សិល្បៈជាតិ៖ គិតមកត្រឹមថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣នេះ ភាពយន្ត «​ទេព​ហត្ថា​» ដែលជាភាពយន្តលើកស្ទួយពីរបាំព្រះរាជទ្រព្យខ្មែរ បានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត បានចំនួន ៤ ថ្ងៃមកហើយ។ ក៏ប៉ុន្តែតាមការសង្កេត គេមើលឃើញថា សន្ទុះនៃការគាំទ្រភាពយន្តនេះគឺមានតែនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ ជាក់ស្ដែងនៅក្នុងរោងភាពយន្តគឺសល់កៅទំនេរពេញៗរោង ពោលគឺគ្មានអ្នកទៅទស្សនា។

តាមការបង្ហោះនៅលើហ្វេសប៊ុក Hatta ហត្ថា បានបង្ហោះរូបភាពជាច្រើនសន្លឹកបញ្ជាក់ថា ភាពយន្តឯកសារ «​ទេព​ហត្ថា​» ពិតជាអភ័ព្វជាងភាពយន្តបែបរន្ធត់ ឬភាពយន្តបែបកំប្លែង ដែលមានអ្នកគាំទ្រទស្សនាពេញរោង រហូតពេលខ្លះស្ទើរតែកក់កៅអីទស្សនាមិនទាន់ផង។ ទំព័រហ្វេសប៊ុកផេក Hatta ហត្ថា បានបំផុសជាគំនិតថា ៖ «អ្នកស្រឡាញ់របាំ អ្នកគាំទ្ររបាំ អើយទៅណាអស់ហើយ តោះតោះ»។

ក្នុងនោះ មានអ្នកលេងបណ្ដាញសង្គមលើកឡើងជាមតិថា ៖ «Hall ខ្ញុំបានជិត១០នាក់ដែរ Documentary video ទស្សនាហើយមានអារម្មណ៍ក្តុកក្តួល ចង់ស្រក់ទឹកភ្នែក សរសើរគ្រូរបាំនិងព្រះនាងយើងណាស់ ចូរខ្មែរយើងចងចាំថា វប្បធម៌ផ្សារភ្ជាប់ជាមួយប្រទេសជាតិ ប្រទេសមួយរីកចម្រើនទៅបានក៏ដោយសារវប្បធម៌អរិយធម៌របស់ប្រទេសនោះដើរទន្ទឹមគ្នាដែរ។ ជារួមមក យើងត្រូវលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរជាចាំបាច់»។

ខ្លះទៀត​និយាយថា ៖ «ម្នាក់ៗ ស្រែកតែតាមបណ្តាញសង្គម ស្រលាញ់ណាស់។ តែបើអោយទៅអង្គុយមើលគ្មានទេ។ កុំថាឡើយក្នុងរោងកុន ទោះចាក់អោយមើលសេរី ក៏គ្មានអ្នកគាំទ្រដែរ។ ការគាំទ្រចេញពីចិត្ត តែក៏ត្រូវការថវិកាខ្លះសម្រាប់ទ្រទ្រង់ដែរ។ បើគាំទ្រទាំងអស់គ្នា គួរតែចំណាយថវិកាបន្តិចៗ ដើម្បីលើកទឹកអោយខំ ផលិតបន្ថែម គ្រាន់តែជាគំនិតខ្ញុំ »។

ហើយមានអ្នកខ្លះទៀតនិយាយថា ៖ «ពិបាករឿង Show Time បន្តិច​ (ពិបាកដែរ​ខាងរោងកុន​ គិតតែរឿងលុយពេក)​ បើជាភាគយន្តឯកសារចឹងគួរមានអ្នកឧបត្ថម ឬរដ្ឋចាត់ចែងចាក់តាមទូរទស្សន៍​ ឬ Live តាម ​FB,​YouTube​ អោយប្រជាជនទូទៅបានមើលផងទៅ» ។

និងខ្លះទៀតនិយាយថា៖ «ឃើញផេកធំៗបានបង្ហោះថា show time មានតែមួយ ហើយបងៗ Comment មួយចំនួនក៏ថា show time ចំម៉ោងគាត់ធ្វើការ ចឹងគាត់ទៅមើលអត់បាន បើសិនជាអាច ពេលឈប់ចាក់ក្នុង cinema គួរដាក់ក្នុង app ដែលបង់លុយបានមើលរឿងកើតក៏បានដែរ អ្នកមិនបានទៅ គាំទ្រនៅរោងកុន ក៏អាចគ្រាំទ្រនៅផ្ទះបាន ណាមួយបើមើលក្នុង app យើងអាចមើល view count ថាមានអ្នកគាំទ្រច្រើនប៉ុណ្ណា»។

ទាំងអស់គ្នានេះគឺជាមតិលើកឡើងនៅលើបណ្ដាញសង្គម ដែលបានវែកញែកពីមូលហេតុដែលនាំឱ្យភាពយន្តឯកសារដ៏ល្អឯកមួយនេះ មិនសូវមានអ្នកគាំទ្រទស្សនាច្រើននៅក្នុងរោង។ តែយ៉ាងណាមិញ មហាជនរំពឹងថា ភាពយន្តនឹងដាក់បញ្ចាំងនៅលើបណ្ដាញសង្គមដូចជា Youtube ជាដើម ក្រោយបញ្ចប់ការបញ្ចាំងនៅក្នុងរោង។

សូមជម្រាបថា ភាពយន្ដ ​«​ទេព​ហត្ថា» រយៈ​ពេល​ ១ ម៉ោង ​២៦ ​នាទីផ្ដោត ​លើ​សាច់រឿង​សំខាន់​ចំនួន​ ២ ជា​ការ​បង្កើត​ក្បាច់​របាំ​​ «នាង​វឌ្ឍ​នា​ទេវី»ដោយ​ព្រះ​រៀម​នរោត្ដម​ បុប្ផា​ទេវី ជា​ស្នា​ព្រះ​ហស្ដចុង​ក្រោយ​របស់​ទ្រង់​ និង​ប្រវត្ដិ​របាំ​ព្រះ​រាជ​ទ្រព្យតាំងពី​ឆ្នាំ ​១៩០៦​។ ភាពយន្តនេះបានឧទ្ទិសចំពោះ​សម្តេច​ព្រះរាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ដែល​ទ្រង់​បាន​ចូលរួម​ ​លើកស្ទួយ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​ឱ្យ​ល្បី​រន្ទឺ​ចូល​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។

​​ភាពយន្ត​ ​រឿង​ ​«​ទេព​ហត្ថា​»​ ​នេះ​ ​ជា​ស្នាដៃ​ដឹកនាំ​របស់​លោក​ ហ្សា​វី​យ៉េ ​ដឺ​ ​ឡូ​ហ្សា​ន​ (X​a​vie​r ​d​e​ ​L​a​u​z​an​n​e​) ​និង​មាន​ការចូលរួម​សម្តែង​ដោយ​នាដក​ ​នាដកា​របាំ​ក្មេង​ចាស់​ជាច្រើន​រូប​ ​ដូចជា​ ​អ្នក​គ្រូ​ ​ប៉ែន​ ​សុខ​ហួន​ ​អ្នក​គ្រូ​ ​វ័ន​ ​សា​វ៉ៃ ​អ្នក​គ្រូ​ ​សូ​ភី​លីន​ ជៀ​ម​សា​ភី​រ៉ូ ​លោកគ្រូ​ ព្រឿ​ង​ ឈៀ​ង​ ​នាដកា​ ​សុខ​ ​ណា​លី​ស​ ​និង​ ​សេរី​វណ្ណ​ កុ​សន​ ​ជាដើម​៕

Share.