សិល្បៈជាតិ៖ ថ្មីៗនេះសារព័ត៌មានត្រយងបានទទួលដំណឹងថា តារាចម្រៀង វណ្ណដា បានចូលរួមជាថវិកាចំនួន ៣០០ ដុល្លារជូនក្មេងស្រីរើសអេតចាយដ៏កម្សត់ម្នាក់ ដែលនាងបានដង្ហើយរកជំនួយពីសប្បុរសជន ដើម្បីយកមករៀបចំពិធីបុណ្យសពជូនម្ដាយ។

ដើមរឿងគឺ ស្ត្រីមេម៉ាយប្ដីជាអ្នកប្រកបរបររើសអេតចាយចិញ្ចឹមកូនស្រីម្នាក់ក្នុងបន្ទុក និងមានជម្ងឺប្រចាំកាយយូរឆ្នាំ ហើយមិនមានលទ្ធភាពទៅព្យាបាលទេ ។ នៅពេលមិនស្រួលខ្លួនគាត់បានប្រើកូនស្រីឱ្យទៅទិញថ្នាំឱ្យលេប។ លុះពេលកូនស្រីទៅទិញថ្នាំហើយត្រលប់មកវិញ ស្រាប់តែម្ដាយដេកស្លាប់បាត់ទៅហើយ និងមិនមានលទ្ធភាពយកសពម្ដាយទៅបូជាទេ ។

ហេតុការណ៍នេះស្ថិតនៅចំណុចបន្ទប់ជួល​មួយកន្លែង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ។ ត្រឹមតែ២៤ម៉ោង គេឃើញមានមហាជន និងក្រុមអ្នកសារព័ត៌មាន បានជួយក្មេងស្រីដែលម្ដាយស្លាប់ចោលនោះ ចាត់ចែងយកសពម្ដាយទៅធ្វើបុណ្យនិងបូជាតាមប្រពៃណីទាំងអារម្មណ៍អាឡោះអាល័យសោកសង្រែងជាពន់ពេក​។

សូមជម្រាបថា ទឹកចិត្តរបស់តារាចម្រៀង វណ្ណដា និងសប្បុរសជនដទៃទៀត ត្រូវបានអ្នកលេងបណ្ដាញសង្គមពោលរំភើបជំនួសផងដែរ៕

Share.