សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្រោមកិច្ចសហការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC បានរៀបចំព្រឹត្តិការណ៍បុរេការប្រកួតកីឡាបាល់ទាត់លើតុ រយៈពេល២ថ្ងៃ ពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តម ញ៉ាន សុខវិសាល ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរ​ជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់លើតុកម្ពុជា គូសបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់លើតុនេះ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុងស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដោយ​មាន​មេដាយ​ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ​ប៉ុន្តែ​គ្រាន់​តែ​មិន​រាប់​បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការប៉ុណ្ណោះ។

ឯកឧត្តមសង្ឃឹមថា បន្ទាប់​ពី​ស៊ីហ្គេម ២០២៣ នៅកម្ពុជា ប្រភេទកីឡាដ៏ពេញនិយមមួយនេះ នឹង​ត្រូវដាក់​បញ្ចូល​ឲ្យ​ប្រកួត​ជាផ្លូវ​ការ ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ ក៏ដូច​ជារីក​ចម្រើន​នៅ​ក្នុង​តំបន់អាស៊ានផងដែរ។ ជាមួយគ្នានេះ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តម​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំពោះប្រតិភូកីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានា ក្នុងឱកាសនេះ។

លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានឱ្យដឹងថា ការ​ប្រកួត​បាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេល២ថ្ងៃនេះ មាន៤ប្រទេសចូលរួម ដោយមាន៥ក្រុម ក្នុង​នោះ​ម្ចាស់ផ្ទះ ២ក្រុម។ លោក​បាន​លើកឡើងថា៖ «គោលបំណងចម្បងនៃបុរេប្រកួតស៊ីហ្គេមនេះ គឺ​ដើម្បី​តេស្តស​មត្ថភាពកីឡាករ កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួម​ទាំង​ការរៀបចំរបស់មន្ត្រី មុនការប្រកួតស៊ីហ្គេម ជាផ្លូវការ ចូលមកដល់នាខែឧសភា ខាងមុខ»។

អគ្គលេខាធិការរងបានបន្ថែមថា៖ «ជាការកត់សម្គាល់ សម្រាប់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីនៃបណ្តាប្រទេសចូលរួម ខ្ញុំមើលឃើញថា ថៃខ្លាំងលើប្រភេទកីឡានេះ។ បន្ទាប់មក ឥណ្ឌូ​ណេស៊ី ខណៈកម្ពុជាទើបនឹងចាប់ផ្តើមហ្វឹកហាត់ជាង១ខែនេះប៉ុណ្ណោះ ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា អាចចូលរួមប្រកួតប្រជែងបាន»។

គួរបញ្ជាក់ថា បុរេការប្រកួតនេះ មានចំនួន៥វិញ្ញាសា ដូចគ្នានឹងវិញ្ញាសាដែលត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ដែរ ដោយក្នុងនោះ មានវិញ្ញាសាឯកត្តជនបុរស-នារី គូបុរស-នារី និងចម្រុះបុរស-នារី៕

ប្រភព៖ Cambodia 2023

Share.