សេតវិមានបាននិយាយកាលពីថ្ងៃ ច័ន្ទ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីប្រកាសពង្រាយអាវុធនុយក្លេអ៊ែរ និង សព្វាវុធនានានៅបេឡារុស្ស ថា សហរដ្ឋអាមេរិកមិនបានរកឃើញសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីបានចាប់ផ្ដើមប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំ ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខជាតិ លោក John Kirby បាននិយាយថា «រដ្ឋបាលលោក បៃដិន មិនបានឃើញចលនានៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តណាមួយ ឬ ប្រភេទណាមួយនោះទេចាប់តាំងពីការប្រកាសនោះ ហើយយើងពិតជាមិនបានឃើញការចង្អុលបង្ហាញណាមួយដែលថា លោក ពូទីន បានធ្វើការសម្រេចចិត្តប្រើប្រាស់អាវុធប្រល័យលោកនៅក្នុងប្រទេស អ៊ុយក្រែន បែបណានោះទេ។ យើងកំពុងបន្ដតាមដានរឿននេះយ៉ាងដិតដល់»។

កាលពីថ្ងៃ សៅរ៍ លោក ពូទីន បានប្រកាសថា រុស្ស៊ីនឹងបញ្ចប់ការសាងសង់ទីតាំងសម្រាប់ អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅក្នុងប្រទេស បេឡារុស្ស ដែលជាប្រទេសជិតខាងរបស់ខ្លួន នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៣ ដោយបង្កឲ្យមានការព្រួយបារម្ភ និង ថ្កោលទោសពីអ៊ុយក្រែន និង សម្ព័ន្ធមិត្តលោកខាងលិច។

សូមជម្រាបថា ផែនការនៃការប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះ ត្រូវបានលោក ពូទីន និង សមភាគីរបស់លោក គឺ លោក អេឡិចសេនឌ័រ ឡូកាសសេនកូ (Alexander Lukashenko) លើកឡើងជាយូរមកហើយ។ លោក ពូទីន បាននិយាយថា រុស្ស៊ី ក៏បានប្រគល់ប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពអាចបាញ់នុយក្លេអ៊ែរដល់បេឡារុស្សរួចហើយដែរ៕

ប្រភព៖ Anadolu

Share.