សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និង​អាជ្ញា​កណ្តាល​អន្តរជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា (NOCC) ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែល្អប្រសើរ ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយគ្រូឧទ្ទេស គឺលោក Marton Kereszturt ជាជនជាតិហុងគ្រី ដែល​ជា ប្រទេសដើមកំណើត នៃប្រភេទកីឡា Teqball នេះតែម្តង។ លោក Marton Kereszturt បាន​សន្យា​ថា លោកនឹង ព្យាយាមបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជាឱ្យមានការយល់ និង​បាន​ដឹង​ពី​លក្ខខណ្ឌ បទបញ្ជាប្រកួត និងប្រវត្តិ នៃប្រភេទកីឡា Teqball នេះឱ្យបានច្បាស់លាស់ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ឱ្យបានលឿន នៅក្នុងប្រទេសកម្ពុជា។

លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានថ្លែង នៅក្នុងពិធីបើកវគ្គថា៖«សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា គឺជាប្រភេទកីឡាថ្មី ទើបបានដាក់បញ្ចូល ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅកម្ពុជា លើកនេះ ហើយអ្នកទាំងអស់គ្នា នៅទីនេះ ជាសមាជិកដ៏សំខាន់របស់សហព័ន្ធយើង។ យើងត្រូវរួបរួមគ្នាខិតខំសិក្សា និង អភិវឌ្ឍសមត្ថភាព ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់លើតុរបស់យើង ឱ្យកាន់តែមានការរីក ចម្រើន ១កម្រិតទៀត»។

លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានលើកឡើងថា បាល់​ទាត់លើតុ គឺជាប្រភេទកីឡាថ្មីមួយ សម្រាប់កម្ពុជា ហើយក៏ថ្មី សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ផងដែរ។ ជាមួយនឹងការបង្កើតថ្មីនូវសហព័ន្ធជំនាញកីឡាមួយនេះ ការ​បណ្តុះ​បណ្តាល​ធន​ធាន គឺជាការចំបាច់បំផុត ដើម្បីអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹក កម្រិតមូលដ្ឋាន និង អាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។

អគ្គលេខាធិការរងរូបនេះ គូសបញ្ជាក់ទៀតថា៖ «ការបើកវគ្គបណ្តុះបណ្តាលនេះ គឺធ្វើ​យ៉ាង​ណា​ឱ្យ​យើង​ត្រៀមខ្លួនឱ្យបានមុតមាំ សម្រាប់ការប្រកួត ស៊ីហ្គេម នាខែឧសភា ខាងមុខ។ តាម​រយៈ​ការ​សិក្សា និងអនុវត្តផ្ទាល់ជាមួយ គ្រូឧទ្ទេសមកពីប្រទេសដើម នៃកីឡា Teqball នេះ យើងរំពឹងថា សិក្ខាកាមកម្ពុជា នឹងទទួលបានទាំងចំណេះ និង ជំនាញដ៏ពិតប្រាកដមួយ សម្រាប់យកទៅអនុវត្ត នៅពេលយើងធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ខាងមុខនេះ»។

លោក អន ចន្ត្រាសំរិត បានបញ្ជាក់ថា ៖«កីឡា Teqball មានការប្រកួតប្រជែង ដូច​ប្រភេទ​កីឡា​ផ្សេង​ៗ ដែរ គ្រាន់តែមេដាយ ដែលយើងដណ្តើមបានមិនរាប់បញ្ចូល ក្នុងបញ្ជីផ្លូវការនៃស៊ីហ្គេម នោះទេ។ ទោះបែបនេះក្តី ក៏កីឡាករ កីឡាការិនីរបស់យើងមានទឹកចិត្តមុតមាំ និងឆន្ទៈពិតប្រាកដ ក្នុង​ការ​បង្ហាញ​សមត្ថភាព ក្នុងព្រឹត្តិការណ៍នេះ ឱ្យបានល្អ ព្រោះបន្ទាប់ពីបង្ហាញវត្តមានជាលើកដំបូង ក្នុង​ព្រឹត្តិការណ៍ ស៊ីហ្គេម នេះហើយ គឺ កីឡា Teqball នឹងត្រូវដាក់ឱ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម ឆ្នាំ២០២៥ តែម្តង»។

សូមបញ្ជាក់ថា Teqball ជាប្រភេទកីឡាមួយ ក្នុងចំណោមប្រភេទកីឡាទាំង៣៧ ដែល​ត្រូវ​បាន​ដាក់​ឱ្យ ប្រកួត ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្តែការប្រកួត កីឡា Teqball មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមេដាយផ្លូវការ ក្នុង ស៊ីហ្គេម នោះទេ ពោលគឺ គ្រាន់តែជាការប្រកួតមិត្តភាពធម្មតា រវាង​ប្រទេសចូលរួម ចំនួន ៧ រួមមាន ម្ចាស់ផ្ទះ កម្ពុជា ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ៕

Share.