សិល្បៈជាតិ៖ ផលិតកម្ម Wonder Film Entertainment បានបញ្ចេញខ្សែភាពយន្តខ្នាតធំទី ៥ របស់ខ្លួនដែលមានចំណងជើងថា «កំណើតអរូប» ដែលជាភាពយន្តបង្ហាញពីផ្នត់គំនិតបែបវិទ្យាសាស្ត្រ និងអបិយជំនឿខ្មែរ។ ភាពយន្តកម្រិតស្ដង់ដាគុណភាពអន្តរជាតិមួយនេះ បានប្រកាសបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។

លោក សែម វិសាល បានបញ្ជាក់នៅមុខអ្នកសារព័ត៌មានជាច្រើននាក់ថា ក្រុមការងារផលិតកម្មបានចំណាយពេលជាច្រើនខែសម្រាប់ផលិតភាពយន្តមួយនេះឡើង ដោយសម្រិតសម្រាំង ប្លង់ថត រូបភាព វិចិត្រកម្មទីតាំងថត ខ្លឹមសារសាច់រឿង បច្ចេកទេសសំឡេង ដែលមានក្រុមការងារផលិតគឺសុទ្ធតែជាកូនខ្មែរទាំងអស់។ លោកបន្តថា សម្ដែង​នៅក្នុងភាពយន្ត «កំណើតអរូប» គឺមានទាំងបរទេស និងតារាសិល្បៈខ្មែរល្បីឈ្មោះ ដែលជាផ្នែកមួយ​ជួយ​ឱ្យ​ភាពយន្តនេះឆ្ពោះទៅកាន់ទីផ្សារឆាកអន្តរជាតិ។

យ៉ាងណាមិញ ខ្សែភាពយន្ត «កំណើតអរូប» បានឆ្លុះបង្ហាញពីផ្នត់គំនិតបែបវិទ្យសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿខ្មែរដ៏ព្រឺព្រួចបែបមន្តអាគមផ្លូវងងឹត និងការធ្វើពិធីបែបសាសនាទាំង ៣ ​រវាងព្រះពុទ្ធ ព្រហ្មញ្ញ​​ និង​គ្រិស្ដ រួម​ទាំង​ការ​តុបតែង​ខ្លួន​បែប​ប្រពៃណី​ខ្មែរនូវ​របៀប​ស្លៀក​ពាក់ក្បិន​និង​ក្រណាត់​ប៉ាក់ មន្តអាគម​ផ្លូវងងឹត​ដែល​យក​សាកសព​ផ្កាប់មុខគ្រប់យ៉ាង​ជា​ទម្រង់​ខ្មែរ ជាការ​ប​ញ្ចូល​ពិសេស​ដោយ​មិន​ចម្លង​ទម្រង់​ណាមួយ​ពីបរទេស។

ភាពយន្តនេះគឺផ្ដើមចេញពីក្រុមគ្រួសារបរទេសមួយក្រុមបានមករស់នៅក្នុងស្រុកខ្មែរ និងបានជួបរឿងចម្លែកៗនៅក្នុងផ្ទះរបស់ពួកគេ។ រូបភាពមនុស្សធ្មប់ស្លៀកពាក់​ខ្មៅ​ដែលតាមយាយីដល់គ្រួសារបរទេសនោះ​ បានធ្វើឱ្យគ្រួសារទាំងមូលក្រឡាប់ចាក់ រហូតដល់បាត់បង់កូននៅផ្ទៃទៀតផង។ រឿង​រ៉ាវ​អាថ៌កំបាំង​កើត​ឡើង​ជា​ហូរហែ ដែល​គ្រួសារ​មួយ​នេះ​ព្យាយាម​តាម​ស្រាយ​ចំណង​ដោយ​មិន​បោះបង់​ចោល​គ្នា បើ​ទោះបី​ជា​មាន​រឿង​អ្វី​ក៏ដោយ។

ភាពយន្តនេះដែរ បានជ្រើសទីតាំងថតសំខាន់ៗមាននៅក្នុងខេត្តសៀមរាប វត្តបាកានខេត្តពោធិសាត់មានបដិមាបែរព្រះភក្ត្រទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន ដែលនឹងក្លាយជាផ្នែកមួយចូលរួមក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងវិស័យទេសចរណ៍របស់កម្ពុជាតាមរយៈទិដ្ឋភាពស្អាតដែលបានផ្ដិតយកមកបង្ហាញ។

លោក សែម វិសាល បានបន្តបញ្ជាក់ទៀតថា មែនទែនទៅ ក្រៅពីបញ្ចាំងភាពយន្ត «កំណើតអរូប» នៅក្នុង​រោង កុន​ទូទាំងប្រទេសហើយ ភាពយន្តនេះក៏ត្រូវបាននាំចេញទៅបញ្ចាំងនៅទីផ្សារអន្តរជាតិផងដែរ ដោយចាប់ ពីការបញ្ចាំងតាមប្រទេសជិតខាងជាមុនសិន។ លោកបន្តថា បន្ទាប់ពីភាពយន្តរន្ធត់មួយនេះ ផលិតកម្ម Wonder Film ក៏ត្រៀមនឹងបង្ហាញភាពយន្តរបស់ខ្លួនចំនួន ៣ រឿងផ្សេងទៀត ដែលសុទ្ធតែជាភាពយន្តកម្រិតស្ដង់ដាអន្តរជាតិទាំងអស់។

សូមជម្រាប ភាពយន្ត «កំណើតអរូប» មានរយ:ពេល១ម៉ោង និង៤៥នាទីចាក់បញ្ចាំងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ខាងមុននេះ នៅគ្រប់រោងភាពយន្ត។ លោក វិសាល បាន​លើក​ឡើង​ថា លោក​រំពឹង​ថា ​ភាព​យន្ត​នេះ​ជា​ភាព​យន្ត​មួយ​ដែល​អាច​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ទស្សនិក​ជន​​ឱ្យ​ងាក​មក​គាំទ្រ​​ខ្មែរ​​​វិញ​ ដោយ​សារ​ទាំង​ផលិត​ករ​និង​អ្នក​ដឹកនាំ​រឿង​ក្នុង​ស្រុក​បាន​និង​កំពុង​ព្យា​យាម​ផលិត​រឿង​ប្រកប​ដោយ​គុណ​ភាព​​។

Share.