សិល្បៈ​ជាតិ​៖​ អ្នកនាង​ ប្រាសាទ​ ដាវីន​ បាន​ប្រាប់​នៅ​ចំ​មុខ​អ្នកសារព័ត៌មាន​ជា​ច្រើន​នាក់​ថា​ ខ្លួន​គ្រោង​នឹង​បង្កើត​កម្មវិធី​ប្រកួត​សម្រស់​មួយ​ដែល​មាន​គុណភាព​ស្តង់ដារ​ និង​មាន​ការ​ហ្វឹកហាត់​បេក្ខភាព​ចូល​រួម​ប្រកួត​រយៈ​ពេល​យូរ​យ៉ាង​ម៉ដ្ឋចត់​។ ការ​និយាយ​បែប​នេះ​ បន្ទាប់​ពី​អ្នកនាង​ ទទួល​បាន​បទពិសោធន៍​ថ្មី​ពី​ការ​រៀបចំ​កម្មវិធី​ Miss​ Supranational​ Cambodia​ 2023​ ដែល​ទើប​បញ្ចប់​ពី​ពេល​ថ្មី​ៗ​នេះ​។​

អ្នកនាង​ ប្រាសាទ​ ដាវីន​ ទទួល​ស្គាល់​ថា​ កន្លង​មក​អ្នកនាង​ក៏​ធ្លាប់​រិះគន់​នូវ​ភាពចន្លោះប្រហោង​​នៃ​ការ​រៀប​ចំ​កម្មវិធី​ធំ​ៗ​ផ្សេង​ៗ​ទៀត​ដែល​អ្នក​នាង​មើល​ឃើញ​នឹង​ភ្នែក​ ប៉ុន្តែ​អ្នកនាង​មិន​ដឹង​ថា​ ការ​ចូល​មក​ប្រឡូក​រៀបចំ​មួយ​ឱ្យ​ដំណើរការ​​បាន​យ៉ាង​រលូន​នោះ​ ធាតុ​ពិត​គឺ​វា​ភាព​លំបាក​ប៉ុណ្ណា​នោះ​ទេ​។​

អ្នក​នាង​បញ្ជាក់​ថា​ ការ​ដែល​អ្នកនាង​ធ្លាប់​រិះគន់​កម្មវិធី​តែ​មាត់​ទទេ​ នោះ​មិន​បាន​ជួយ​កែប្រែ​អ្វី​ឱ្យ​កម្មវិធី​ល្អ​ប្រសើរ​ជាង​មុន​នេះ​ លុះ​ត្រា​តែ​អ្នកនាង​ហ៊ាន​ចំណាយ​ទាំង​ថវិកា​ និង​ពេល​វេលា​មក​រៀបចំ​កម្មវិធី​ ទើប​អាច​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​ដែល​អ្នក​នាង​ចង់​បាន​។​

ភ្ជាប់​ជាមួយ​ឃ្លា​ដែល​អ្នកនាង​ ប្រាសាទ​ ដាវីន​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ «​ខ្ញុំ​រឹតតែ​ដឹង​ច្បាស់​ជាមួយ​សង្គម​មួយ​នេះ​»​ បាន​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ថា​ អ្នកនាង​នឹង​លាលែង​ពី​តំណែង​របស់​កម្មវិធី​។ ប៉ុន្តែមួយឃ្លានេះបានធ្វើឱ្យ​​អ្នកនាង​យល់ច្បាស់ពីវិស័យបវរកញ្ញា​ និងមិនមែន​បាន​ន័យ​ថា​ ចប់​កម្មវិធី​ Miss​ Supranational​ Cambodia​ 2023​ ភ្លាម​អ្នកនាង​លាឈប់​ពី​អនុប្រធាន​រៀបចំ​កម្មវិធី​នោះ​ទេ តែ​អ្នកនាង​នឹង​ប្រឹង​ដុស​ខាត់​សមត្ថភាព​បេក្ខភាព​ជ័យលាភី​បន្ត​ទៀត ​ដើម្បី​ឱ្យ​ពួក​គេ​ក្លាយ​ជា​គ្រាប់​ពេជ្រ​មួយ​ដែល​ភ្លឺ​ចែង​ចាំង​នៅ​លើ​វេទិកា​ប្រកួត​លំដាប់​អន្តរជាតិ​។

ទោះជាយ៉ាងណា គម្រោង​ដែល​អ្នកនាង ប្រាសាទ ដាវីន ចង់​ផលិត​កម្មវិធី​ប្រកួត​សម្រស់​ដោយ​ខ្លួន​ផ្ទាល់​ គឺ​ស្ថិត​នៅ​កម្រិត​នៃ​ការ​ស្ទាបស្ទង់​នៅ​ឡើយ​ ព្រោះ​អ្នកនាង​បារម្ភ​ថា​ នៅ​ពេល​ចេញ​មក​បង្កើត​សមិទ្ធផល​ថ្មី​ដោយ​ខ្លួនឯង​ភ្លាម​ គឺ​អាច​ប្រឈម​នឹង​ខ្វះ​កម្លាំង​គាំទ្រ​។

អ្នកនាង​ ប្រាសាទ​ ដាវីន​ យល់​ឃើញ​ថា​ ខ្លួន​នឹង​ខំ​ពង្រឹង​សមត្ថ​បន្តិច​ទៀត​សិន​ មុន​នឹង​បោះ​ជំហ៊ាន​ទៅ​មួយ​កម្រិត​ទៀត​ ណាមួយ​អ្នកនាង​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​ បេក្ខភាព​បវរកញ្ញា​ ដែល​ស្ថិត​ក្រោម​ការ​មើលថែ​របស់​អ្នកនាង​ឡើយ​៕​

Share.