កំពង់ធំ៖ លោក  អ៊ុត វណ្ណរ៉ា  អភិបាលស្រុកកំពង់ស្វាយ  បានឲ្យដឹងនាព្រឹកមិញថា  នៅវេលាម៉ោង០៦:៣០នាទី ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់បន្តិចបន្តួចលាយឡំ និងខ្យល់កន្រ្តាក់ ធ្វើឲ្យរលំដើមឈើតាមថ្នល់ជាតិលេខ៦២ ចំនួន០៧កន្លែង នៅចន្លោះភូមិវល្លិ៍យាវ  ឃុំត្រពាំងប្ញស្សី និងភូមិកូនត្នោត  ឃុំជ័យ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ។

ក្រោយពីបានទទួលព័ត៌មានភ្លាមៗ លោកអភិបាលស្រុកកំពង់ស្វាយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក មេឃុំ/ភូមិ  និងប្រជាការពារចុះកាត់ដើមឈើដែលដួលចេញពីថ្នល់ជាតិ.ដើម្បីសម្រួលចរាចរណ៍ឡើងវិញ។

 លោក  អ៊ុត វណ្ណរ៉ា  អភិបាលស្រុកកំពង់ស្វាយ បញ្ជាក់បន្ថែមថា  ដោយឡែកចំពោះរថយន្តកាមេរីមួយគ្រឿងធ្លាក់ពីលើថ្នល់គ្រាន់តែរអិលទេគឺគាត់បើកតិចៗ  ក្រោយមកក្រុមការងារដើរធ្វើចរាចរណ៍  សម្រួលឡើងវិញ ក្នុងនោះមិនមានអ្នកទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនោះទេ៕

អត្ថបទ៖ កំពង់ធំ

Share.