លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាសគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ថា៖«ការដឹក​នាំ​របស់​លោក Fekix ពី​មុន​គឺជា​ចំណុចដែល​យើង​យក​មក​ធ្វើ​ជាការ​ពិចារណា។ សមិទ្ធិផលពី​មុន​របស់​គាត់​ បាន​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព ដែល​វា​ជាចំណុច​ចង់​ឲ្យ​យើង​មាន​មនោសញ្ចេតនា​ជា​មួយ​គាត់»។

លោកបន្តថា៖ «យើងក៏មានជម្រើសបេកភាព​ជា​ច្រើន មកពី​ខាង​ក្រៅ ប៉ុន្តែលក្ខខណ្ឌ​ខ្លះ​មិន​ទាន់ត្រូវគ្នាជា​មួយ​នឹង​បរិបទបាល់ទាត់យើង​នៅពេល​នេះ។ ដូច​ច្នេះ​ហើយ​សហព័ន្ធ និង​គណកម្មការ​ប្រតិបត្តិ បាន​សម្រេច​ជាឯកច្ឆ័នជ្រើសរើសយកគាត់»។

អគ្គលេខាធិការសហព័ន្ធបន្ថែមថា៖ «មូលហេតុដែល​យើង​សម្រេច​ប្រាស​ពីសមាសភាព​គ្រូបង្វឹកថ្មី​ក្នុង​ពេល​ឥឡូវ​នេះ​ដោយសារយើង​មាន​កម្មវិធី​ប្រកួត​ដែល​និង​ខិតចូល​មក​ដល់​ឆាប់ៗនេះ ដែល​ត្រូវ​រៀប​ចំក្រុម​ជម្រើសជាតិ​ចូល​រួម ដូច​ជាការ​ប្រកួត​ជម្រុះ FIFA World Cup និថ​ការ​ប្រកួត​ផ្សេងៗទៀត​ជាច្រើន​ទាំង​ក្នុង​អាស៊ាន និងទ្វីបអាស៊ី។ ម្លោះ​ហើយ​យើង​ក៏បាន​ចរចារគ្នារួច​រាល់ រួម​ទាំង​គ្រូបង្វឹក​បច្ចុប្បន្ន​ក៏បាន​ដឹង​អំពីកិច្ចការនេះ​ផង​ដែរ»។

ជុំវិញ​ការ​ប្រកាស​នេះ​ដែរ​លោក Felix Dalmas បាន​លើកឡើង​ថា៖ «ខ្ញុំពិត​ជា​រីករាយ​ដែល​បាន​ត្រឡប់​មកវិញ។ ខ្ញុំពិតជានឹករលឹកប្រទេសកម្ពុជា ជាខ្លាំង។ ខ្ញុំចង់អរគុណដល់ លោកអគ្គលេខាធិការ ជា​ពិ​សេស​ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា និងអ្នករាល់គ្នា ដែល​បាន​ជឿ​ទុក​ចិត្ត​លើ​ខ្ញុំ»។

លោកបាន​បញ្ជាក់បន្ថែមថា៖ «វាពិតជាល្អដែលឃើញលីគបច្ចុប្បន្នមានការអភិវឌ្ឍ។ គ្រូប​ង្វឹក​ចាស់​និងថ្មី បាន​នាំ​មក​នូវ​បទ​ពិ​សោធន៍ ល្អៗ និងភាពជាកីឡាករអាជីពជូនដល់កីឡាករ។ ខ្ញុំក៏​បាន​ឃើញ​កីឡាករ​ថ្មីៗល្អៗជាច្រើន ចំណែក​កីឡាករ ដែលយើងមានពីមុនក៏មានការរីកចម្រើនផងដែរ។ វា​ពិត​ជា​រំភើប​ដែល​ឃើញ​នូវអ្វីទាំងអស់នេះ។ យើង​ចង់​បន្ត​ធ្វើ​ការ​ងារ​ឲ្យ​បាន​ល្អ​ដូច​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន។ យើង​ចង់​បង្កើត​ក្រុម​មួយ​ដែលតំណាងឲ្យ អ្នកទាំងអស់គ្នា ជា​ក្រុម​មួយ​ដែល​អ្នក​អាច​មាន​មោទកភាព​ទៅលើ និងនាំភាពរីករាយពេលដែល មើលយើងប្រកួត។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​ពី​អតីត​កាល​គឺថា គ្មាននរណាម្នាក់អាចធ្វើវាដោយម្នាក់ឯង បាននោះទេ យើង​ត្រូវ​ការ​ចូល​រួម​ពី​អ្នក​ទាំង​អស់​គ្នា»។

​គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង​លោក Félix Dalmásជនជាអាហ្សង់ទីន បច្ចុប្បន្ន​មាន​វ័យ​ ៣៥ឆ្នាំ ជា​គ្រូប​ង្គោល​ថ្មីរបស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទាំងឈុតធំ និងឈុតU23 ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភា ខាងមុខ។ លោក Félix Dalmás ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយ​អ្វី​ដែល​អ្នក​គាំ​ទ្រ​កម្ពុជា​ចងចាំមិនភ្លេចនោះគឺ លោកបានឈរដឹកនាំកូនក្រុមទាំងមានបញ្ហារបួសជើងមិនទាន់វះកាត់ និងជួយក្រុមកម្ពុជាបំបែកប្រវត្តិសាស្រ្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន៕

Share.