សិល្បៈអន្តរជាតិ៖ ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់តែលឺរឿងរ៉ាវព្រេងនិទានពី តុក្កតាខ្មោចដែលមានសក់វែង ជាពិសេសតាមរយៈភាពយន្តមួយចំនួនរបស់លោកខាងលិច។ ប៉ុន្តែយើងជឿថា អ្នកខ្លះនៅមិនទាន់បានដឹងលឺពី​រឿងរ៉ាវ​រន្ធត់​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​របស់​​តុក្កតា​ជប៉ុន​នោះទេ។

នៅក្នុងថ្ងៃនេះ ត្រយង នឹងនាំអារម្មណ៍ប្រិយមិត្តមកដឹងពីរឿងរ៉ាវរបស់ តុក្កតាខ្មោចសក់វែង Okiku ដែលមានសក់ដូចមនុស្សមានវិញ្ញាណសណ្ឋិត។

Okiku គឺជាតុក្កតាជប៉ុនចាស់មួយដែលប្រជាជជប៉ុនបានដាក់គោរពបូជានៅក្នុងប្រាសាទមួយក្នុងទីក្រុង Iwamizawa ។ តុក្កតាខ្មោចដូចមានវិញ្ញាណនេះ មានពាក្យចចាមអារ៉ាមថា ជាតុក្កតាខ្មោចដែលមានសក់វែងដូចមនុស្សពិតប្រាកដ។ មានអ្នកខ្លះនិយាយថា វា​មាន​វិញ្ញាណ​​ក្មេង​ស្រី​តូច​ម្នាក់ចូលសណ្ឋិត។

តុក្កតាមួយនេះមានរឿងដំណាលមួយនិយាយថា ក្មេងប្រុស Eikichi Suzuki អាយុ 17 ឆ្នាំ បានទិញតុក្កតាមួយនេះទៅឱ្យប្អូនស្រីរបស់គេដែលមានឈ្មោះថា Okiku នៅឆ្នាំ 1918 ។ ប្អូនស្រីរបស់ក្មេងប្រុសនេះមានអាយុ 3 ឆ្នាំ នាងស្រលាញ់តុក្កតានេះខ្លាំងណាស់។ នាងយកវាទៅជាមួយនាងគ្រប់ទីកន្លែង សូម្បីតែពេលនាងគេងក៏ដោយ។ តុក្កតានេះ មានកំពស់មិនដល់ ៤០ សង់ទីម៉ែត្រនោះទេ មានសក់ត្រឹមស្មា និងមានស្លៀកឈុតបុរាណរបស់ជនជាតិជប៉ុន។  រឿងវ៉ាវចម្លែកៗបានកើតឡើងលើក្មេងស្រីនោះ ។

នាងចាប់ផ្ដើម​ធ្លាក់ខ្លួន​ឈឺ​ ក្ដៅខ្លាំង រហូតដល់គាំបេះដូង​ស្លាប់តែម្ដង​។ រឿងចម្លែកនេះ គ្រាន់តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយប៉ុណ្ណោះ។ យ៉ាងណាមិញ គ្រួសាររបស់ក្មេងស្រីនោះបានរក្សាទុកតុក្កតាមួយនឹង នៅក្នុងទីសក្ការបូជាតូចមួយនៅក្នុងផ្ទះ ដើម្បីរក្សាទុកការចងចាំរបស់នាង។ គ្រួសាររបស់នាងបានដាក់​ឈ្មោះតុក្កតានោះ​ថា “Okiku” ហើយពួកគេ​តែងតែ​មក​បួងសួង​សុំ​កូនស្រីជាមួយ​តុក្កតា​នេះ​។

រហូត​ដល់​ថ្ងៃ​មួយ​ ពួក​គេ​បាន​កត់​សម្គាល់​ឃើញ​ថា មានរឿងចម្លែកកើតឡើងពី​តុក្កតានោះទៀតហើយ។ នោះ​គឺ​ម៉ូដ​សក់​របស់​វា​ ត្រង់ភ្លឹងគ្មានភ្លី ប៉ុន្តែវាដូចជាសក់មនុស្សរស់ពិតៗអីចឹង។ ពួកគេសង្កេតសក់របស់តុក្កតានោះ កាន់​តែដុះ​វែង​ទៅៗ​មិន​គួរ​ឱ្យ​ជឿ ប្រៀបដូចសក់មនុស្សដែលមានការលូតលាស់ជារៀងរាល់ថ្ងៃ។ រឿងចម្លែកនេះបាន​ធ្វើ​ឱ្យគ្រួសារ​របស់​ក្មេង​ស្រី​មាន​ជំនឿថា តុក្កតានេះមានវិញ្ញាណកូនស្រីសណ្ឋិត ហើយពួកគេជឿថា កូនស្រីរបស់ពួកគេគឺនៅរស់។

នៅឆ្នាំ 1938 គ្រួសាររបស់ក្មេងស្រី Kikuko បានសម្រេចចិត្តចាកចេញពីកោះហុកកៃដូ ហើយសម្រេចចិត្តមិនយកតុក្កតានោះទៅជាមួយ។ ពួក​គេ​បាន​គិតថា ការទុកតុក្កតាមួយនេះឱ្យ​នៅ​លើ​កោះហុកកៃដូគឺជារឿងប្រសើរបំផុតហើយ។ ពួកគេបានរកឃើញដំណោះស្រាយល្អមួយ ដោយប្រគល់តុក្កតាខ្មោចនោះទៅប្រាសាទ Manenji ។ ក្រោយមក តុក្កតា Okiku បានក្លាយជានិមិត្តរូបនៃប្រាសាទតូចមួយនេះ ក្នុងការបួងសួងសុំកូនស្រី រហូតដល់ពាក្យចចាមអារ៉ាមអំពីតុក្កតាខ្មោចមួយនេះ បានចាប់ផ្ដើមរីករាលដាលនិងនិយាយពីមាត់មួយទៅមាត់មួយ ធ្វើឱ្យមានមនុស្សជាច្រើនដែលចង់មកមើលតុក្កតានោះ ដោយផ្ទាល់ភ្នែករបស់ពួកគេ។

អ្វីដែលសំខាន់​អ្នកដែលចូលទៅក្នុងប្រាសាទ ចង់ឃើញតុក្កតាខ្មោចនោះ គឺមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថត​រូបឡើយ។ រហូតមកទល់សព្វថ្ងៃនេះ ពាក្យចចាមអារ៉ាមថា តុក្កតាខ្មោច Okiku មានសក់ប្រវែងដល់ត្រឹមជង្គង់។ ហើយនៅពេលដែលសក់របស់វាមានប្រវែងវែងពេក នោះព្រះសង្ឃ​ដែលនៅក្នុងប្រាសាទ នឹង​កាត់​វា​សម្រាប់បូជា។​ មានប្រភពខ្លះនិយាយថា ​បើអ្នក​ចូលទៅមើលឱ្យកាន់តែ​ជិត​ អ្នកអាចឃើញធ្មេញរបស់តុក្កតានោះថែមទៀតផង។

ប្រភពខ្លះអះអាងថា មានការស៊ើបអង្កេតបែបវិទ្យាសាស្ត្រមួយដែលបង្ហាញថា សក់របស់តុក្កតាខ្មោច Okiku គឺជាសក់របស់ក្មេងពិតប្រាកដ។ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​​ថា ​វា​អាច​លូតលាស់​ដោយ​ខ្លួន​ឯង​នោះ​ទេ។ លើសពីនេះទៅទៀតវាគ្រាន់តែជា មាន​ការ​អះអាង​ ពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ។ សូមជម្រាបថា រឿងរ៉ាវរបស់ តុក្កតាវិញ្ញាណខ្មោចសណ្ដិត Okiku ក៏ត្រូវបានផលិតជាខ្សែភាពយន្តជាច្រើនរឿង ដែលមានឈុតឆាកលងបន្លាចឱ្យអ្នកទស្សនាលស់ព្រលឹងថែមទៀតផង៕

Share.