សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានប្រកាសជាផ្លូវការនៅ​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ​ដោយ​គណ:​កម្មកា​ររៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានអនុញ្ញាតជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យ​ប្រើប្រាស់​ឯកសណ្ឋានកីឡារបស់សហព័ន្ធផ្ទាល់ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

ហេតុដូច្នេះ ក្នុងការប្រកួតវិញ្ញាសារបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជាទាំង២ក្រុម ពោលគឺក្រុមបុរស និងក្រុមនារី នឹងប្រើប្រាស់ឯកសណ្ឋានដែលផលិត និងផ្គត់ផ្គង់ដោយក្រុមហ៊ុន Varaman នៃ Collection ២០២២-២០២៤ ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ រួមមានដូចជា ឯក​សណ្ឋាន​ធ្វើ​ដំ​ណើរ ឯកសណ្ឋានហ្វឹកហាត់ និងឯកសណ្ឋានការប្រកួត។

VARAMAN (វរ្ម័ន) គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផល​ដែល​ផលិត​ដោយដៃបងប្អូនខ្មែរយើងផ្ទាល់​ ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។​

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​​ថ្លែង​អំណរ​យ៉ាង​ជ្រាល​ជ្រៅជាទី​បំផុត​ចំពោះ សម្ដេច ពិជ័យ សេនា ទា បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និង​ជា​ប្រធាន​គណ:​កម្មការ​ធិការជាតិ CAMSOC ដែលបានឯកភាពផ្ដល់សិទ្ធិឲ្យសហព័ន្ធបាល់ទាត់ បាន​ប្រើ​ប្រាស់​នូវ​សម្ភារ:​ឬ ឯក សណ្ឋានផ្ទាល់ខ្លួន ដែលជាផលិតផលស្នាដៃរបស់ខ្មែរ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​យើង នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សូមរំលឹកថា មុនប្រកាសជាផ្លូវការនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Varaman (វរ្ម័ន) បាន​ប្រកាស​ថា​ក្រុម​ជម្រើសជាតិកម្ពុជាទាំងក្រុមបាល់ទាត់បុរស និងនារី នឹងប្រើឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន) សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នេះបើយោងតាមហេតុផលដូចខាងក្រោម៖

១. សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិច្ចព្រមព្រៀងជាមួយ Varaman (វរ្ម័ន) ចាប់​ផ្តើម​ជាផ្លូវការ​ពីខែ​មិថុនា​ឆ្នាំ២០២២ រហូតដល់ខែមិថុនាឆ្នាំ២០២៦ ថា​សម្រាប់​ការ​ឧបត្ថម្ភ​គ្រប់​ឯកសណ្ឋាន​ការ​ប្រកួត​ការ​ហ្វឹកហាត់និង​ការ​ធ្វើ​ដំណើរ​ដែល​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការ។

ក្រុមជម្រើសជាតិកម្ពុជាគ្រប់កម្រិតនឹងប្រើប្រាស់ឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន) ក្នុង​ការ​ប្រកួត​ការហ្វឹកហាត់ និង​ការធ្វើដំណើរ​ទាំង​អស់​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​មាន​ក្នុង​អំឡុង​ពេលនៃកិច្ចសន្យា (ភាគី​ដែល​បំពាន​កិច្ច​ព្រមព្រៀង​នឹង​ប្រឈម​មុខ​ការ​ពិន័យ​លើ​ការ​បំពាន​កិច្ច​សន្យា) ។

២. យោងតាមឯកសាររូបភាពខាងក្រោមនេះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នៃ​ប្រទេសម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម ទាំង៤លើកកន្លងមកប្រើឯកសណ្ឋាននៃម៉ាក Brand ដែល​ឧបត្ថម្ភ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ៕

Share.