សហព័ន្ធបាល់ទាត់អន្តជាតិ ដែលហៅកាត់ថា FIFA បានដាក់ពិន័យលើអតីតប្រធានសហព័ន្ធរបស់ប្រទេសប៉េរូ គឺលោក Manuel Burga Seoane ពីបទស៊ីសំណូកលុយកាក់ ដោយហាមមិនឲ្យមានសកម្មភាពទាក់ទង នឹងបាល់ទាត់ក្នុងប្រទេសប៉េរូ ពេញ១ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។

កាលពីឆ្នាំ២០១៥ អតីតប្រធានសហព័ន្ធប៉េរូ រូបនេះធ្លាប់ត្រូវបានចាប់ខ្លួន ក្រោយស៊ើបអង្កេតលើអំពើពុករលួយដោយខាងសហព័ន្ធអន្តជាតិ (FIFA)។

ក្រោយមកថ្មីៗនេះ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់អន្តជាតិ (FIFA) បានដាក់ពិន័យលើអតីតប្រធានសហព័ន្ធរបស់ប្រទេសប៉េរូ រូបនេះ ដោយហាមមិនឲ្យមានសកម្មភាពទាក់ទងនិងបាល់ទាត់ក្នុងប្រទេសប៉េរូ ពេញ១ជីវិត។

ករណីរបស់លោក Manuel Burga Seoane ក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន ១លានហ្វ្រង់ស្វ៊ីស ដែលស្មើនិង១.១០ លានដុល្លារ ផងដែរលើមាត្រានៅក្នុងក្រមសីលធម៌របស់ FIFA ទាក់​ទងពីបទស៊ីសំណូកលុយកាក់។

សូមបញ្ជាក់ថា លោក Manuel Burga Seoane ជនជាតិប៉េរូ កើតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៥៧ បច្ចុប្បន្នមានវ័យ ៦៦ឆ្នាំដោយលោកធ្លាប់ជាអតីតមេធាវី អំឡុងឆ្នាំ១៩៨៧ ក្រោយមកលោក Seoane ក៏ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសប៉េរូ ចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០១៤៕

Share.