំងអស់គ្នា ៖

1-លោក ហាំង ង៉ោ

លោក ហាំង ង៉ោ ជា​តួ​សម្តែង និង​ជា​អ្នកនិពន្ធជនជាតិខ្មែរ​ដែល​បានទទួល​ពានរង្វាន់​អូ​ស្ការ (Oscar) ក្នុង​ឆ្នាំ១៩៨៥ ក្នុង​ផ្នែក​តួ​សម្តែង​រង​ល្អ​បំផុត សម្រាប់​ការសម្តែង​ជា​លើកដំបូង​របស់លោក​នៅ​ក្នុង​រឿង «វាលពិឃាត» (The Killing Fields) ដែល​និយាយ​ពី​ជីវិត​របស់​អ្នកសារព័ត៌មាន​លោក ឌិ​ត ប្រ​ន។ ជា​អកុសល​លោក ហាំង ង៉ោ បានទទួល​មរណៈភាព នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩។ លោក​បាន​ក្លាយជា​បុរស​ខ្មែរ​ដំបូង​គេ​បង្អស់​ដែលមាន​ឈ្នះ​ពានរង្វាន់​ពី Oscar។

2-លោក Ke Huy Quan

លោក Ke Huy Quan បាន​ក្លាយជា​តារា​សម្តែង​ដើមកំណើត​វៀតណាម​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ក្នុង​ឆ្នាំ ២០២៣ ក្នុង​ផ្នែក​តួ​សម្តែង​រង​ល្អ​បំផុត។ លោក​បាន​ក្លាយជា​តួឯក​ប្រុស​អាស៊ី​ទី ២ បន្ទាប់ពី លោក ហាំង ង៉ោ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពានរង្វាន់​របស់​អូ​ស្ការ។ លោក Ke Huy Quan ធ្លាប់បាន​ចូលរួម​សម្ដែង​ភាពយន្ត​ក្នុង​ឧស្សាហកម្ម​របស់​ហូលីវូដ​តាំងពី​វ័យ​កុមារ​មកម្ល៉េះ ដោយ​លោក​សម្ដែង​នៅក្នុង​រឿង Indiana Jones និង Temple of Doom (1984) រឿង Data in The Goonies (1985) រឿង “Head of the Class” (1991) និង​រឿង Encino Man (1992) ផងដែរ។

3-លោកស្រី Miyoshi Umeki

តារា​សម្ដែង និង​ច្រៀង​ជនជាតិ​ជប៉ុន គឺ​លោកស្រី Miyoshi Umeki បាន​ក្លាយជា​តារា​ស្រី​អាស៊ី​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បានឈ្នះ​ពានរង្វាន់​អូ​ស្ការ​នៅក្នុង​ឆ្នាំ ១៩៥៨ ក្នុង​ផ្នែក​តួ​សម្តែង​រង​ល្អ​បំផុត តាមរយៈ​ភាពយន្ត​រឿង Sayonara។ លោកស្រី​កើត​នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ ១៩២៩ ហើយ​បាន​មរណភាព​នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០។ លោកស្រី​បាន​សម្ដែង​ជា​តួ Katsumi ក្នុង​ភាពយន្ត Sayonara ឆ្នាំ ១៩៥៧ ហើយ​សម្ដែង​ជា​តួ Mei Li ភាពយន្ត​តន្ត្រី Broadway ឆ្នាំ ១៩៦។

4-លោកស្រី Youn Yuh-jung

តារា​សម្ដែង​ជើងចាស់​កូរ៉េខាងត្បូង​គឺ​លោកស្រី Youn Yuh-jung បានឈ្នះ​ពានរង្វាន់​អូ​ស្ការ​ក្នុង​ផ្នែក​តារា​សម្តែង​រង​ល្អ​បំផុត​នៅ​ឆ្នាំ ២០២១ ក្នុង​វ័យ ៧៣ ឆ្នាំ តាមរយៈ​ភាពយន្ត​រឿង Minari សម្ដែង​ជា​តួ​ជីដូន។ លោកស្រី Youn គឺជា​តារា​សម្តែង​ស្រី​ដំបូងបង្អស់​របស់​ប្រទេស​កូរ៉េខាងត្បូង​ដែល​បានឈ្នះ​ពានរង្វាន់​អូ​ស្ការ និង​ជាតា​រា​ស្រី​អាស៊ី​លំដាប់​ទី ២បន្ទាប់ពី​តារា​សម្តែង​ជនជាតិ​ជប៉ុន Miyoshi Umeki ដែល​បានឈ្នះ​តាំងពី​ឆ្នាំ ១៩៥៨ នៅក្នុង​រឿង Sayonara ។ ភាគច្រើន​មហាជន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ចំពោះ​លោកស្រី តាមរយៈ​រឿង​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​កូរ៉េខាងត្បូង​អស់​ពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ដោយ​លោកស្រី​សម្ដែង​ជា​តួអង្គ​កាច ឆ្នាស។

5-លោកស្រី Michelle Yeoh

លោកស្រី Michelle Yeoh បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដោយបាន​ដើរ​ជា​តួអង្គ​នាង Evelyn Quan Wang នៅក្នុង​ខ្សែភាពយន្ត​ឈ្មោះ «Everything Everywhere All At Once»។ ភាពយន្ត​នេះ​បាន​ទទួលបាន​រង្វាន់​អូ​ស្ការ​ចំនួន៧ រួមមាន​ទាំង​ពានរង្វាន់​រូបភាព​ល្អ​បំផុត (Best Picture) និង​ពានរង្វាន់​តួរង​ប្រុស​ល្អ​បំផុត​សម្រាប់​លោក Ke Huy Quan ផងដែរ។ លោកស្រី​ជា​តារាភាពយន្ត​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ម៉ាឡេស៊ី និង​មាន​ឈាមជ័រ​សែស្រឡាយ​ចិន។ លោកស្រី​ជាតា​រា​ឯក​ស្រី​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​ទទួលបាន​ពានរង្វាន់​អូ​ស្ការ​ផ្នែក​តួឯក​ស្រី​ល្អ​បំផុត​នៅ​ឆ្នាំ ២០២៣នេះ៕

Share.