នៅរសៀល ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ នៅអាគារវឌ្ឍនៈ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមពៀងភាពជាដៃគូឧបត្ថម្ភផ្លូវការរវាងក្រុមហ៊ុនវឌ្ឍនៈ (Vattanac Brewery) និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយ:ពេល៣ឆ្នាំ ២០២៣ ដល់ ២០២៦។ 

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន វឌ្ឍនៈ ប៊ូវើរី និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។

គោលបំណងនៃការចុះហត្ថលេខាលើកិច្ចព្រមពៀងភាពជាដៃគូឧបត្ថម្ភផ្លូវការរវាងក្រុមហ៊ុនវឌ្ឍនៈ (Vattanac Brewery) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប៊ូវើរី បានថ្លែងថា៖«គឺដើម្បីជំរុញដល់ការអភិវឌ្ឍន៍បាល់ទាត់នៅក្នុងប្រទេសកម្ពុជា ឈានទៅមុខឥតឈប់ឈរ ហើយភាពជាដៃគូនេះ នឹងនាំមកនូវភាពជោគជ័យថែមមួយកម្រិតទៀត»។

ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា៖ «នៅសល់រយៈពេល២៨ថ្ងៃទៀតតែប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រ នឹងចាប់ផ្តើម នោះគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគ្រប់វិស័យ ដូចជា ស្ថេរភាពនយោបាយសន្តិភាព និងសន្តិសុខសង្គម ភាពរីកចម្រើននៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង កីឡា»។

លោកបន្តទៀតថា៖«ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ ដៃគូឧបត្ថម្ភរបស់ក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី ក្នុងន័យរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសកម្ពុជា ដ៏ធំធេងនាពេលអនាគត»៕

Share.