ប្រទេស លីទុយអានី បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ខ្លួននឹងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុង ម៉ូស្គូ និង ទីក្រុង មីន៍ ដើម្បីឆ្លើយតបទីនឹងផែនការរបស់រុស្ស៊ីក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅក្នុងប្រទេស បេឡារុស្ស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២៧ ខែ មីនា ឆ្នាំ ២០២៣។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសលីទុយអានី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអង្គការណាតូ បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ្វីដែលណាតូហៅថា «វោហាសាស្រ្តនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និង គ្មានការទទួលខុសត្រូវ»។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ប្រទេស លីទុយអានី នឹងស្នើសុំការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និង ​បេឡារុស្ស ដើម្បីដាក់បញ្ចូលក្នុងកញ្ចប់នៃការពិន័យដែលកំពុងត្រូវបានពិភាក្សានៅទីក្រុងប្រ៊ុចសែល។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងរួមគ្នាជាមួយដៃគូ Euro-Atlantic, លីទុយអានី នឹងសម្រេចចិត្តពីរបៀបប្រតិកម្មចំពោះផែនការយោធានិយមទាំងនេះនៃរបបរុស្ស៊ី និងបេឡារុស្ស»។

ក្រសួងបានបន្ថែមថា «បេឡារុស្ស កាន់តែបាត់បង់អធិបតេយ្យភាពរបស់ខ្លួននៅពេលគាំទ្រ និង ជួយដល់ការឈ្លានពានរបស់រុស្ស៊ី ហើយបានបញ្ចូលខ្លួនទៅក្នុងផែនការយោធារបស់រុស្ស៊ីកាន់តែខ្លាំង ដែលជាកត្តាហានិភ័យបន្ថែមសម្រាប់តំបន់បាល់ទិក»។

សូមជម្រាបថា នេះគឺជាលើកដំបូងបំផុតចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០មក ដែលរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្រៅព្រំដែនរបស់ខ្លួន៕

ប្រភព៖ CNA

Share.