ភ្នំពេញ ៖ ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ព័ទ្ធចាប់ខ្លួនបាន បន្ទាប់ពីប្រើអំពើរហិង្សា ចាប់ដៃជើង វាយធ្វើទារុណកម្មទៅលើបុរសជនជាតិចិនដូចគ្នាម្នាក់ទៀត បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅបុរីឈូវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឮសូរសម្លេងស្រែកយំ និងសកម្មភាពរបស់ជនជាតិចិន២នាក់ វាយទៅលើបុរសជនជាតិចិនម្នាក់ ក្នុងផ្ទះកើតហេតុ ហើយក៏បានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ សាកសួរជាក់ស្តែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅទីតាំងខាងលើ ឃើញសភាពខុសប្រក្រតី កម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធ តែត្រូវបានជនសង្ស័យជាជនជាតិចិនទាំង២នាក់ ឃើញកម្លាំងសមត្ថកិច្ច ភ័យស្លន់ស្លោ ចាក់សោទ្វារជាប់ បម្រុងរត់គេច ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ ចំណែកជនរងគ្រោះជាជនជាតិចិនម្នាក់ រងរបួសរងកាយ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកជនជាតិចិន២នាក់ សង្ស័យជាជនដៃដល់ ប្រើហឹង្សា ធ្វើទារុណកម្មលើជនរងគ្រោះ ត្រូវបានឃាត់ខ្លួន នាំទៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំសាកសួរលើជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ជុំរឿងរឿងហេតុ ដើមចម កើតជាអំពើហឹង្សាបែបនេះ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.