សិល្បៈ​ជាតិ​៖ ដូច​បាន​ដឹង​មកហើយ​ថា​ នៅ​ក្នុង​ភាពយន្ត​ហូលីវូដ​ គឺ​មាន​ឈុត​ដែល​ប្រើ​តួ​ Stunt​ ជំនួស​តួ​អង្គ​ពិត​។​

ឈុត​មួយ​ចំនួន​នោះ​មាន​ដូច​ជា​ ឈុត​មិន​ចេញ​មុខ​ ឈុត​ប្រយុទ្ធ​គ្នា​ ឈុត​ជិះម៉ូតូ​ ឈុត​ដែល​តួ​សម្តែង​ពាក់​របាំង​មុខ​ ឬពាក់​ស្រោម​មុខ​ ឈុតមុខ​ខ្មោច​ ឈុត​ហែល​ទឹក​ ឈុតហក់​រំលង​អាគារ ​ឈុត​នៅ​ក្នុង​ឡាន​ ឈុត​ថត​ពី​លើ​យន្ត​ហោះ​ ឈុត​ថត​អាក្រាត​ពី​ក្រោយ​ ជាដើម​.. ដែល​ឈុត​ទាំង​នោះ​តួ​ពិត​មិន​អាច​សម្ដែង​បាន​ទេ។

ដូច្នោះ​ហើយ​ គឺ​គេ​ប្រើ​តួ​ Stunt​ ជំនួស​ ដើម្បី​ធានា​សុវត្ថិភាព​ឱ្យ​តួ​ និង​ ទុក​ពេល​ឱ្យ​តួ​បាន​សម្រាក​ ទន្ទេញ​ប៉ារ៉ូល​ និង​មិន​បាក់​សម្រស់​ជា​ដើម​..។​ ថ្ងៃនេះ​យើង​មក​ស្គាល់​ពី​តួ ​Stunt​ ចំនួន​ ៤​ រូប​ដែល​មាន​ឈាម​ជ័រ​ជា​កូន​ខ្មែរ​ និង​បាន​បង្ហាញ​ក្បាច់​គុន​ខ្មែរ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ​។​

1-ណុប ដារ៉ែន​

លោក ណុប ដារ៉ែន គឺជាកូនខ្មែរកាត់បារាំង​​ដែល​កំពុង​រស់នៅ​​ប្រទេស​បារាំង​និងធ្លាប់​លេច​មុខសម្ដែង​​ក្នុង​ភាពយន្ត​​ល្បីៗ​​​មួយ​ចំនួន​​ដូចជា​ “From Paris with Love” ​និង​ “Tekken Tag Tournament 2”​ ជាដើម​។ លោក​បាន​ហាក់​គុន​ខ្មែរ​ចាប់​តាំង​ពី​អាយុ​ ១៤​ ឆ្នាំ​ ហើយ​បាន​ប្រើ​ក្បាច់​គុន​ខ្មែរ​សម្ដែង​ជា​តួ​អង្គ​ឈឺ​សាច់​ជំនួស​តាមរយៈ​ភាពយន្តហូលីវូដដូចជា ​Moon Knight , John Wick: Chapter 4 ​ជាដើម​។​

2- Maurice CHAN

​លោក​ Maurice CHAN ​ជា​តារា​សម្ដែង​កូន​កាត់​ខ្មែរ​-បារាំង​ បាន​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ឬ Stunt ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយដំបូងលោក​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​ផ្សេងៗ។ ​ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ ទើប​​កូនខ្មែរមួយរូបនេះទទួលបាន​​​ឱកាស​ឱ្យថត​រឿង​ជា​តួឈឺសាច់ជំនួសជាហូរហែ​ឥត​ដាច់។ ​

រឿង​ហូលីវូដ​ដែល​រូប​លោកសម្ដែង​​ដំបូង​មាន​ចំណង​ជើង​ថា​ “Unleashed”​ ឬ​ “Danny the Dog” ​ ដែល​សម្ដែង​ជាមួយលោក​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២  និងរឿង​ “From Paris with Love (2010)”, ​”District 13 Ultimatum (2009)” ​និង​ “Lucy (2014)”។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ភាពយន្ត​បារាំង ​និង​ឥណ្ឌា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​​បាន​ចូលរួម​សម្ដែងផងដែរ។

ថ្មី​​ៗនេះ​ លោក​ក៏​បាន​ចូល​រួម​សកម្មភាព​ជា​ក្រុម​សម្ដែង​ John Wick 4 ដែល​ធ្វើ​ឱ្យ​មហាជន​ស្ញប់ស្ញែង​ពី​សមត្ថភាព​របស់​លោក​។

3-ហ្សង់ ប៉ូលី

លោក -ហ្សង់ ប៉ូលី Jean-Paul Ly គឺជាកូនខ្មែរកាត់បារាំង លោកបានសម្ដែងជាតួ Stunt ចំនួនពីរលើកឱ្យ​តួ​អង្គ​ Wong ក្នុងភាពយន្ត “Doctor Strange in the Multiverse of Madness”។ មែនទែនទៅ នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​តារា​ប្រុស​រូប​នេះ​បាន​បញ្ចេញ​ក្បាច់​គុន​នៅ​ Marvel Studios ។ លោក​ធ្លាប់​ជា​តួ​ជំនួស​នៅ​ក្នុង​រឿង « Now You See Me 2»។ លោក​ក៏ធ្លាប់​មាន​ស្នាដៃ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​រឿង​ « Jailbreak » ឬ «ការពារឧក្រិដ្ឋជន» ផងដែរ។

4-ឌី សៅ

លោក ឌី សៅ គឺជាតារាក្បាច់គុន ដែលបានបង្ហាញគុនខ្មែរដល់តារាហូលីវូដជាច្រើននាក់។ ថ្មីៗនេះ លោក​បានសម្ដែងជាតួជំនួសឱ្យអ្នកស្រី Michelle Yoeh នៅប្លង់ខ្លះៗក្នុងរឿង VERYTHING EVERYWHERE ​ALL ​AT​ ONCE​។ លោក  ឌី សៅ គឺជាកូនខ្មែរកើតលើទឹកដីកម្ពុជា បាន​ចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក តាំងមានអាយុ៣ឆ្នាំ ហើយបានចូលហ្វឹកហាត់ក្បាច់គុនតាំងពីវ័យ៧ឆ្នាំ រហូត​ជំរុញ​ឲ្យ​លោក​ជោគជ័យ​ ក្នុងខ្សែភាពយន្តហូលីវូដ មកដល់បច្ចុប្បន្ន។ លោកធ្លាប់មានស្នាដៃសម្ដែង ហនុមាន និងទទួលបានសម្តែងជាតួឯកនៅក្នុងឆ្នាំ ២០១៣ ទៀតផង។

Share.