អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានថ្កោលទោសលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញវោហាសាស្រ្តនុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់លោក ពូទីន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ ប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត នៅក្នុងប្រទេស បេឡារុស្ស ដែលអាចបង្កើនការប្រឈមមុខដាក់គ្នាជាមួយប្រទេសលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២៧ ខែ មីនា ឆ្នាំ ២០២៣។

អ្នកនាំពាក្យអង្គការណាតូ លោកស្រី អូអាណា ឡាំងជេស្គូ (Oana Lungescu) បាននិយាយកាលពីថ្ងៃ អាទិត្យថា «វោហាសាស្រ្តនុយក្លេអ៊ែររបស់រុស្ស៊ី គឺមានគ្រោះថ្នាក់ និង គ្មានការទទួលខុសត្រូវ។ ណាតូ មានការប្រុងប្រយ័ត្ន ហើយយើងកំពុងតាមដានស្ថានការណ៍នេះយ៉ាងម៉ត់ចត់។ យើងមិនទាន់ឃើញការផ្លាស់ប្ដូរណាមួយនៅក្នុងជំហរនុយក្លេអ៊ែររបស់រុស្ស៊ី ដែលតម្រូវឲ្យយើងកែសម្រួលវិធានការរបស់ខ្លួននៅឡើយទេ»។

នៅក្នុងការអត្ថាធិប្បាយរបស់លោក ពូទីន កាលពីថ្ងៃ សៅរ៍ បានប្រដូចផែនការខាងលើទៅនឹងទង្វើរបស់សហរដ្ឋអាមេរិកដែលដាក់អាវុធពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននៅទ្វីបអឺរ៉ុបយ៉ាងដូច្នោះដែរ ខណៈរុស្ស៊ីបានអះអាងថា មិនបំពានលើការសន្យាមិនរីកសាយភាយនុយក្លេអ៊ែររបស់ខ្លួនទេ។

ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរមួយក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតលើពិភពលោក បានសម្ដែងការព្រួយបារម្ភអំពីការប្រកាសពីផែនការរបស់លោក ពូទីន អង្គការណាតូ បាននិយាយាថា ការសន្យាមិនរីកសាយភាយនុយក្លេអ៊ែរ របស់ប្រធានាធិបតីរុស្ស៊ី និង ការពិពណ៌នារបស់គាត់អំពីការដាក់ពង្រាយអាវុធរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស គឺហួសពីការកត់សម្គាល់។

លោកស្រី អូអាណា ឡាំងជេស្គូ (Oana Lungescu) បានបន្ថែមថា «គំនិតរបស់រុស្ស៊ីចំពោះការដាក់ពង្រាយនុយក្លេអ៊ែររបស់ណាតូ គឺជាការយល់ច្រឡំទាំងស្រុង។ សម្ព័ន្ធមិត្តរបស់ណាតូ ប្រកាន់យកការធ្វើសកម្មភាព ដោយផ្អែកលើការគោរពយ៉ាងពេញលេញចំពោះការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ពួកគេ មានតែរុស្ស៊ីទេ ដែលជារឿយៗក្បត់ពាក្យសន្យា ស្ដីពីការគ្រប់គ្រងអាវុធរបស់ខ្លួន»។

ទន្ទឹមនោះ ទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក អូលេកស៊ី ដានីឡូវ (Oleksiy Danilov) បាននិយាយថា ផែនការរបស់រុស្ស៊ីនឹងធ្វើឲ្យប្រទេស បេឡារុស្ស មានអស្ថិរភាព ដោយលោកបាននិយាយថា បេឡារុស្សត្រូវបានទីក្រុង ម៉ូស្គូ ចាប់ធ្វើជាចំណាប់ខ្មាំង។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសប្រទេស លីទុយអានី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុង ម៉ូស្គូ និង ទីក្រុង Minsk ដើម្បីឆ្លើយតបទៅនឹងផែនការរបស់រុស្ស៊ី។ យើងនឹងស្នើសុំការដាក់ទណ្ឌកម្មបន្ថែម នៅក្នុងកញ្ចប់នៃការដាក់ទណ្ឌកម្មដែលកំពុងត្រូវបានពិភាក្សានៅទីក្រុង ប្រ៊ុចសែល។

សូមជម្រាបថា ផែនការនេះ គឺជាសញ្ញាព្រមាននុយក្លេអ៊ែរដ៏ច្បាស់បំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្ដើមនៃការឈ្លានពានអ៊ុយក្រែន កាលពី ១៣ខែមុន ហើយអ៊ុយក្រែនបានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិជាការឆ្លើយតបផងដែរ៕

ប្រភព៖ CNA

Share.