នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសជាផ្លូវការថាក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមដ៏ខ្លាំង និងពោរពេញដោយបទពិសោធន៍ខ្ពស់ នៅប្រទេសចិន​ ទាំងវិញ្ញាសារបាល់ទះក្នុងសាល និងឆ្នេរខ្សាច់។ ខណ:ការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៧ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១៨:០០នាទីល្ងាច។

យោងតាមលោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយងថា៖«ពេល​ត្រឡប់​មក​ពី​ម៉ាឡេស៊ី​ វិញ​ក្រុម​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បាល់ទះ​មក​ពី​ខេត្ត​សានទុង របស់​ចិន នៅ​ថ្ងៃ​ទី​៥ និង​ទី៧ ខែ​មេសា ឆ្នាំ​២០២៣ ខាង​មុខ ក្នុង​រាជធានី​ភ្នំពេញ»។

ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​បញ្ជាក់​​ទៀត​ថា៖«ក្រុម​សាន់ទុង ជា​ច្រើន​ល្អ​មួយ​នៅ​ប្រទេស​ចិន ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​ក្នុង​ស្រុក ហើយ​បច្ចុប្បន្ន​គេ​ឈរ​កំពូល​តារាង នៅ​លីគ​បាល់ទះ​ចិន»។

បច្ចុប្បន្នក្រុមបាល់ទះជម្រើសជាតិកម្ពុជា កំពុងតែស្ថិតនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ​ Tri-Nation Volleyball Cup 2023 ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ីឈុតធំ និងឈុត B ក៏ដូចជា​សិង្ហបុរី។

ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ ខណ:និង​នៅ​ថ្ងៃ​ទី៣១ ខែ​មីនា កម្ពុជា ប៉ះ ​ក្រុម​ម៉ាឡេស៊ី B៖

ទំនាក់ទំនងទិញសំបុត្រទស្សនាតាមរយ:៖
– ០១៧ ៦៨៤ ៨៨១
– ០៩៦ ៥៩១ ៦៩៤២
សំបុត្រមាន២ប្រភេទ៖
-ផ្នែកខាងក្រោម តម្លៃ ១០,០០០រៀល
-ផ្នែកខាងលើ តម្លៃ ៨,០០០រៀល។

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើសជាតិបាល់ទះកម្ពុជា កំពុង​តែ​ត្រៀមខ្លួន​ និង​កម្តៅ​សាច់ដុំ​ ដើម្បី​ឆ្ពោះទៅ​ការ​ប្រកួត​ជា​ផ្លូវការ ក្នុង​​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែល​ធ្វើ​ឡើង​លើ​ទីលាន​បាល់ទះ​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ ខាង​មុខ៕

Share.