លោក Jamie Spears ឪពុក​បង្កើត​របស់​តារា​ចម្រៀង​ Britney Spears បាន​ស្នើ​សុំ​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​​កូន​ស្រី​អះអាង​ ថា​ខ្លួន​បាន​​​បាត់បង់​សិទ្ធិ​សេរី​ភាព​ ​សូម្បី​តែ​​ការ​សម្រេច​ចិត្ត​លើ​ការ​ប្រើប្រាស់​ឱសថ​ ដោយ​សារ​តែ​ច្បាប់​រក្សា​ការពារ​ និង​ឃ្លាំមើល​​។

មេធាវី​របស់​លោក​ Jamie Spears បាន​​ឱ្យដ​ឹងថា​លោក​ឪពុក​រូប​នេះ​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដែល​បាន​ដឹង​បញ្ហា​លំបាក​និង​ការ​ឈឺចាប់​របស់​កូន​ស្រី​លោក​ ដូច្នេះ​លោក​ស្នើ​សុំ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​​លើក​ឡើង​ខាង​លើ​។ Britney Spears ត្រូវ​បាន​​តុលការសម្រេច​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ​និង​ មើល​ថែ​ទាំ​ពី​ឪពុក​របស់​អ្នក​នាង​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ ក្រោយ​ពី​អ្នក​នាង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។​

Britney Spears បាន​ប្រាប់​ចៅក្រម​កាល​ពី​សប្ដាហ៍​មុន​ថា​អ្នក​នាង​ត្រូវ​បាន​បង្ខំ​ឱ្យ​លេបថ្នាំ​ Lithium ដែល​ផ្ទុយ​ពី​វត្ថុ​បំណង​របស់​អ្នក​នាង​ ជ​ា​ពិសេស​ទៀត​ត្រូវ​បាន​ហាម​ឃាត់​មិនឱ្យ​រៀបកា ​ឬដក​ឧបករណ៍​ការពារ​កំណើត​ចេញ​ ដូច្នេះ​អ្នក​នាង​ចង់​ឱ្យ​ច្បាប់​ឃ្លាំ​មើល​និង​ការពារ​នេះ​បញ្ចប់​។​

លោក Jamie បាន​កាន់កាប់តំណែង​ជា​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​កិច្ច​ការងារ​ផ្ទាល់​ខ្លួន​កូន​ស្រី​រហូត​ដល់​ឆ្នាំ​២០១៩​ ទើប​លោក​ចាក​ចេញ​ពី​មុខ​ងារ​នេះ​ ដោយ​ជំនួស​មក​វិញ​ដោយ​ Jodi Montgomery ជា​អ្នក​ចាត់​ចែង​បណ្ដោះ​អាស​ន្ន​។ ឆ្នាំ​មុន​ Britney បាន​ដាក់​ពាក្យ​ប្ដឹង​​ជំទាស់​មិន​ឱ្យ​ឪពុក​របស់​អ្នក​នាង​អាច​ត្រលប់​មក​កាន់​តំណែង​របស់​លោក​វិញ​។

Britney Spears និង ឪពុក Jamie Spears មុន​មិន​ទាន់​បែកបាក់​

ខណៈ​ដែល​មេធាវី​របស់​ឪពុក​ Britney Spears បាន​និយាយ​នៅ​ក្នុង​ឯកសារ​ថ្មី​ថា​ លោក Jamie មិនមាន​ចេតនា​ព្យាយាម​ទាមទារ​សិទ្ធិ​ ឬ​ចង់​ចូល​ទៅ​ពាក់ព័ន្ធ​ក្នុង​កិច្ចការងារ​ផ្ទាល់​ខ្លួន​ ឬ​ ការព្យាបាល​របស់​កូន​ស្រី​​ឡើយ​។

ចំណែក​មេធាវី​របស់​ Montgomery ឈ្មោះ​ Lauriann Wright បាន​ប្រកាស​ឱ្យដ​ឹង​ដែរថ​ាកូន​ក្ដី​របស់​ខ្លួន​មាន​ការហត់​នឿ​យ​យ៉ាង​ខ្លាំង​ដែល​ចំណាយ​ចិត្ត​កាយ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​ Britney Spears មាន​សេចក្ដី​សុខ​ ហើយ​កូន​ក្ដី​ខ្លួន​ក៏​​បាន​ត្រៀម​ឯកសារ​ដើម្បី​បង្ហាញ​ជូន​ដល់​តុលាការ​ដើម្បី​សុំ​និរាករណ៍សេចក្ដី​សម្រេច​ឃ្លាំ​មើល​និង​ការពារ​លើ​តារា​ចម្រៀង​ Britney Spears។

នៅ​ក្នុង​តុលាការ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ Britney Spears បាន​ហៅ​ឪពុក​របស់​ខ្លួន​ថា​ ឆ្នើង​ឆ្នៃ ​និង​ ក្ដោបក្ដាប់​គ្រប់យ៉ាង​ «គាត់​ពេញ​ចិត្ត​ នឹង​​ក្ដោបក្ដាប់​ទៅ​​លើ​អ្វី​ៗ​គ្រប់​យ៉ាង​»។

អ្នក​គាំទ្រ​របស់​ Britney Spears កន្លង​មក​បាន​ជួយ​ចេញ​មក​ធ្វើ​យុទ្ធនាការ​ ​ស្រែក​ទាមទារ​ឱ្យ​ ដោះ​លែង មាន​សេរីភាព ដើម្បី​ឱ្យ​មាន​សិទ្ធិគ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ ក៏​ដូច​ជា​មាន​សិទ្ធិ​បាន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ផង​ដែរ​។​

គួរ​ដឹងដែរថ​ា តុលការ​​នៅថ្ងៃ​ទី២​ ខែ​កក្កដា ឆ្នាំ​២០២១ តុលាការ​បាន​សម្រេច​បដិសេធ​សំណើរ​សុំ​និរាករណ៍​សិទ្ធិ​ឃ្លាំ​មើល​និង​ការពារ​របស់​លោក​ Jamie Spears មក​លើ​កូន​ស្រី​ Britney Spears តែ​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ Bessemer Trust មាន​សិទ្ធិ​រួម​​ក្នុង​ការ​ឃ្លាំ​មើល​និង​ការ​ពារ​លើ​ Britney Spears ៕​

ប្រភព៖ Asianone

Telegram-Troryorng
Share.