សិល្បៈជាតិ៖ បន្ទាប់ពីទទួលបានតំណែងរងលំដាប់ទី ១នៃកម្មវិធី Miss Supranational Cambodia 2023 កញ្ញា ខេមា​ ម៉េតេយ៉េ នាពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង។ នាងទើបតែក្ដោបបានតំណែងជាតួឯកស្រីនៅក្នុងភាពយន្តខ្នាតធំ «កំណើតអរូប» ជាវណ្ណកម្មវិធីរបស់ផលិតកម្ម Wonder Film។

ថ្វីត្បិតតែមិនមែនជាម្ចាស់ជ័យលាភីពីកម្មវិធីកម្រិតអន្តរជាតិ ប៉ុន្តែបវរកញ្ញាកូនកាត់ខ្មែរ-បារាំងរូបនេះចាប់ផ្តើមមានទីផ្សារសិល្បៈខ្ពស់នៅក្នុងស្រុក ដោយមានការងារសិល្បៈសម្ដែងជាច្រើនបានរត់មករកកញ្ញា។ នោះពីព្រោះទាំងសមត្ថភាព​ និង រូបសម្រស់ដ៏ស្រស់សោភារបស់កញ្ញា បានធ្វើឱ្យផលិតករក្នុងស្រុកជាច្រើនចាប់អារម្មណ៍មកលើរូបកញ្ញាយ៉ាងខ្លាំង។

យ៉ាងណាមិញ តាមរយៈការសម្ដែងនៅក្នុងភាពយន្ត «កំណើតអរូប» កញ្ញា ខេមា​ ម៉េតេយ៉េ ទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ផលិតករភាពយន្ត និងអ្នកគាំទ្រដែលបានទៅទស្សនាភាពយន្តនៅក្នុងរោង។ កញ្ញា ខេមា​ ម៉េតេយ៉េ បានប្រាប់អ្នកសារព័ត៌មានត្រយងថា បើទោះបីជារឿងដំបូងដែលបានបើកមុខជាតួសំខាន់ និងជាតួកូនស្រីទៀតនោះ តែធាតុពិតមិនមែនជាឧបសគ្គសម្រាប់កញ្ញាក្នុងការសម្ដែងក្នុងភាពយន្តនោះទេ។ ដោយសារកញ្ញាមានទេពកោសល្យសម្ដែងស្រាប់ ហើយកញ្ញាសម្ដែងនៅភាពយន្តនេះ គឺត្រូវនិយាយជាភាសាអង់គ្លេសផង និងជាភាសាបារាំផង។

ងាកមកវិស័យប្រកួតប្រជែងសម្រស់វិញ បើទោះបីជាមានដំណឹងលេចលឺថា កញ្ញា ខេមា​ ម៉េតេយ៉េ នឹងចេញទៅប្រកួតនៅក្នុងកម្មវិធី Miss Global Internataional 2023 ប៉ុន្តែកញ្ញាថា នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ដោយឡែកកញ្ញានឹងខិតខំពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លាជាងនេះសិន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាផងដែរ៕

Share.